
វិទ្យុជាតិកម្ពុជា លោក អេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤
MC. ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តសៀមរាប ក្រសួងព័ត៌មានបានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មានក្នុងខេត្ត សំដៅបង្កើនការយកចិត្តទុកដាក់គោរពឱ្យបានត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប រួមជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកសារព័ត៌មានសរុបជិត២០០នាក់ ។
មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា នេះជាលើកដំបូងបំផុតដែលក្រសួងព័ត៌មាន បានយកគោលដៅខេត្តសៀមរាប ធ្វើជាកន្លែងផ្សព្វផ្សាយក្រមវិជ្ជាជីវៈសារព័ត៌មាននេះ។ ឯកឧត្តម ថា កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មាន បានដាក់ឱ្យប្រើប្រាស់នូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះរបស់ក្រមសីលធម៌សារព័ត៌មាន។ ឯកឧត្តមថា ក្នុងសម័យបដិវត្តឧស្សាហកម្ម៤.០ វិស័យព័ត៌មានកាន់តែមានភាពទំនើប ហើយមនុស្សគ្រប់រូបក៏សុទ្ធតែជាអ្នកព័ត៌មានផងដែរ ។ ប៉ុន្តែសម្រាប់អ្នកសារព័ត៌មានអាជីព ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះការពារខ្លួនយើងឱ្យមានកិត្តិយស មានសេចក្តីថ្លៃថ្នូ ។ ដូច្នេះការគោរពបាននូវក្រមវិជ្ជាជីវៈនេះ គឺជាការផ្តល់តម្លៃដល់អាជីពរបស់យើង។
ជាមួយនឹងការគោរពនូវធម្មនុញ្ញវិជ្ជាជីវៈនេះឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត និងមានប្រភពច្បាស់លាស់ ចៀសវាងចំពោះការផ្សាយព័ត៌មានទាំងឡាយណាដែលមិនច្បាស់លាស់ ដែលអាចនាំឱ្យបង្កជាចលាចលសង្គម។ អីចឹងហើយបាននៅក្នុងសម័យឧស្សាហកម្ម៤.០នេះមនុស្សម្នាក់គឺជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយមួយយ៉ាងតិច ហេតុអីបានអីចឹងព្រោះឥឡូវនេះ មានបណ្តាញសង្គម បើនៅកម្ពុជាពេញនិយមFacenook ប៉ុន្តែម្នាក់ហ្នឹងមិនប្រើតែហ្វេសប៊ុកមួយទេណា You tube Instagram Telegram Vber Vchat គ្រប់បែបគ្រប់យ៉ាងអីចឹងហើយបានខ្ញុំប្រើពាក្យថាយុគសម័យឧស្សាហកម្ម៤.០ប្រជាជនរបស់យើងនិយាយជារួមនៅលើពិភពលោក និយាយដោយឡែកនៅកម្ពុជា មានប្រព័ន្ធផ្សព្វផ្សាយមួយក្នុងដៃយ៉ាងតិច អីចឹងធម្មតាតែកាលណាមានរបស់ប្រើប្រាស់ត្រូវតែមានច្បាប់ទម្លាប់។
រាជរដ្ឋាភិបាល ជាពិសេសក្រសួងព័ត៌មាន ក៏ដូចជារដ្ឋបាលខេត្ត បានខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការផ្សព្វផ្សាយពីការអភិវឌ្ឍ និងផលិតផលទេសចរណ៍នៅក្នុងខេត្ត តាមគ្រប់រូបភាព លើសពីនោះ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកសារព័ត៌មាន សូមចូលរួមផ្សព្វផ្សាយដំណឹងល្អៗក្នុងខេត្តទាំងអស់នោះ ដើម្បីជាការទាក់ទាញទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ក៏បានសម្តែងនូវការកោតសរសើចំពោះ មន្ទីរព័ត៌មានខេត្តក៏ដូចជាអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ដែលកន្លងមកតែងបានធ្វើការផ្សព្វផ្សាយនូវព័ត៌មាន ដែលមានខ្លឹមសារល្អៗ ក៏ដូចជាបានជួយផ្សព្វផ្សាយអំពីឆ្នាំទស្សនាសៀមរាប ២០២៤ ដើម្បីទាក់ទាញទេសចរឱ្យមកកម្សាន្ត៕






