អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំបង្កើតរោងចក្រផលិតឧបករណ៍ដៃ និងគ្រឿងប្រើប្រាស់ទូទៅរបស់ក្រុមហ៊ុន ខេនវែល អិមអេហ្វូជី (ខេមបូឌា) ឯ.ក

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំបង្កើតរោងចក្រផលិតឧបករណ៍ដៃ និងគ្រឿងប្រើប្រាស់ទូទៅរបស់ក្រុមហ៊ុន ខេនវែល អិមអេហ្វូជី (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីស្នើសុំចុះបញ្ជីជាគម្រោងជំរុញការវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។

   ក្រុមហ៊ុន ខេនវែល អិមអេហ្វូជី (ខេមបូឌា) ឯ.ក មានទីតាំងនៅភូមិអូរចំណា ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ដែលបានស្មើសុំធ្វើការវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍សុវត្ថិភាពសម្រាប់ឃ្លាំង និងការដ្ឋាន ឧបករណ៍ដៃ គ្រឿងប្រើប្រាស់ទូទៅដែលមានទុនចុះបញ្ជី ១លានដុល្លាអាមេរិក ជាភាគហ៊ុនបរទេស ១០០ភាគរយ។ ក្រុមហ៊ុនមានទុនវិនិយោគ ១.៧៤២.០០០ដុល្លាអាមេរិក វិនិ យោគលើទំហំផ្ទៃដីអគារ ២.៨០០ម៉ែត្រការ៉េ ដែលបានស្មើសុំវិនិយោគមកអនុគណ:កម្មការជំរុញវិនិយោគខេត្តព្រះសីហនុ ដែលមានទុនក្រោម ៥លាន ដុល្លាអាមេរិក ។

ក្រោយពីការធ្វើការពិភាក្សាចូលរួមផ្តល់មតិ យោបល់ពីមន្ទីរ អង្គភាពពាក់ព័ន្ធរួចមក ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឪ្យមន្ត្រីជំនាញអនុវត្តតាមជំនាញបច្ចេកទេសតាមមន្ទីរសមីរៀងៗខ្លួន ១.ពិនិត្យទីតាំង និងសិក្សាវាយតម្លៃពីច្បាប់វិនិយោគ ២.ពាក់ព័ន្ធនឹងឯកសារ ស្របតាមស្តង់ដារ នៃការវិនិយោគដែលមានមន្ទីរ អង្គភាពពាក់ព័ន្ធចូលរួម ៣.ត្រូវរៀប ចំចងក្រងឯកសារ នៃការវិនិយោគនៅអនុគណ:កម្មាធិការជំរុញការវិនិយោគខេត្តព្រះសីហនុ ៤.ការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ ៥.ផ្សព្វផ្សាយឪ្យបានទូលំទូលាយ លើកទឹកចិត្តដល់អ្នកវិនិយោគិន ៦.ជំរុញគោលដៅវិនិយោគ បង្កើតជាសួនឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេស ស្របតាមស្តង់ដារ ទន្ទឹមនោះត្រូវគិតគូរចូលរួមអំពីអនាម័យ បរិស្ថាន បញ្ហាទឹក ភ្លើង ដើម្បីធានាថា ការវិនិយោគ មានផាសុខភាពសម្រាប់បុគ្គលិក និយោជិក យើងត្រូវរួមគ្នាម្ចាស់ការចាប់ពីពេលនេះតទៅ ដើម្បីជំរុញការលើកទឹកចិត្តចំពោះគម្រោងពង្រីក នៃគម្រោងវិនិយោគមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ដែលមានទុនវិនិយោគក្រោម ៥លានដុល្លាអាមេរិក សម្រាប់រាជធានី ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

Leave a comment