-
បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ចំនួន៤នាក់ នៅឃុំសំពងជ័យ និងឃុំស្ដើងជ័យ ស្រុកជើងព្រៃ សុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា


(កំពង់ចាម)៖ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ចំនួន៤នាក់ នៅឃុំសំពងជ័យ និងឃុំស្ដៀងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើសម្តេចតេជោ សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ពួកគេបានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថា សកម្មភាពនយោបាយរបស់បក្សប្រឆាំងមិនបានជួយអ្វីដល់ជាតិនោះឡើយ។
ទន្ទឹមនឹងការប្រកាសបញ្ឈប់ទំនាក់ទំនងជាមួយបក្សប្រឆាំងហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាផងដែរ។
ពេលនេះពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
ពួកគេបានមើលឃើញទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឲ្យរុងរឿង៕




-
សម្រស់សួនសុបិន្ត កោះច្រែង និងក្លាយជាគោលដៅទេសចណ៍ថ្មី សម្រាប់ខេត្តក្រចេះ


ខេត្តក្រចេះ ៖ សម្រស់សួនសុបិន កោះច្រែង បានត្រៀមខ្លួនជាស្រេច នាឱកាសចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ក្រោមការរៀបចំក្បូរក្បាច់រចនាអបដោយផ្កាចម្រុះពណ៌រីកស្គុះស្គាយ។ តំបន់ទេសចរណ៍ថ្មីនេះ ឈ្មោះ សួនសុបិន្ត កោះច្រែងមានទីតាំង ស្ថិតក្នុងឃុំកោះច្រែង ស្រុកចិត្តបុរី ខេត្តក្រចេះ ដែលគេរំពឹងថា និងក្លាយគោលដៅទេសចណ៍ថ្មីមួយ អាចទាក់ទាញអ្នកទេសរណ៍ជាតិ និងអន្តរជាតិ ចូលលេងខេត្តក្រចេះកាន់តែច្រើន ។
ម្ចាស់សួនសុបិន្ត កោះច្រែង លោកស្រី សាន ថានី បានរៀបរាប់ថា ផ្តើមចេញពីអាជីវកម្ម ផែនការបែបគ្រួសារ និងការស្រលាញ់បរិស្ថាន និងគ្រួសារ លោកស្រីក៏បានរៀបចំជាហាងកាហ្វេ និងសួនកំសាន្ដនេះឡើង ក្នុងដើមឆ្នាំ២០២៥ ដើម្បីបម្រើសេវ៉ាកម្មម្ហូបអាហារ ជាមួយនឹងកាហ្វេដ៏ឈ្ងុយឆ្ងាញ់ អមទៅដោយសួនផ្កាចម្រុះពណ៍, ស្ពានឆ្លងវាងស្រែមានរាងពស់, និងកន្លែងថតរូបស្អាតៗ វាលស្រែចម្ការបៃតងលឿងតាមរដូវកាល ។
ស្រី្តរូបនេះ បានរៀបរាប់បន្ថែមថា ថ្មីៗនេះលោកស្រីបានរៀបចំជាអាហារដ្ឋានលើទឹក ស្ពានឆ្លងទឹក, កញ្ជុះលើទឹក, អ្នកទេសចរណ៍មកកំសាន្ដ អាចញាំអាហារគយគន់សម្រស់ធម្មជាតិ ជាមួយឆ្នេខ្សាច់សក្បោះ និងទឹកទន្លេថ្លាយ៉ុងនារដូវប្រាំ ពិសេសអ្នកទេសចរណ៍ ក៏អាចជួលសំពៅជិះឆ្លងពីត្រើយម្ខាងទៅត្រើយម្ខាងបានផងដែរ ។
លោកស្រី បានសម្ដែងក្ដីសប្បាយរីករាយជាខ្លាំង បន្ទាប់ពីមានបងប្អូនមកលេងកំសាន្ដច្រើនកុះករ ក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកល, បុណ្យចូលឆ្នាំចិន និងថ្ងៃបុណ្យសិទ្ធនារី កន្លងទៅនេះ ហើយលោកស្រីក៏រំពឹងយ៉ាងម៉ុតមាំថា ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុន និងមានអ្នកទេសរណ៍ចូលមកលេងកាន់តែច្រើនបន្ថែមទៀត ។
ថ្វីត្បិតរមណីយដ្ឋានទេសចរណ៍នេះថ្មីនេះ មិនទាន់បានចុះបញ្ជីផ្លូវការ ក្នុងមន្ទីរទេសរណ៍ខេត្តក្តី ប៉ុន្តែទីតាំង នោះបានក្លាយជាកន្លែងលំហែមួយដ៏ពេញនិយម ជាពិសេសនៅអំឡុងពេលចុងសប្តាហ៍ និងថ្ងៃបុណ្យដទៃទៀត ៕






-
សម្រេចលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សាររបស់ក្រុមហ៊ុនឯកជនចំនួន៤


រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សាររបស់ក្រុមហ៊ុនឯកជនចំនួន៤លើទំហំដី៤០ហិកតា ។ អនុវត្តតាមបទបញ្ជារបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃ៨ ខែមីនា ឆ្នាំ២០២៥ ក្នុងការសម្រេចឱ្យលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារតាមរយ:ការដកមកវិញនៅដីដែលមានការបោះបង្គោលព្រំ ដើម្បីថែរក្សាឱ្យបាននូវស្ថានភាពដើមនៃធម្មជាតិ សម្រាប់បម្រើជាឧត្តមប្រយោជន៍ដល់សហគមន៍ និងអ្នកទេសចរ ដោយមិនអនុញ្ញាតឱ្យមានការវិនិយោគនៅលើភ្នំ
ឡើយ ។
អនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់នេះ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង (ក្រសួបរិស្ថាន និងក្រសួងទេសចរណ៍) រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាសហគមន៍តាំងបំពង់ បានចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយពីមានការព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងបួន ដោយប្រគល់ដីចំនួន៤០ហិកតា ជូនដល់សហគមន៍តាំងបំពង់ ដើម្បីជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋប្រមាណ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងបម្រើសេវាកម្មទេសចរណ៍ ។

ជាលទ្ធផល ក្រោយពីបានដកបង្គោលព្រំដី គឺបានផ្តល់នូវស្នាមញញឹម និងពោរពេញដោយក្តីអំណរសាទរ ក៏ដូចជាការថ្លែងអំណរគុណដ៏ជ្រាលជ្រៅពីសំណាក់សហគមន៍ និងប្រជាពលរដ្ឋ ដែលជាអ្នកបម្រើសេវាកញ្ចប់ទេសចរណ៍ពឹងលើសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនៃតំបន់ទេសចរណ៍ខ្នងផ្សារ ដែល សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ និងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាសហគមន៍ ហើយសម្រេចឱ្យថែរក្សានូវលក្ខណ:ធម្មជាតិដូចដែលកំពុងមានស្រាប់ និងជាភាពទាក់ទាញសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ ៕



-
រកឃើញហើយក្មេងស្រីដែលរត់ចេញពីផ្ទះកាលពីម្សិលមិញ


រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឱ្យដឹងថា ក្មេងស្រីម្នាក់អាយុ១២ឆ្នាំដែលរត់ចេញពីផ្ទះនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ត្រូវបានរកឃើញហើយ នៅវេលាថ្ងៃត្រង់ថ្ងៃ១២ ខែមីនា ឆ្នាំ២០២៥ នេះ ។
សូមរំឭកថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១និង១២នាទីរសៀល ក្មេងស្រីម្នាក់អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៨C2 វិទ្យាល័យបាក់ទូក បានរត់ចេញពីផ្ទះ ធ្វើឲ្យអាណាព្យាបាលព្រួយបារម្ភ និងរាយការណ៍ទៅនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ដើម្បីឲ្យជួយស្រាវជ្រាវយកកូនត្រឡប់មកផ្ទះវិញ ។
តាមការបញ្ជាក់អះអាងរបស់អ្នកស្រី សេក ស៊ុនណារី អាយុ៧២ឆ្នាំ ដែលជាជីដូនថា មូលហេតុដែលចៅស្រីគាត់ចេញពីផ្ទះ ដោយសារខឹងម្ដាយស្ដីបន្ទោសថា អត់ដែលចូលសាលារៀន និងបានបន្សល់ទុកសំបុត្រ១សន្លឹកមានខ្លឹមសារថា «ម៉ែមិនបាច់ដើររកខ្ញុំទេ ខ្ញុំចេញពីផ្ទះហើយ ខ្ញុំហត់ពេកហើយ» ។

មន្ត្រីនគរបាលឱ្យដឹងថា សមត្ថកិច្ចបានទៅដល់វិទ្យាល័យបាក់ទូក ជួបនឹងអ្នកគ្រូប្រចាំថ្នាក់និងបានបញ្ជាក់ថា សិស្សឈ្មោះ រុណ ចន្ទរស្មី មិនដែលចូលរៀនទេ អវត្តមានជាញឹកញាប់ ទើបគាត់ផ្តល់ព័ត៌មានប្រាប់អាណាព្យាបាល ។
ទោះបីជាបែបណា នៅម៉ោងប្រហែល១២និង៤០នាទីថ្ងៃត្រង់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញក្មេងស្រីខាងលើនៅផ្ទះមិត្តភក្តិ ហើយបាននាំទៅប្រគល់ឲ្យឪពុកម្ដាយវិញហើយ ៕

-
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៥ នៅរូបសំណាកលោកតាដំបងក្រញូង


នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៥ នៅរូបសំណាកលោកតាដំបងក្រញូង ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។











-
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេ នៅកំពង់ផែរាម បន្ទាប់ពីការសាងសង់រួចរាល់


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានលើកឡើងថា កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេ នៅកំពង់ផែរាម បន្ទាប់ពីការសាងសង់រួចរាល់ហើយ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបែបនេះ ក្នុងឱកាសទទួលជួបលោក អាគីបា តាខេអូ (Akiba Takeo) ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ សម្តេចតេជោ បានលើកបន្តថា ទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ ទាំងជើងទឹក និងជើងគោក ក៏មានភាពកាន់តែល្អប្រសើរឡើង ដែលទាំងអស់នេះបានឆ្លុះបញ្ចាំងអំពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្តេចតេជោ បានលើកឡើងថា កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់រួចរាល់ហើយ។
នាឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Akiba Takeo និង ប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោ បានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងកាន់តែមានការរីកចម្រើន ហើយឈានទៅដល់ការយោគយល់គ្នាកាន់តែច្រើនឡើង តាមរយៈទស្សនកិច្ច និងការពិភាក្សាគ្នានាពេលនេះ។
នៅក្នុងឱកាសជំនួបនេះ លោក Akiba Takeo បានសម្តែងនូវក្តីសោមនស្សរីករាយ និងការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូ ចូលជួបពិភាក្សាការងារ។ លោកបានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់សម្តេចតេជោ ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង បន្ទាប់ពីកម្ពុជាបានឆ្លងកាត់នូវប្រវត្តិសាស្រ្តសោកដនាកម្មដ៏ជូរចត់កាលពីអតីតកាល។
លោកបានលើកបន្តដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ទំនាក់ទំនងរបស់កម្ពុជា បានបន្តរីកចម្រើន និងពង្រឹងពង្រីកលើគ្រប់វិស័យ រួមទាំងវិស័យសន្តិសុខផងដែរ។ ឆ្លៀតនៅក្នុងឱកាសនោះ លោកបានជម្រាបជូនសម្តេចតេជោ អំពីការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ដែលធ្វើឡើងដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់។ យុទ្ធសាស្រ្តនោះក៏នឹងផ្តោតទៅលើកការពង្រឹងកិច្ចសន្ទនាស្ថាបនាជាមួយប្រទេសដៃគូ និងប្រទេសមហាអំណាចធំៗ ដូចជាប្រទេសចិនជាដើម។ នៅក្នុងន័យនេះ លោកបានគូសបញ្ជាក់ថា បើគ្មានកិច្ចសន្ទនា និងកិច្ចសហការរវាងគ្នា ជាពិសេសជាមួយប្រទេសចិននោះទេ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនានា ក៏នឹងមិនអាចសម្រេចបានដែរ។ នៅក្នុងបរិបទនេះ លោកបានលើកឡើងពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាជាមួយអាស៊ាន និងបណ្តាប្រទេសមហាអំណាចនានា ដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
សម្តេចតេជោ បានថ្លែងអំណរគុណ លោក Akiba Takeo ចំពោះការវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ជាពិសេសនៅក្នុងការបង្រួបបង្រួមជាតិ និងការកសាងនិងរក្សាសន្តិភាព ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជាកន្លងមក។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់រវាងកម្ពុជា-ជប៉ុន នៅលើវិស័យនានា និងក្នុងន័យនេះ សម្តេចតេជោ បានសម្តែងនូវក្តីអំណរគុណចំពោះជប៉ុន ក្នុងការគាំទ្រ និងការរួមចំណែកអភិវឌ្ឍកម្ពុជា តាំងពីពេលកម្ពុជាទទួលបានឯករាជ្យ និងពេលបច្ចុប្បន្ន មិនថាជាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្ម ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុជាដើម។ ជាមួយនឹងការលើកឡើងនេះ សម្តេចតេជោ បានគូសបញ្ជាក់អំពីតម្លៃសន្តិភាពដែលជាមូលដ្ឋានគ្រឹះបម្រើឱ្យការសម្រេច និងការបន្តការអភិវឌ្ឍសង្គមជាតិ។
សម្តេចតេជោ បានលើកឡើងបន្តដោយគូសបញ្ជាក់ថា ការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ក៏មិនខុសគ្នាអំពីទស្សនាទានរបស់កម្ពុជាដែរ ពោលគឺប្រទេសទាំងពីរបានបំណងប្រាថ្នាពង្រឹងសន្តិភាពដូចគ្នា។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា បើគ្មានសន្តិភាពនោះទេ យើងមិនចាំចាច់និយាយពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងការអភិវឌ្ឍនោះឡើយ។ នៅក្នុងកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខវិញ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះជប៉ុន ដែលបានបញ្ជូនកងស្វ័យការពារជប៉ុន (JSDF) ចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព (PKO) អង្គការសហប្រជាជាតិ នៅកម្ពុជានៅឆ្នាំ១៩៩២ ដែលកាលនោះ សម្តេចតេជោ បានចេញមុខគាំទ្រ ទោះបីជាទទួលរងនូវការទិតៀនពីមជ្ឈដ្ឋាន និងពីប្រទេសមួយចំនួននៅក្នុងតំបន់ក៏ដោយ។
បន្ថែមពីលើនេះ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ជប៉ុននៅក្នុងតំបន់ ដោយសង្កេតឃើញថា ប្រទេសក្នុងតំបន់បានចាត់ទុកជប៉ុនជាដៃគូល្អ និងបានគិតគូរអំពីផលប្រយោជន៍របស់ប្រទេសនានាក្នុងតំបន់ រួមទាំងការគោរពនូវមជ្ឈភាពអាស៊ាន។ នៅក្នុងន័យនេះ សម្តេចតេជោ បានលើកឡើងអំពីការគំាទ្ររបស់កម្ពុជាចំពោះយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុន។
ដោយសង្កេតឃើញថា មានប្រទេសជាច្រើនបានដាក់ចេញនូវយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមផ្សេងៗ មកក្នុងតំបន់នោះ សម្តេចតេជោ បានបញ្ជាក់ឡើងវិញថា កម្ពុជានឹងគាំទ្រនូវរាល់យុទ្ធសាស្រ្តនិងគំនិតផ្តួចផ្តើមនានា ឱ្យតែយុទ្ធសាស្រ្តនិងគំនិតផ្តួចផ្តើមទាំងនោះ ផ្អែកទៅលើគោលការណ៍៣ នោះគឺ៖ (១) បម្រើឱ្យសន្តិភាព ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ មិនបម្រើឱ្យការច្បាំងគ្នា (២) មិនក្លាយជាឧបករណ៍ប្រឆាំងនឹងប្រទេសណាមួយ និង (៣) ត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។ នៅក្នុងស្មារតីនេះ សម្តេចបានបន្ថែមថា កម្ពុជាមានឯករាជ្យភាពក្នុងការសម្រេចចិត្តនយោបាយនៅក្នុងទំនាក់ទំនងអន្តរជាតិ។
ពាក់ព័ន្ធនឹងការវិវឌ្ឍស្ថានភាពនៅក្នុងតំបន់ ដែលកាន់តែមានភាពតានតឹងនោះ សម្តេចតេជោ បានធ្វើការវាយតម្លៃថា ឫសគល់នៃបញ្ហាគឺកើតឡើងមកពីការមិនជឿទុកចិត្តគ្នារវាងប្រទេសធំៗ និងការលូកដៃជ្រុលរបស់ប្រទេសខាងក្រៅទៅក្នុងកិច្ចការតំបន់។ ការណ៍នេះ បានធ្វើឱ្យប្រទេសនីមួយៗ ខិតខំពង្រឹងសមត្ថភាពយោធាខ្លួន ដែលបណ្តាលឱ្យមានការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់។ នៅក្នុងបរិបទនេះ សម្តេចតេជោ បានលើកទឹកចិត្តឱ្យមានការសន្ទានាឱ្យបានច្រើនរវាងជប៉ុន និងចិន ដើម្បីបង្កើននូវការជឿទុកចិត្តគ្នាទៅវិញទៅមក។
សម្តេចតេជោ និងលោក អាគីបា តាខេអូ ក៏បានពិភាក្សា និងចែករំលែកទស្សនៈគ្នាអំពីបញ្ហាអន្តរជាតិផ្សេងៗ ដូចជាករណីសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនផងដែរ។
នៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរលោក និងគណៈប្រតិភូ ទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕













-
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន អញ្ជេីញបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៥


អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជេីញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៥។
សន្និបាតនេះ បានរៀបចំបេីកក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម។ សន្និបាតនេះ ធ្វេីឡេីងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៤ នាទីស្ដីការក្រសួងពាណិជ្ជកម្ម។
សន្និបាតប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម រៀបចំឡើងដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាស៊ីជម្រៅ និងដោះស្រាយបញ្ហាប្រឈមនានា និងលើកទិសដៅអនុវត្តន៍សម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណ ជាង៥៩ពាន់លានរៀល ឬប្រមាណជាង ១៤លានដុល្លារអាមេរិក ពីការបង់កម្រៃសេវាសាធារណៈរបស់ក្រសួង ការផាកពិន័យជាសាច់ប្រាក់ និងថ្លៃឈ្នួលអចលនទ្រព្យ ជាដើម ដែលស្មើនឹង១១២.៥៩% ធៀបនឹងច្បាប់ថវិកាជាតិ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥។
តាមរបាយការណ៍នេះបានបញ្ជាក់ថា ចំណូលទាំងនោះបានមកពីផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវាចំនួនជាង ៥៤ពាន់លានរៀល, ចំណូលបានមកពីការផាកពិន័យ និងការដាក់ទណ្ឌកម្មប្រមាណ៥ពាន់លានរៀល ផលហិរញ្ញវត្ថុ ១៣លានរៀល និងបានពីផលផ្សេងៗ ជាង១លានរៀល។
យ៉ាងនេះក្តីក្នុងរយៈពេល១១ខែនេះ ក្រសួងពាណិជ្ជកម្មបានចំណាយថវិកាប្រមាណជាង ៩៣ពាន់លានរៀល ឬប្រមាណជាង ២៣លានដុល្លារអាមេរិក ស្មើនឹង៨៦.២៣% ធៀបនឹងច្បាប់ថវិកាជាតិ ដែលបានចំណាយទៅលើការទិញ សេវាកម្ម ពន្ធនិងអាករ បន្ទុកបុគ្គលិក និងការឧបត្ថម្ភធនផ្សេងៗ៕



-
ឯកឧត្តម Dominic Williams ចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ថាជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ


កត្តាសន្តិភាព និងសន្តិសុខល្អប្រសើរនៅកម្ពុជា ត្រូវបានឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ពោលសរសើរថាជាចំណែកយ៉ាងសំខាន់នៃការផ្ដល់ទំនុកចិត្តទៅកាន់ភ្ញៀវទេសចរណ៍អង់គ្លេសឱ្យធ្វើដំណើរមកកំសាន្តកាន់តែច្រើនជាងមុននៅកម្ពុជា។ ក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកញ្ញានេះ ឯកឧត្តម Dominic Williams បានថ្លែងសាទរចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានបំពេញតួនាទីរក្សាសន្តិភាព និងសន្តិសុខនៅកម្ពុជាបានយ៉ាងល្អ ដោយអះអាងថា ជាក់ស្តែងលទ្ធផលនេះបាននាំឱ្យមានកំណើនភ្ញៀវទេសចរណ៍អង់គ្លេសមកកាន់កម្ពុជាច្រើនលើសលប់។
ក្រៅពីថ្លែងកោតសរសើរលើការរក្សាសន្តិសុខ ឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតាមរយៈក្រសួងមហាផ្ទៃ ជាសេនាធិការ បានការខិតខំប្រឹងប្រែងបង្កើត និងដាក់ឱ្យដំណើរការ ប្រព័ន្ធ Cambodia E-Visa ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកកាន់កម្ពុជា។ ជាមួយគ្នានេះឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ឯកអគ្គរាជទូតអង់គ្លេស ដែលបានបំពេញតួនាទីយ៉ាងសកម្ម ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ដោយបាននាំមកនូវសមិទ្ធផលសំខាន់ៗជាច្រើនរួមចំណែកដល់ការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា។ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់ឃើញថាទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង៧ទសវត្សរ៍មកនេះប្រកបដោយមិត្តភាពល្អ និងមានភាពជាដៃគូស្ទើគ្រប់វិស័យ។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចក្រភពអង់គ្លេសចំពោះការប្តេជ្ញាចិត្ត និងការសហការយ៉ាងជិតស្និតជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន ជាពិសេសវិស័យអប់រំ ដែលរាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេសតែងតែផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាបន្តការសិក្សាជាន់ខ្ពស់នៅចក្រភពអង់គ្លេស តាមរយៈកម្មវិធីអាហារូបករណ៍ Chevening រួមចំណែកយ៉ាងធំធេងដល់ការកសាងមូលធនមនុស្សសម្រាប់កម្ពុជា ក្នុងដំណើរការអភិវឌ្ឍសង្គមជាតិ សម្រាប់រយៈពេលយូរអង្វែង។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសម្តែងការជឿជាក់យ៉ាងមុតមាំថាកម្ពុជា និងអង់គ្លេស នឹងខិតខំបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យមានភាពរីក ចម្រើនកាន់តែខ្លាំង៕






-
ក្រសួងព័ត៌មានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់មន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប


វិទ្យុជាតិកម្ពុជា លោក អេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤
MC. ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តសៀមរាប ក្រសួងព័ត៌មានបានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មានក្នុងខេត្ត សំដៅបង្កើនការយកចិត្តទុកដាក់គោរពឱ្យបានត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប រួមជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកសារព័ត៌មានសរុបជិត២០០នាក់ ។
មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា នេះជាលើកដំបូងបំផុតដែលក្រសួងព័ត៌មាន បានយកគោលដៅខេត្តសៀមរាប ធ្វើជាកន្លែងផ្សព្វផ្សាយក្រមវិជ្ជាជីវៈសារព័ត៌មាននេះ។ ឯកឧត្តម ថា កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មាន បានដាក់ឱ្យប្រើប្រាស់នូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះរបស់ក្រមសីលធម៌សារព័ត៌មាន។ ឯកឧត្តមថា ក្នុងសម័យបដិវត្តឧស្សាហកម្ម៤.០ វិស័យព័ត៌មានកាន់តែមានភាពទំនើប ហើយមនុស្សគ្រប់រូបក៏សុទ្ធតែជាអ្នកព័ត៌មានផងដែរ ។ ប៉ុន្តែសម្រាប់អ្នកសារព័ត៌មានអាជីព ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះការពារខ្លួនយើងឱ្យមានកិត្តិយស មានសេចក្តីថ្លៃថ្នូ ។ ដូច្នេះការគោរពបាននូវក្រមវិជ្ជាជីវៈនេះ គឺជាការផ្តល់តម្លៃដល់អាជីពរបស់យើង។
ជាមួយនឹងការគោរពនូវធម្មនុញ្ញវិជ្ជាជីវៈនេះឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត និងមានប្រភពច្បាស់លាស់ ចៀសវាងចំពោះការផ្សាយព័ត៌មានទាំងឡាយណាដែលមិនច្បាស់លាស់ ដែលអាចនាំឱ្យបង្កជាចលាចលសង្គម។ អីចឹងហើយបាននៅក្នុងសម័យឧស្សាហកម្ម៤.០នេះមនុស្សម្នាក់គឺជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយមួយយ៉ាងតិច ហេតុអីបានអីចឹងព្រោះឥឡូវនេះ មានបណ្តាញសង្គម បើនៅកម្ពុជាពេញនិយមFacenook ប៉ុន្តែម្នាក់ហ្នឹងមិនប្រើតែហ្វេសប៊ុកមួយទេណា You tube Instagram Telegram Vber Vchat គ្រប់បែបគ្រប់យ៉ាងអីចឹងហើយបានខ្ញុំប្រើពាក្យថាយុគសម័យឧស្សាហកម្ម៤.០ប្រជាជនរបស់យើងនិយាយជារួមនៅលើពិភពលោក និយាយដោយឡែកនៅកម្ពុជា មានប្រព័ន្ធផ្សព្វផ្សាយមួយក្នុងដៃយ៉ាងតិច អីចឹងធម្មតាតែកាលណាមានរបស់ប្រើប្រាស់ត្រូវតែមានច្បាប់ទម្លាប់។
រាជរដ្ឋាភិបាល ជាពិសេសក្រសួងព័ត៌មាន ក៏ដូចជារដ្ឋបាលខេត្ត បានខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការផ្សព្វផ្សាយពីការអភិវឌ្ឍ និងផលិតផលទេសចរណ៍នៅក្នុងខេត្ត តាមគ្រប់រូបភាព លើសពីនោះ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកសារព័ត៌មាន សូមចូលរួមផ្សព្វផ្សាយដំណឹងល្អៗក្នុងខេត្តទាំងអស់នោះ ដើម្បីជាការទាក់ទាញទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ក៏បានសម្តែងនូវការកោតសរសើចំពោះ មន្ទីរព័ត៌មានខេត្តក៏ដូចជាអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ដែលកន្លងមកតែងបានធ្វើការផ្សព្វផ្សាយនូវព័ត៌មាន ដែលមានខ្លឹមសារល្អៗ ក៏ដូចជាបានជួយផ្សព្វផ្សាយអំពីឆ្នាំទស្សនាសៀមរាប ២០២៤ ដើម្បីទាក់ទាញទេសចរឱ្យមកកម្សាន្ត៕






-
ឯកឧត្តម ហ៊ុន ម៉ានិត ៖រាជរដ្ឋាភិបាលមិនអនុញ្ញាតិអោយមានការប្រមូលផ្ដុំធ្វើបាតុកម្មតាមកាញុះញង់របស់ក្រុមប្រឆាំងមួយក្ដាប់តូចនៅក្រៅប្រទេសទេ


តាកែវ៖ នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពនៅក្នុងកម្មវិធីឆ្លងនិងសម្ភោធសមិទ្ធផលនានានៅវត្តបារាយណ៍ ដែលស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវនៅព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនិងជាមេបញ្ជាការរងកងទ័ព្វជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានិងមិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំធ្វើបាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមការញុះញង់របស់ក្រុមប្រឆាំងមួយចំនួនតូចនៅក្រៅប្រទេសនោះទេ។
ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះក្រុមប្រឆាំងមួយចំនួនតូចនៅក្រៅប្រទេសបានធ្វើបាតុកម្មនិងបានគៀងគរប្រជាពលរដ្ឋនៅក្នុងស្រុកអោយក្រោកឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធទៅនឹង គម្រោងអភិវឌ្ឍន៍ CLV ដោយចោទប្រកាន់រាជរដ្ឋាភិបាលថាបានធ្វើឱ្យបាត់បង់ទឹកដីចំនួន ៤ ខេត្ត ហើយបើទោះបីជាសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានចេញមកធ្វើការបកស្រាយនិងពន្យល់ជាច្រើនដងយ៉ាងណាក៏ដោយក៏ពួកគេនៅតែមិនស្ដាប់ការពន្យល់នោះទេ ផ្ទុយទៅវិញពួកគេយកបញ្ហា CLV នេះដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យក្រោកឡើងធ្វើបាតកម្មប្រឆាំងនិងរដ្ឋាភិបាលស្របច្បាប់ទៅវិញ។
ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងគោរពឆន្ទៈស្នេហាជាតិរបស់បងប្អូនប្រជាពលរដ្ឋក៏ប៉ុន្តែយើងមិនអនុញ្ញាតឲ្យមនុស្សមួយចំនួនតូចយកបញ្ហាគម្រោងអភិវឌ្ឍន៍CLVនេះធ្វើជាឈ្នាន់ដើម្បីទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់នោះទេ។ ការផ្លាស់ប្ដូរឬទម្លាក់រដ្ឋាភិបាលដោយការធ្វើបាតុកម្មវានឹងនាំឲ្យប្រទេសឈានទៅរកការបែកបាក់និងផ្ទុះសង្គ្រាមសារជាថ្មីជាក់ជាពុំខាន។ ប្រទេសយើងទើបតែទទួលបានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យរយៈពេលជាង២០ឆ្នាំប៉ុណ្ណោះ ដូច្នោះទោះតម្លៃណាក៍ដោយក៍រាជរដ្ឋាភិបាលនឹងថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយឲ្យបានគង់វង្សសម្រាប់ប្រទេសជាតិនិងប្រជាជន។
នៅក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានិត ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាការពារអធិបតេយ្យភាព បូរណៈភាពទឹកដីមិនអោយបាត់បង់នោះទេ ហើយសូមបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយអោយគង់វង្សយូអង្វែងដើម្បីឲ្យប្រទេសយើងមានការរីកចម្រើននិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យបន្ថែមទៀត៕




