-
អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំបង្កើតរោងចក្រផលិតឧបករណ៍ដៃ និងគ្រឿងប្រើប្រាស់ទូទៅរបស់ក្រុមហ៊ុន ខេនវែល អិមអេហ្វូជី (ខេមបូឌា) ឯ.ក


ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំបង្កើតរោងចក្រផលិតឧបករណ៍ដៃ និងគ្រឿងប្រើប្រាស់ទូទៅរបស់ក្រុមហ៊ុន ខេនវែល អិមអេហ្វូជី (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីស្នើសុំចុះបញ្ជីជាគម្រោងជំរុញការវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។
ក្រុមហ៊ុន ខេនវែល អិមអេហ្វូជី (ខេមបូឌា) ឯ.ក មានទីតាំងនៅភូមិអូរចំណា ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ដែលបានស្មើសុំធ្វើការវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍សុវត្ថិភាពសម្រាប់ឃ្លាំង និងការដ្ឋាន ឧបករណ៍ដៃ គ្រឿងប្រើប្រាស់ទូទៅដែលមានទុនចុះបញ្ជី ១លានដុល្លាអាមេរិក ជាភាគហ៊ុនបរទេស ១០០ភាគរយ។ ក្រុមហ៊ុនមានទុនវិនិយោគ ១.៧៤២.០០០ដុល្លាអាមេរិក វិនិ យោគលើទំហំផ្ទៃដីអគារ ២.៨០០ម៉ែត្រការ៉េ ដែលបានស្មើសុំវិនិយោគមកអនុគណ:កម្មការជំរុញវិនិយោគខេត្តព្រះសីហនុ ដែលមានទុនក្រោម ៥លាន ដុល្លាអាមេរិក ។
ក្រោយពីការធ្វើការពិភាក្សាចូលរួមផ្តល់មតិ យោបល់ពីមន្ទីរ អង្គភាពពាក់ព័ន្ធរួចមក ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឪ្យមន្ត្រីជំនាញអនុវត្តតាមជំនាញបច្ចេកទេសតាមមន្ទីរសមីរៀងៗខ្លួន ១.ពិនិត្យទីតាំង និងសិក្សាវាយតម្លៃពីច្បាប់វិនិយោគ ២.ពាក់ព័ន្ធនឹងឯកសារ ស្របតាមស្តង់ដារ នៃការវិនិយោគដែលមានមន្ទីរ អង្គភាពពាក់ព័ន្ធចូលរួម ៣.ត្រូវរៀប ចំចងក្រងឯកសារ នៃការវិនិយោគនៅអនុគណ:កម្មាធិការជំរុញការវិនិយោគខេត្តព្រះសីហនុ ៤.ការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ ៥.ផ្សព្វផ្សាយឪ្យបានទូលំទូលាយ លើកទឹកចិត្តដល់អ្នកវិនិយោគិន ៦.ជំរុញគោលដៅវិនិយោគ បង្កើតជាសួនឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេស ស្របតាមស្តង់ដារ ទន្ទឹមនោះត្រូវគិតគូរចូលរួមអំពីអនាម័យ បរិស្ថាន បញ្ហាទឹក ភ្លើង ដើម្បីធានាថា ការវិនិយោគ មានផាសុខភាពសម្រាប់បុគ្គលិក និយោជិក យើងត្រូវរួមគ្នាម្ចាស់ការចាប់ពីពេលនេះតទៅ ដើម្បីជំរុញការលើកទឹកចិត្តចំពោះគម្រោងពង្រីក នៃគម្រោងវិនិយោគមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ដែលមានទុនវិនិយោគក្រោម ៥លានដុល្លាអាមេរិក សម្រាប់រាជធានី ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕


-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន លោកស្រី Paetongtarn ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ



-
រុស្ស៊ីប្រកាសជួយកូរ៉េខាងជើងដែលកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់

នៅថ្ងៃសៅរ៍ទី៣សីហា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានថ្លែងទៅកាន់ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំពី”ការគាំទ្រ” របស់ខ្លួន ចំពោះកូរ៉េខាងជើង ដែលក្នុងខែកក្កដាកន្លងទៅ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រេមឡាំង។

ក្នុងសារផ្ញើជូនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានថ្លែងជាអាទិ៍ ៖ យើងសូមចែករំលែក សោកនាដកម្ម និង ការកាន់ទុក្ខនៃប្រជាជនសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េជាមិត្ត។ “កូរ៉េជាមិត្ត អាចទុកចិត្តជានិច្ចលើជំនួយ និងការគាំទ្រ របស់យើង” -លោក ពូទីន គូសបញ្ជាក់។
តាមទីភ្នាក់ងារព័ត៏មានរដ្ឋកូរ៉េខាងជើង KCNA លោកប្រធានាធិបតីរុស្ស៊ី “ បានសំដែងឆន្ទៈខ្លួន ផ្តល់ជំនួយ មនុស្សធម៌ជាបន្ទាន់ភ្លាម ដើម្បីស្ដារកសាងឡើងវិញប្រទេសនេះ ដែលរងការខូចខាតខ្លាំង ដោយទឹកជំនន់។
ទោះបីសំដែងអំណរគុណមកកាន់លោក វ៉្លាឌីមៀរ ពូទីន ក្តី លោក គីម ជុង អ៊ុន នៅមិនទាន់ យល់ព្រម ទទួលជំនួយនេះឡើយ ដោយ ដោះសាថា “ផែនការស្ដារឡើងវិញនោះ ត្រូវបានគ្រោងទុករួចទៅហើយ។ រដ្ឋកូរ៉េខាងជើងផ្ទាល់ក៏បាន ចាត់វិធានការស្រចបាច់ក្នុងដំណាក់បច្ចុប្បន្ន “។ ប៉ុន្តែ “ បើជំនួយណាមួយស្រាប់តែត្រូវការ ជាចាំបាច់នៅពេលក្រោយ នោះលោក គីម ជុងអ៊ុន នឹងធ្វើសំណូមពរទៅកាន់មិត្តដ៏ស្និទ្ធ នៅម៉ូស្គូ “ នេះបើតាមទីភ្នាក់ងារ KCNA។
មុននេះមួយថ្ងៃ មេដឹកនាំកូរ៉េខាងជើងបានទាត់ចោល “ ពាក្យចចាមអារ៉ាមក្លែងបន្លំ” ព័ត៌មានផ្សព្វផ្សាយនៅ កូរ៉េខាងត្បូងដែលថា ទឹកជំនន់នៅកូរ៉េខាងជើង តាមបណ្តោយជាប់នឹងព្រំដែនចិន បានត្របាក់ជីវិត មនុស្ស រហូតដល់ ១.៥០០ នាក់។ លោក គីម បានអះអាងថា ក្នុងគ្រោះទឹកជំនន់នោះ គ្មាននរណាម្នាក់ ធ្លាក់ខ្លួន ស្លាប់ឡើយ រីឯ អ្នកស្រុកដល់ទៅ ៥.០០០ នាក់ ត្រូវបានជម្លៀស ទៅទទួលជម្រកនៅលើដីគោក។
រដ្ឋាភិបាលកូរ៉េខាងត្បូង ថ្ងៃព្រហស្បតិ៍ក៏បានស្នើផ្តល់ជំនួយដែរ ប៉ុន្តែ ក្រុង ព្យុងយ៉ាង ដែលតាំងពីខែមេសា ឆ្នាំ ២០២៣ មក មិនព្រមឆ្លើយតបសោះនឹង សេចក្តីអំពាវនាវរបស់ក្រុង សេអ៊ូល ស្តីពី ខ្សែទំនាក់ទំនងរវាង កូរ៉េទាំងពីរ បានធ្វើថ្លង់ធ្វើខ្វាក់ ចំពោះជំនួយនេះ។
ក្នុងខែកក្កដា កូរ៉េខាងជើង បានរងភ្លៀងធ្លាក់សែនខ្លាំងមិនធ្លាប់មាន គឺ ដូចទឹកជ្រោះ។ នៅតំបន់និរតី នៃ ប្រទេស ដូចជាក្រុង កេសុង កត់ត្រាឃើញភ្លៀងធ្លាក់ដល់ ៤៦៣ មីលីម៉ែត្រ តែក្នុងមួយថ្ងៃ ហេតុដែលតាម ឧតុនិយមកូរ៉េខាងត្បូង ជាកម្រិតខ្ពស់បំផុត បើគិតក្នុង ២៩ ឆ្នាំ ចុងក្រោយ។
ម៉ូស្គូ និង ព្យុងយ៉ាង ជាសម្ព័ន្ធមិត្តនឹងគ្នា តាំងពីសង្គ្រាមនៅកូរ៉េ (ពីឆ្នាំ ១៩៥០ ដល់ ១៩៥៣) បានចប់ទៅ។ ក្រោយពីរុស្ស៊ីបញ្ឆេះប្រតិបត្តិការយោធាពិសេស នៅអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ ២០២២ ប្រទេសសម្ព័ន្ធមិត្តទាំងពីរ រឹតតែខិតចូល ជិតគ្នា។
កាលពីខែមិថុនា លោកវ៉្លាឌីមៀរ ពូទីន ត្រូវបានស្វាគមទទួលសែនអធិកអធម ដោយ លោក គីម ជុងអ៊ុន នៅក្រុង ព្យុងយ៉ាង ។ ជាលទ្ធផលនៃជំនួបកំពូលនោះ រដ្ឋបុសទាំងពីរបានចុះកិច្ចព្រមព្រៀងស្តីពី ការការពារ ប្រទេស ទៅវិញទៅមក៕
ជាការកត់សម្គាល់ កូរ៉េខាងជើង ងាយរងណាស់ គ្រោះមហន្តរាយធម្មជាតិ ជាអាទិ៍ ទឹកជំនន់ និង ភាពរាំង ស្ងួត ដោយមកពីកង្វះរ៉ាំរ៉ៃនៃហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងមកពី ការកាប់បំផ្លាញព្រៃឈើគ្មានប្រណី ៕
-
អ៊ុញនោះ ក្រុមប្រឆាំងក្រៅប្រទេស ខំរិះរកគំនិតបំផុសបំផុសអោយពលរដ្ឋប្រឆាំងនឹងរាជរដ្ឋាភិបាលកាន់តែខ្លាំង សមាជិកអតីតបក្សប្រឆាំង កាន់តែសម្រុកចូលគណបក្សប្រជាជន កាន់តែច្រើនឡើងៗ….


មួយរយៈនេះកាន់តែវិលមុខហើយសម្រាប់ក្រុមប្រឆាំងផ្កាប់មុខ គ្មានគិតប្រយោជន៍ជាតិនៅក្រៅប្រទេស ដែលត្រូវបានគេឃើញថា ក្រុមប្រឆាំងជ្រុលនិយមទាំងអស់នោះកាន់តែស្រែករិះគន់ និងបំផុសអោយពលរដ្ឋប្រឆាំងរដ្ឋាភិបាល ប៉ុន្តែសមាជិករបស់ខ្លួនកាន់តែផ្តាច់ខ្លួននិងស្នើសុំចូលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។
ថ្មីៗនេះ គេអង្កេតឃើញថា ប្រជាពលរដ្ឋដែលជាអតីតៈសមាជិកគណបក្សប្រឆាំងកំពុងបានសម្រុកចូលរួមជីវៈភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ស្ទើទាំងស្រុងទៅហើយ។ ព្រោះប្រជាពលរដ្ឋបច្ចុប្បន្នសម័យទំនើបបែបឌីជីថល បានឃើញ និងដឹងយ៉ាងច្បាស់ថា តើអ្នកណាជាអ្នកស្នេហាជាតិ និងស្នេហាប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។
ការចាកចេញពីក្រុមប្រឆាំងក្រៅប្រទេស ហើយចូលរួមជីវភាពគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់អំពីកំសោយរបស់ក្រុមប្រឆាំងច្រុលនិយមទាំងអស់នោះ ហើយបានដឹងយ៉ាងច្បាស់ថា តើគណបក្សណាធ្វើដើម្បីពលរដ្ឋ និងប្រទេសជាតិយ៉ាងពិតប្រាកដ។
ជាក់ស្តែងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤នេះ សមាជិកអតីតៈគណបក្សប្រឆាំងចំនួន៣ ជាង៤០រូប បានផ្តាច់ខ្លួនចេញពីក្រុមប្រឆាំង និងស្នើសុំចូលរួមជីវភាពនយោយបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ហែម ប្រសើរ ទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាជំនួយការផ្ទាល់របស់សម្តេចអគ្គមហាបវរធិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទទួលស្វាគមន៍អតីតៈសមាជិកអតីតៈគណបក្សប្រឆាំងសង្គ្រោះជាតិ គណបក្សភ្លើងទៀន និងគណបក្សហ៊ុនស៊ិនប៊ិច ទាំងជាង៤០រូបនេះ។

លោក ហែម ប្រសើរ បានធ្វើការស្វាគមន៍សម្រាប់ប្រជាពលរដ្ឋទាំងជាង៤០រូបនេះយ៉ាងកក់ក្តៅ លោក ហែម ប្រសើរ បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើសួរសុខទុក្ខដល់ពលរដ្ឋទាំងជាង៤០រូបជាងនេះផងដែរ។
លោក ហែម ប្រសើរ បានមានប្រសាសន៍បន្ថែមថា ប្រទេសកម្ពុជា ជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស មានគណបក្សនយោបាយច្រើន ធ្វើការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ។ ទោះយ៉ាងសូមស្វាគមន៍សម្រាប់ពុកម៉ែប្អូនទាំងជាង៤០ជាងនេះ ដែលបានគិតត្រូវធ្វើត្រូវ នឹងវិលចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីទៅកាន់ការអភិវឌ្ឍន៍រីកចំរើននាពេលខាងមុខ។

លោក ហែម ប្រសើរ ជាមួយគ្នានេះ ឯកឧត្តម ហែម ប្រសើរ ជាមួយនិងពលរដ្ឋបានរួមគ្នាស្រែកជ័យឃោសប្តេជ្ញាគាំទ្រសារពិសេសរបស់សម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍ និងការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ព្រមទាំងធ្វើការថ្កោលទោសដាច់ខាតដល់ជនណាដែលចោទប្រកាន់ទៅរាជរដ្ឋាភិបាលថា បានកាត់ដីចំនួន៤ខេត្តទៅអោយបរទេស៕



-
លោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ដឹកនាំក្រុមការងា សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៍ ចុះចែកអំណោយជូនពលរដ្ឋរងគ្រោះ គ្រោះថ្នាកចរាចរណ៍ វះកាត់ខួរក្បាលម្នាក់ និងស្លាប់ម្នាក់នៅខេត្តកំពង់ឆ្នាំង………



សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានរៀបចំកម្មវិធីចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ និងជាប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងលោក ហួន ច័ន្ទថុន អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា បានដឹកនាំថ្នាក់ដឹកនាំ និងក្រុមការងារសមាជិក នៃសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ និងមានការអមដំណើរចូលរួមដោយ សហព័ន្ធសហជីពយុវជនបញ្ញវន្ត, សមាគមសហព័ន្ធបណ្តាព័ត៌មានកម្ពុជា និងសមាគមព័ត៌មានមិត្តក្រោមមេឃ ដែលជាសមាជិក នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល អញ្ជើញយកអំណោយចុះចែកជូនដល់គ្រួសាររងគ្រោះថ្នាក់ចរាចរណ៍ ចំនួន ២ គ្រួសារ ស្ថិតនៅភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

នាព្រឹកថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដែលបានចូលរួមពី សហព័ន្ធសហជីពយុវជនបញ្ញវន្ត សមាគមសារព័ត៌មានមិត្តក្រោមមេឃ និងសមាគមសហព័ន្ធបណ្តាញព័ត៌មានកម្ពុជា ស្ថិតនៅភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេតកំពុងឆ្នាំង។

លោក ពុំ ធី អនុប្រធាន សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានអោយដឹងក្នុងកិច្ចសម្ភាសន៍ថា÷

សកម្មភាពមនុស្សធម៌ ជួយគ្នាក្នុងគ្រាមានអាសន្ននេះ ដឹកនាំដោយ លោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងក្រុមការងារ សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៍ ចុះចែកអំណោយពលរដ្ឋរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ វះកាត់ខួរក្បាលម្នាក់ និងស្លាប់ម្នាក់ នៅខេត្តកំពុងឆ្នាំង

ស្តាប់ប្រសាសន៍លោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ពេលចុះសួរសុកទុក្ខពលរដ្ឋ និងការសំណូមពរទៅក្រុមហ៊ុនបង្ក ព្រមទាំងសមត្ថកិច្ចទាំងស្រុង..
-
ក្រសួងមហាផ្ទៃច្រានចោលព័ត៌មានស្វែងរកឃើញបំណែកឧទ្ធម្ភាគចក្រ ដែលបាត់ខ្លួន

នាយឧត្តមសេនីយ៍ ឈុំ សុជាតអ្នកនាំពាក្យក្រសួងការពារជាតិ បានច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួន ដែលលើកឡើងថា បំណែកឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹងនៅជួរភ្នំក្រវ៉ាញ់ ត្រូវបានរកឃើញ។
សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿង ត្រូវបានបាត់ដំណឹង នៅតំបន់ភ្នំជួរក្រវាញ រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈកំពុងហ្វឹកហ្វឺន។
បើតាម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា, ក្នុងឧទ្ធម្ភាគចក្រនេះ មានមនុស្ស២នាក់ គឺអ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់៕

តាមរយៈបណ្តាញសង្គមផ្លូវការ លោក ឈុំ សុជាត បានអះអាងថា៖ «រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ មិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវ៉ាញនៅឡើយទេ ខណៈអង្គភាពពាក់ព័ន្ធកំពុងរុករកយ៉ាងយកចិត្តទុកដាក់បំផុត»។
លោកបានបញ្ជាក់ថា ការផ្សព្វផ្សាយតាមបណ្តាញសង្គមទាំងនោះ គឺជាដំណឹងក្លែងក្លាយប៉ុណ្ណោះ ហើយលោកបានស្នើដល់សាធារណជន កុំមានការភាន់ច្រលំ ៕
-
លោក ទៀ សីហា៖ មានមនុស្ស២នាក់ប៉ុណ្ណោះដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ១គ្រឿង

ប្រមុខការពារជាតិកម្ពុជា អះអាងនៅថ្ងៃអាទិត្យនេះថា ជនរងគ្រោះដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ១គ្រឿង ក្នុងពេលហ្វឺកហ្វឺន គឺមានចំនួនតែ២នាក់ប៉ុណ្ណោះ មិនមែនចំនួន៧នាក់ដូចការផ្សព្វផ្សាយមួយចំនួននោះទេ។ ការចេញមុខបញ្ជាក់យ៉ាងដូច្នេះរបស់ លោក ទៀ សីហា ធ្វើឡើង នៅគ្រាដែលការបាត់ខ្លួនឧទ្ធម្ភាគចក្រយោធា ១គ្រឿងនេះ នៅមិនទាន់រកឃើញនៅឡើយ។
នៅក្នុងពិធីរំឭកខួបលើកទី៣១ឆ្នាំ ការបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៤ខែកក្កដានេះ នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា មានតែអ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់ ប៉ុណ្ណោះដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ១គ្រឿង កាលពីថ្ងៃទី១២ ខែកក្កដា។
បើតាមប្រមុខការពារជាតិ ការបាត់ទំនាក់ទំនងជាមួយឧទ្ធម្ភាគចក្រ ១គ្រឿង ដែលមានទិសដៅពីភ្នំពេញ ឆ្ពោះទៅថ្មដា និង ពីថ្មដា ឆ្ពោះពោធិ៍សាត់ និងពីខេត្តពោធិ៍សាត់ ត្រឡប់មកភ្នំពេញវិញនោះ ដោយសារអាកាសធាតុ មិនអំណោយផល។
លោក ទៀ សីហា អះអាងទៀតថា ឧទ្ធម្ភាគចក្រ របស់កងទ័ពអាកាសកម្ពុជា គឺតែងតែចេញហោះហើរជារៀងរាល់ថ្ងៃ ដើម្បីហ្វឹកហ្វឺន ជាពិសេសដើម្បីពិនិត្យមើលបច្ចេកទេស និងឧបរកណ៍ដែលធ្វើទំនើបកម្មលើវិស័យកងទ័ពអាកាស ដោយពេលខ្លះ ហោះហើរក្នុងរយៈចម្ងាយខ្លី និងពេលខ្លះហោះហើររយៈចម្ងាយឆ្ងាយ។
បើតាមក្រសួងការពារជាតិ ក្រុមការងារកងទ័ពជើងគោក និងជើងអាកាសមកពីបណ្តាកងឯកភាពពាក់ព័ន្ធកំពុងស្វះស្វែងរុករកឧទ្ធម្ភាគចក្រ ១គ្រឿង ប្រភេទ Z-9 ដែលបាត់ចេញពីរាដា ដែលទំនងជាធ្លាក់នៅតំបន់ភ្នំជួរក្រវាញ ក្នុងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា៕

-
មនុស្ស ២នាក់ស្លាប់ក្នុងករណីផ្ទុះអាវុធនៅក្នុងបុរី១កន្លែងនៅខណ្ឌច្បារអំពៅ


ករណីផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងបុរីបឹងស្នោរនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ មិថុនា បានបណ្ដាលឲ្យមនុស្សចំនួន ២នាក់បាត់បង់ជីវិត និងមនុស្សម្នាក់ទៀតរងរបួសធ្ងន់។ ក្នុងនោះជនរងគ្រោះជាបុរសម្នាក់ បានបាត់បង់ជីវិតភ្លាមៗ នៅក្នុងផ្ទះរបស់ខ្លួននៅទីតាំងកន្លែងកើតហេតុ ខណៈពេលខ្មាន់កាំភ្លើងចូលបាញ់ដល់ក្នុងផ្ទះ និងជនរងគ្រោះជាគូដណ្ដឹងបានបាត់បង់ជីវិត នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។
ជនរងគ្រោះម្នាក់ ប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា ហេតុការណ៍ផ្ទុះអាវុធជាច្រើនគ្រាប់នេះ គឺបណ្ដាលមកពីទំនាស់អ្នកជិតខាង និងការប្រើប្រាស់ស្នួលហាលខោអាវ នៅក្នុងបុរីដដែលនោះ។
អធិការនគរបាលខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត ប្រាប់វិទ្យុអាស៊ីសេរីនៅល្ងាចថ្ងៃទី១៧ ខែមិថុនាថា អាជ្ញាធរបានកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនជនសង្ស័យនៅក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល។ ចំណែកឯព័ត៌មានលម្អិតក្នុងករណីនេះ លោកនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។
តាមសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល ហ្វ្រេសញ័រ (FreshNews) ឲ្យដឹងថា អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើង មានឈ្មោះថា ស្រី ស៊ីណា អាយុ ៥០ឆ្នាំ និងជនសង្ស័យចំនួន ២នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធនៅក្នុងខណ្ឌច្បារអំពៅ។
ជនសង្ស័យជាខ្មាន់កាំភ្លើងខាងលើនេះ មានគោរមងារជា ឧកញ៉ា មានបន្ទប់ជួលរាប់រយបន្ទប់ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
-
លោកពូទីនទៅធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងក្រោមក្រសែភ្នែកភ័យព្រួយរបស់លោកខាងលិច

ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀត្រូវធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ២ថ្ងៃ នៅប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារទី១៨មិថុនា និងថ្ងៃពុធស្អែក។ ប៉ុន្តែ មុនធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង នៅថ្ងៃអង្គារនេះ មេដឹកនាំរុស្ស៊ី លោកពូទីនបាននិយាយកោតសរសើរកូរ៉េខាងជើងដែលបង្ហាញជំហរម៉ឺងម៉ាត់ គាំទ្រប្រតិបត្តិការយោធាពិសេសររបស់រុស្ស៊ីនៅអ៊ុយក្រែន។ នៅក្នុងលិខិតរបស់លោកពូទីន ដែលកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun ចុះផ្សាយនៅថ្ងៃអង្គារនេះ លោកពូទីននៅបានសន្យាបង្កើតយន្តការពិសេស ដើម្បីធ្វើការដោះដូរពាណិជ្ជកម្មនិងប្រព័ន្ធសន្តិសុខជាមួយកូរ៉េខាងជើង ដោយមិនឲ្យជាប់សំណាញ់ត្រួតពិនិត្យរបស់ប្រទេសលោកខាងលិច។ វត្តមានរបស់ប្រធានាធិបតីរុស្ស៊ី នៅប្រទេសកូរ៉េខាងជើងដែលទើបក្លាយជាមហាអំណាចនុយក្លេអ៊ែរបានធ្វើឲ្យលោកខាងលិច ជាពិសេសអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ ភ័យព្រួយបារម្ភ។

យន្តហោះដឹកលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីនបានចុះចតនៅទីក្រុងYakutsk នៅថ្ងៃអង្គារទី ១៨មិថុនានេះ មុននឹងបន្តដំណើរទៅទីក្រុងព្យុងយ៉ាង ជាទីដែលលោកពូទីន បំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅថ្ងៃអង្គារ និងថ្ងៃពុធទី ១៩មិថុនា ទៅតាមការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង។
ប៉ុន្តែ នៅមុនទៅដល់កូរ៉េខាងជើងទៅទៀត ប្រមុខរដ្ឋរុស្ស៊ីបានបន្លឺពាក្យកោតសរសើរទំនាក់ទំនងល្អប្រសើរជាង ៧ទសវត្សរ៍ រវាងប្រទេសទាំងពីរ។ ដោយធានាប្រាប់ព្យុងយ៉ាង ពីការគាំទ្រដោយឥតងាករេរបស់រុស្ស៊ីចំពោះកូរ៉េខាងជើង លោកពូទីនបាននិយាយសន្យាថា នឹងបង្កើតយន្តការថ្មីដែលនឹងអនុញ្ញាតឲ្យកូរ៉េខាងជើង និងរុស្ស៊ីអាចដោះដូរពាណិជ្ជកម្ម និងអនុវត្តកិច្ចព្រមព្រៀងស្តីពីសន្តិសុខរវាងប្រទេសទាំងពីរ ដោយមិនឲ្យជាប់សំណាញ់ត្រួតពិនិត្យ និងទណ្ឌកម្មអយុត្តិធម៌របស់លោកខាងលិច។
នៅក្នុងលិខិតផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងជើង ដែលកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun ចុះផ្សាយនៅថ្ងៃអង្គារទី ១៨មិថុនា លោកពូទីននៅបានថ្លែងអំណរគុណកូរ៉េខាងជើងដែលបង្ហាញជំហរគាំទ្រប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន។ ជាការតបស្នងវិញ លោកពូទីនបញ្ជាក់ថា មិនថា នៅអតីតកាល និងនៅថ្ងៃអនាគត រុស្ស៊ីគាំទ្រកូរ៉េខាងជើង និងប្រជាជនរបស់ប្រទេសនេះ នៅចំពោះមុខសត្រូវដ៏គ្រោះថ្នាក់ ប្រកបដោយល្បិចកល និងរំលោភឈ្លានពាន។
ដៃគូយុទ្ធសាស្រ្ត
នៅមុនលោកពូទីនផ្តើមទស្សនកិច្ចនៅកូរ៉េខាងជើង លោក គីម ជុងអ៊ុនកាលពីថ្ងៃពុធសប្តាហ៍មុនក៏បានអួត លើកតម្កើងទំនាក់ទំនងបងប្អូនរួមអាវុធ កូរ៉េខាងជើង រុស្ស៊ី ដែលចាប់មានតាំងពីសម័យសហភាពសូវៀត។
ទស្សនកិច្ចរបស់ប្រមុខរដ្ឋរុស្ស៊ី លោកពូទីននៅកូរ៉េខាងជើងធ្វើឡើងនៅ៩ខែក្រោយ ដែលមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនបានធ្វើដំណើរទៅទស្សនាមូលដ្ឋានអវកាសរុស្ស៊ី Vostotchny នៅក្នុងគោលបំណងចង់បានជំនួយបច្ចេកវិទ្យាពីរុស្ស៊ីដើម្បីផលិតអភិវឌ្ឍម៊ីស៊ីល និងផ្កាយរណបចារកម្មរបស់កូរ៉េខាងជើង។
នៅក្នុងរយៈពេល២៤ឆ្នាំចុងក្រោយ នេះជាលើកទី២ ដែលលោកពូទីនធ្វើដំណើរទៅប្រទេសកូរ៉េខាងជើង។ នៅពេលចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីជាលើកដំបូង លោកពូទីន ធ្លាប់ទស្សនកិច្ចលើកទី១ នៅព្យុងយ៉ាង នៅឆ្នាំ ២០០០ និងទទួលបានការរាក់ទាក់ពីអគ្គមគ្គុទេសក៍កូរ៉េខាងជើង លោកគីម ជុងអ៊ីល ដែលជាឪពុករបស់លោកគីម ជុងអ៊ុន។
បន្ថែមពីលើការពង្រឹងមិត្តភាពក្នុងកាលៈទេសៈដែលប្រទេសទាំងពីរដែលជាប់ទណ្ឌកម្មច្រើនជាងគេបំផុតក្នុងលោក កូរ៉េខាងជើង និង រុស្ស៊ីនៅត្រូវការគ្នាទៅវិញ ទៅមក នៅក្នុងការផ្គត់ផ្គង់ និងធានាសន្តិសុខ។
បើតាមលោក Sergei Markov មនុស្សជំនិតរបស់លោកពូទីន រុស្ស៊ីត្រូវការសព្វាវុធបន្ថែមពីកូរ៉េខាងជើង ពលករ ព្រមទាំងអ្នកស្ម័គ្រចិត្តកូរ៉េខាងជើងនៅក្នុងសមរភូមិប្រយុទ្ធអ៊ុយក្រែន។ ពីចំណែករបស់កូរ៉េខាងជើង ព្យុងយ៉ាងចង់បានផលិតផលរបស់រុស្ស៊ី ស្បៀងអាហារ និងជំនួយបច្ចេកវិទ្យារបស់រុស្ស៊ីសម្រាប់គោលដៅយោធា ដូចជាកម្មវិធីផលិតមីស៊ីលចម្ងាយឆ្ងាយ ដែលគេជឿថា កូរ៉េខាងជើងត្រូវការចាំបាច់ដើម្បីអាចវាយប្រហារដល់ដីអាមេរិក។
ប្រទេសនៅក្នុងតំបន់ ដូចជាកូរ៉េខាងត្បូង ជប៉ុន និងក្រុមប្រទេសលោកខាងលិចបានតាមដានទស្សនកិច្ចរបស់លោកពូទីន នៅកូរ៉េខាងជើង និងចាត់ទុកការពង្រឹងសម្ព័ន្ធភាព រុស្ស៊ី កូរ៉េខាងជើងថា ជាការគំរាមកំហែង និងគ្រោះថ្នាក់។
ចំពោះអគ្គលេខាធិការអង្គការអូតង់ ទស្សនកិច្ចរបស់លោកពូទីននៅកូរ៉េខាងជើងស្តែងឲ្យឃើញថា រុស្ស៊ីដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ បានរំលោភសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាដែលចែងពីការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។ នៅខែមីនាកន្លងទៅ លោកពូទីនបានផ្តល់អំណោយដល់មេដឹកនាំកូរ៉េខាងជើង តាមរយៈការលើកដៃវេតូប្រឆាំងនឹងគម្រោងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការពន្យារបេសកកម្មរបស់គណៈកម្មាធិការការអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើង។
អឺរ៉ុបផ្ទាល់ដែលឃើញ ភ្លើងសង្រ្គាមរុស្ស៊ីឈ្លានពាននៅជាប់មាត់របងរបស់ខ្លួន កាន់តែព្រួយបារម្ភដែលឃើញរុស្ស៊ីបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយ កូរ៉េខាងជើង ដែលអឺរ៉ុបបានចោទប្រកាន់ថា បានបញ្ចេញអាវុធគ្រាប់ផ្ទុះ គ្រាប់ប្លោងរាប់លានគ្រាប់ ពីក្នុងឃ្លាំងរបស់ខ្លួនដើម្បីបញ្ជូនទៅឲ្យរុស្ស៊ីយកទៅវាយប្រហារអ៊ុយក្រែន។ នៅសប្តាហ៍មុន មន្ទីបញ្ចកោនបានចោទប្រកាន់រុស្ស៊ីថា បានប្រើមីស៊ីលបាលីស្ទិកកូរ៉េខាងជើង ក្នុងសង្រ្គាមអ៊ុយក្រែន។
នៅសេតវិមាន អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ លោកJohn Kirby និយាយថា គេដឹងរួចទៅហើយថា នៅក្នុងទំនាក់ទំនងស្អិតល្មួតជាមួយកូរ៉េខាងជើង រុស្ស៊ីបានទទួលគ្រាប់ សព្វាវុធដើម្បីធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។ ប៉ុន្តែ អ្វីដែលធ្វើឲ្យគេរឹតតែព្រួយបារម្ភ គឺការខិតចូលជិតគ្នារវាងកូរ៉េខាងជើង និងរុស្ស៊ីនៅក្នុងការផ្ទេរបច្ចេកវិទ្យា និងការសហការសន្តិសុខរវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរនឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៅឧបទ្វីបកូរ៉េ និងក្នុងតំបន់៕
-
យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នឹងចាប់ផ្តើមជាផ្លូវការ ចាប់ពីថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៤តទៅ


បន្ទាប់ពីការសាកល្បង «យុទ្ធនាការកម្ពុជាស្អាត» នៅឃុំព្រះធាតុ ឃុំមៀន និងឃុំដទៃទៀត ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានជោគជ័យហើយនោះ ក្រសួងបរិស្ថាននឹងប្រកាសចាប់ផ្តើមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាផ្លូវការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាយុទ្ធនាការបន្ត ថ្មីមួយទៀត ហើយដើរទន្ទឹមគ្នាជាមួយយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលត្រូវបានដាក់ ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស និងប្រជាជនជាង ៨លាន អង្គ/នាក់ នៅទូទាំងប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នេះ បានបង្ហាញយ៉ាងច្បាស់ពី កម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាង ការបោះចោលទៅក្នុងទីសាធារណៈហើយ។
សូមបញ្ជាក់ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការសុំឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ការទុកដាក់សំរាម ក៏ជាផ្នែកមួយនៃការស្តែងឡើង នូវអាកប្បកិយា និងឥរិយាបទ មានន័យថា ពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែលបាននិងកំពុងប្រព្រឹត្តនៅក្នុងសង្គម។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងគាំទ្រឱ្យដល់ចលនាសម្អាតបរិស្ថាន តាមរយៈយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ឱ្យបានផុសផុលនៅតាមមូលដ្ឋានបន្ថែមទៀត ជារៀងរាល់សប្តាហ៍ ក្នុងការជំរុញការលើកកម្ពស់អនាម័យបរិស្ថាន សោភ័ណភាពរបស់មូលដ្ឋាន និងដើម្បីកម្ពុជាស្អាត ស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលប់បំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគត។
សូមបញ្ជាក់ថា អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងផ្អែកលើមូលដ្ឋានច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣- ២០២៨» ដែលផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង៕







