-
លោកត្រាំ គំរា.មដាក់ពន្ធចិនឱ្យដល់ជាង១០០ភាគរយ


លោកត្រាំ កាន់តែដំឡើងសាច់ដុំពន្ធរបស់អាមេរិកប្រឆាំងនឹងប្រទេសចិនហើយ បន្ទាប់ពីលោកបានគំរាមថា នឹងដាក់ពន្ធចំនួន៥០ភាគរយបន្ថែមទៀតលើទំនិញចិន ដែលចូលទីផ្សារអាមេរិក ។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ BBC បានអោយដឹងនៅព្រឹកថ្ងៃអង្គារនេះថា លោក ត្រាំ គំរាមបែបបនេះ បន្ទាប់ពីចិនដាក់ពន្ធ៣៤ភាគរយជាការឆ្លើយតបចំពោះអាមេរិកនឹងការប្រកាសរបស់លោកត្រាំ កាលពីសប្តាហ៍មុនដាក់ពន្ធ៣៤ភាគរយលើទំនិញរបស់ចិន ។
បើសិនជាលោកត្រាំ សម្រេចដាក់ពន្ធបន្ថែម៥០ភាគរយទៀតមែននោះវានឹងធ្វើអោយពន្ធលើទំនិញរបស់ចិន ឡើងដល់១០៤ភាគរយ ពីព្រោះអាមេរិកបានដំឡើងពន្ធ៣៤ភាគរយ ទៅលើពន្ធ២០ភាគរយ លើទំនិញចិន កាលពីខែមីនា ។
បើសិនជាលោកត្រាំ ដាក់ពន្ធបន្ថែម៥០ភាគរយទៀតមែននោះ ចិនក៏ទំនងជាមិននៅស្ងៀម អោយអាមេរិកធ្វើបាបស្រេចចិត្តដែរ ។ ចិនក៏ទំនងជានឹងសាងសឹកវិញដូចអ្វីដែលចិនបានប្រតិកម្មកន្លងមក ៕
-
សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ


រាជធានីភ្នំពេញ ៖ សុខសន្តិភាពដែលរកបានដោយសម្តេចតេជោ ហ៊ុន សែន និងបន្តថែទាំយ៉ាងរឹងមាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំមកនូវមនុញ្ញផល និងសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជាជាហូរហែ ។

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សមិទ្ធផលថ្មីមួយទៀតហើយលើដីរាជធានីភ្នំពេញ ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ គឺស្ពានអាកាស«មរតកតេជោ» ដែលជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ ។
ពិធីសម្ពោធសមិទ្ធផលថ្មីរាជធានីភ្នំពេញ ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ស្ពានអាកាសមរតកតេជោ ស្ថិតនៅចំណុចប្រសព្វរវាងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន ។

តាមការគ្រោងទុក ស្ពានអាកាសនេះ ត្រូវប្រើរយៈពេលសាងសង់ចំនួន ៣៦ខែ ប៉ុន្តែជាក់ស្តែងអាស្រ័យដោយមានការខិតខំប្រឹងប្រែងស្ថាបនាទាំងថ្ងៃទាំងយប់ ធ្វើឱ្យការដ្ឋាននេះប្រើរយៈពេលសាងសង់ត្រឹមតែ ៣០ខែប៉ុណ្ណោះ ។
ក្នុងនោះ ដោយមានគោលការណ៍អនុញ្ញាតពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរបានប្រើប្រាស់ជាបណ្តោះអាសន្ន នូវសំណង់ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តក្នុងគម្រោង ដែលបានស្ថាបនារួចជាបន្តបន្ទាប់ រួមមាន ៖ លើកទី១ ដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានអាកាសជាន់ទី២ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ និងលើកទី២ ស្ពានអាកាសជាន់ទី១ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ។

ស្ពានអាកាសមរតកតេជោ បានចំណាយថវិកាសាងសង់អស់ចំនួន ៣៦ ៧៧៥ ០០០ដុល្លារ ជាកញ្ចប់ថវិកាបានពីមូលនិធិអភិវឌ្ឍកោះនរា និងថវិកាមួយផ្នែកដែលនៅសល់ពីការអនុវត្តគម្រោងសាងសង់ស្ពានអាកាសក្បាលថ្នល់ ដំណាក់កាលទី២ ។ ស្ពាននេះ គឺជាស្ពានអាកាសទី១ ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
ស្ពានអាកាសមរតកតេជោ ជាស្ពានអាកាសមានកម្ពស់២ជាន់ និងមានផ្លូវខ្វាត់ខ្វែងច្រើនជាងគេ បើធៀបនឹងស្ពានអាកាសចំនួន៧ ដែលដាក់ឱ្យប្រើប្រាស់រួចហើយនោះ ។

សូមបញ្ជាក់ថា រាជធានីភ្នំពេញ ដែលធ្លាប់បានគេប្រសិទ្ធនាមជាទីក្រុងខ្មោចក្នុងរបបខ្មែរក្រហមនោះ បានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ ដ៏រស់រវើកនាពេលបច្ចុប្បន្ន ក្រោមម្លប់នៃសុខសន្តិភាព កើតចេញពីនយោបាយឈ្នះ=ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។ រាជធានីភ្នំពេញ ទទួលបានកំណើនប្រជាពលរដ្ឋ និងការធ្វើចរាចរណ៍យ៉ាងឆាប់រហ័សបំផុត ។
កំណើនប្រជាពលរដ្ឋ និងការធ្វើចរាចរណ៍ ធ្វើឱ្យរាជធានីភ្នំពេញជួបការកកស្ទះចរាចរណ៍ខ្លាំង ជាពិសេសចំណុចផ្លូវប្រសព្វ ។ ដើម្បីដោះស្រាយការកកស្ទះនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងនីតិកាលកន្លងទៅ បានសាងសង់ស្ពានអាកាសជាបន្តបន្ទាប់ ។

មកដល់ពេលបច្ចុប្បន្ន ស្ពានអាកាសចំនួន៨ហើយក្នុងរាជធានីភ្នំពេញ ត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យប្រើប្រាស់ ។ ស្ពានអាកាសទាំង៨រួមមាន៖ ស្ពានអាកាសក្បាលថ្នល់(២៤ មិថុនា ២០១០) ស្ពានអាកាស៧មករា(៦ មករា ២០១២) ស្ពានអាកាសស្ទឹងមានជ័យ(៣១ កក្កដា ២០១៤) ស្ពានអាកាស៥មករា(៥ មករា ២០១៦) ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា«ស្ពានអាកាសផ្សារដីហ៊ុយ»(២ កក្កដា ២០១៨) ស្ពានអាកាសរង្វង់មូលចោមចៅ(៣១ មីនា ២០២២) ស្ពានអាកាសឫស្សីកែវ ស្ថិតលើផ្លូវជាតិលេខ៥(៣១ ខែឧសភា ឆ្នាំ២០២៣) និងស្ពានអាកាសមរតកតេជោ សម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ។

ក្រៅពីស្ពានអាកាសទាំង៨នេះ បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ ស្ពានអាកាសភ្លោះតម្លៃជាង ១៦លានដុល្លារនេះ ត្រូវបានបើកការដ្ឋានសាងសង់ដោយសម្តេចមហាបវរធិបតី កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ៕
-
សោ.កស្តាយ! ផ្ទះ២ខ្នង នៅក្រុងព្រះសីហនុ ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង


ខេត្តព្រះសីហនុ ៖ តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង នៅវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី២ មេសា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះផ្ទះ២ខ្នង ស្ថិតនៅចំណុចក្រុម១៥ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមប្រភពដដែលបានបន្តថា ផ្ទះរងគ្រោះទី១-ម្ចាស់ឈ្មោះ អ៊ួង ស្រីនី ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់កាហ្វេ ជាប្រភេទសំណង់ផ្ទះសង់អំពីថ្មក្រោម ដំបូលប្រក់សង្ក័សីមានកម្ពស់១ជាន់ ទំហំទទឹង៨ម៉ែត្រគុណនឹងបណ្ដោយ១២ម៉ែត្រ និងផ្ទះសង់អំពីឈើជាន់ផ្ទាល់ដីមានទំហំទទឹង៤ម៉ែត្រគុណនឹងបណ្ដោយ៦ម៉ែត្រ ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ត្រូវភ្លើងឆេះអស់ទាំងស្រុង ។ ចំណែកផ្ទះរងគ្រោះទី២-ម្ចាស់ឈ្មោះ ត្រង ចំរើន ភេទ ប្រុស អាយុ៣៤ឆ្នាំ មុនរបររត់កង់បី ផ្ទះមានទំហំ៨ម៉ែត្រគុណនឹង១២ម៉ែត្រ ព្រមទាំងសម្ភាៈប្រើប្រាស់ក្នុងផ្ទះត្រូវភ្លើងឆេះអស់ទាំងស្រុង។
ចំពោះមូលហេតុ ដែលបង្កឱ្យមានអគ្គិភ័យខាងលើ មិនទាន់ដឹងនៅឡើយទេ ខណៈកំពុងស្រាវជ្រាវ ។
ករណីអគ្គិភ័យខាងលើបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន០៣គ្រឿងបានប្រើប្រាស់ទឹកអស់ ០២ ឡាន ស្មើរ ១៦ ម៉ែត្រគូប ។ រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថក្រុង-ខេត្តចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់០១ឡានស្មើ៤ម៉ែត្រគូប។
រថយន្តពន្លត់អគ្គិភ័យអង្គភាព ៩១១ចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់០៣ឡានស្មើ០៦ម៉ែត្រគូប។
ក្នុងករណីអគ្គីភ័យនេះផងដែរ មិនបង្កឲ្យមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ ៕



-
ត្រឹម២ថ្ងៃ! ពលរដ្ឋជិត៤ពាន់នាក់ត្រឡប់មកពីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងនោះពលករជាង២ពាន់នាក់


ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋកម្ពុជាដែលចូលពីប្រទេសថៃមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតរយៈ២ថ្ងៃជិត៤ពាន់នាក់ក្នុងនោះពលករជាង២ពាន់នាក់រហូតដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ក្រុងប៉ោយប៉ែត។
លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖រយៈពេល២ថ្ងៃនេះមានប្រពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមានចំនួន៣.៨២៤នាក់ ស្រី១.៨១៩នាក់ ក្នុងនោះមានពលករចំនួន២.៣៤០នាក់ស្រី១.០៥៦នាក់។
លោកបានបញ្ជាក់ថា ក្រោយរាជរដ្ឋាភិបាលថៃបានឯកភាពតាមសំណើររបស់ក្រសួងការងារថៃលើកលែងតម្លៃសេវាការអនុញ្ញាតចេញ.ចូលប្រទេសថៃដល់ពលករខ្មែរអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ការលើកលែងតម្លៃសេវានេះគឺផ្តល់ចូនតែមួយដង់គត់ដល់ពលករខ្មែរដែលមានលិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស(TD)និងមានទិដ្ឋាការការងារដែលមានសុពលភាពលើសពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ការលើកលែងនេះក៍បូលរួមទាំងកូនក្រោមអាយុ១៨ឆ្នាំដែលទទួលបានវាយត្រាប្រភេទក្នុងបន្ទុកនិងមានលិខិតអនុញ្ញាតអោយស្នាក់នៅក្នុងប្រទេសថៃលើសថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។
លោក វ៉ាន់ ដារ៉ាន់ បានបញ្ជាក់ថា៖ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមការងារស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានធ្វើការសម្របសម្រួលដល់ពលករខ្មែរអោយបានលឿននិងឆាប់រហ័សហើយមានអាហារសម្រុនសម្រាប់ចែកជូនដល់ពលករម្នាក់ទទួលបានក្រម៉ា១ នំប៉័ង១ និងទឹកសុទ្ធ១ដប៕











-
ប្រមុខរាជរដ្ឋាភិបាល អំពាវនាវពលរដ្ឋគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ ប្រកបដោយស្មារតីជាតិនិយម


រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវពលរដ្ឋគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរយកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម ។ការអំពាវនាវក្នុងឱកាសអបអរសាទរ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ឱ្យចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ។
តាមរយៈសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២០ កុម្ភៈ ដែលផ្សព្វផ្សាយលើបណ្តាញសង្គមរបស់សម្តេច នាថ្ងៃទី២ មេសាបានលើកឡើងថា កម្ពុជា បាននិងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច និងធ្វើទំនើបកម្មលើគ្រប់វិស័យ តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយសំខាន់ៗ ជាពិសេសការជំរុញផលិតកម្មគ្រប់ប្រភេទ ឱ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋាន ការដាក់បញ្ចូលបច្ចេកវិទ្យាឌីជីថល ទៅក្នុងខ្សែច្រវាក់ផលិតកម្ម និងការលើកកម្ពស់នូវយន្តការពាក់ព័ន្ធទាំងឡាយ សំដៅជួយ ធ្វើឱ្យមានប្រសិទ្ធភាពថ្លៃដើម មានគុណភាព សោភណភាពកាន់តែល្អប្រសើរ និងមានសក្តានុពលទីផ្សារ សម្រាប់ផលិតផលក្នុងស្រុកគ្រប់ប្រភេទ ។
ឈរលើស្មារតីនេះ រាជរដ្ឋាភិបាល បានដាក់ចេញ នូវគោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយ ផលិតផលមួយ ដើម្បីជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន តាមរយៈការលើកទឹកចិត្ត ប្រជាជនឱ្យចូលរួមផលិត នូវវត្ថុធាតុដើម កែច្នៃ និងអភិវឌ្ឍផលិតផល ធ្វើឱ្យប្រជាជនមានមោទនភាព និងទទួលបានកិត្តិយស កិត្តិនាមពីផលិតផល ដែលខ្លួនបានផលិត ។
ក្នុងនោះ សម្តេចបវរធិបតី កត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការជំរុញចលនាភូមិមួយ ផលិតផលមួយ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនាំទៅដល់ការប្រែប្រួលជាវិជ្ជមាន នៃផលិតផលខ្មែរ ដូចជា គុណភាព ស្តង់ដា អនាម័យ ការវេចខ្ចប់ ជាពិសេសការដាក់ស្លាកសញ្ញាសម្គាល់លើផលិតផល ជាផលិតផលភូមិមួយផលិតផលមួយ និងឈានទៅដាក់ចំណាត់ថ្នាក់ផលិតផល ដើម្បីជួយជំរុញ និងលើកទឹកចិត្តផលិតករឆ្នើម ដែលបានខិតខំកែច្នៃ ផលិតផលប្រកបដោយគុណភាពខ្ពស់ សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ។
ក្នុងគោលបំណងលើកកម្ពស់ ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុលផុស រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនគណៈ កម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ រៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ ដែលឆ្នាំ២០២៥ នេះ គឺជាទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៨ ក្រោមប្រធានបទ «ប្រើប្រាស់ផលិតផលខ្មែរ គឺមោទនភាពជាតិខ្មែរ» ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា “ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងភាពម្ចាស់ការ។ «បើយើងជាខ្មែរ មិនគាំទ្រផលិតផលខ្មែរ តើឱ្យអ្នកណាមកគាំទ្រផលិតផល ខ្មែរ!» ។
ជាមួយគ្នានេះ សម្តេចបវរធិបតី ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែន រដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន បន្តកិច្ចសហការ ជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ដើម្បីជួយពង្រឹងផលិតករខ្មែរ ឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់ សម្បូរបែប កាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងលើទីផ្សារជាតិនិងអន្តរជាតិ ៕












-
ភ្លើងឆេះព្រៃកូរ៉េខាងត្បូងបន្តរីករាលដាលខ្លាំង,ស្លា.ប់កើនដល់២៧នាក់


ទីក្រុងសេអ៊ូល៖ ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងបន្តរាតត្បាតយ៉ាងខ្លាំងក្លាដល់ដំណាក់កាលគ្រប់គ្រងលែងបានទៅហើយនៅពេលត្រឹមតែមួយថ្ងៃទំហំនៃការឆេះបានកើនឡើងទ្វេមួយជាពីរបើប្រៀបធៀបរវាងម្សិលមិញ និងថ្ងៃនេះ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីអាជ្ញាធរមូលដ្ឋាន។ ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍នេះបានកើនឡើងដល់២៧នាក់ខណៈដែលមនុស្ស៣០នាក់ទៀតរងរបួស។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានយុនហាប់។
អាជ្ញាធរចាត់ទុកថានេះជាភ្លើងឆេះព្រៃដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រកូរ៉េសម័យទំនើប។ ត្រឹមតែប្រាំ ឬប្រាំមួយថ្ងៃប៉ុណ្ណោះភ្លើងបានលេបត្របាក់ព្រៃឈើជាង៣៥០០០ហិចតារ។ ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង លោកហានដុកស៊ូ ថ្លែងថាយើងកំពុងស្ថិតនៅក្នុងស្ថានភាពអាសន្នទូទាំងប្រទេសដោយសារភ្លើងឆេះព្រៃដែលរីករាលដាលហួសពីការស្មានរបស់យើង។

ការិយាល័យជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្លែងថាអគារ និងផ្ទះរបស់អ្នកស្រុកសរុប៣២៥ខ្នងត្រូវបានបំផ្លាញអស់គ្មានសល់ ខណៈដែលមនុស្សជាង៣៧០០០នាក់ត្រូវតែបង្ខំចិត្តរត់ចោលផ្ទះសម្បែង និងស្នាក់នៅតាមទីជម្រកបណ្ដោះអាសន្ន។ ប្រឈមនឹងបញ្ហានេះ អាជ្ញាធរកំពុងប្រើប្រាស់វិធានការសរុបដើម្បីចាត់ការភ្លើងឆេះព្រៃដោយប្រើប្រាស់កម្លាំងមនុស្សជាង៩ពាន់នាក់, ឡានទឹកជាច្រើនគ្រឿង និងឧទ្ធម្ភាគចក្រ១២០គ្រឿងដើម្បីទម្លាក់ទឹកពីលើអាកាស។

យោធាកូរ៉េខាងត្បូងបានបញ្ចេញប្រេងឥន្ធនៈពីក្នុងស្តុកដើម្បីផ្គត់ផ្គង់តម្រូវការរបស់ឧទ្ធម្ភាគចក្រដែលត្រូវបំពេញការងារនៅតំបន់ដាច់ស្រយាល ឬតំបន់ភ្នំដែលឡានទឹកពិបាកធ្វើដំណើរទៅដល់។ តំបន់ឆឹងសុងកំពុងរងគ្រោះខ្លាំងដោយសារភ្លើងឆេះព្រៃលើកនេះ។ គេឃើញតែផ្សែងដ៏ខ្មៅងងឹតគ្របដណ្ដប់ជុំជិតពីលើភ្នំជូវ៉ាង (Juwang) និងឃើញឧទ្ធម្ភាគចក្រដឹកជញ្ជូនទឹកស្រោចពីលើភ្នំនេះជាបន្តបន្ទាប់។

ឥឡូវនេះ ភ្លើងឆេះព្រៃកំពុងគំរាមកំហែងតំបន់បេតិកភ័ណ្ឌជាតិសំខាន់ៗ។ រូបបដិមាព្រះពុទ្ធជាច្រើនអង្គត្រូវអាជ្ញាធរលើកចេញពីកន្លែងគ្រោះថ្នាក់នៅតំបន់ភាគអាគ្នេយ៍។ គេបានប្រើប្រាស់កម្លាំងមនុស្ស៧៥០នាក់ដើម្បីការពារតំបន់បេតិកភ័ណ្ឌ។ តំបន់បេតិកភ័ណ្ឌយ៉ាងតិច១៨កន្លែង រួមទាំងវត្តអារាមបុរាណគូនសា (Gounsa) នៅតំបន់អ៊ូយសឹង (Uiseong) ត្រូវភ្លើងអគ្គិភ័យដុតបំផ្លាញសឹងតែក្លាយជាផេះ។

ពាក់ព័ន្ធនឹងដើមហេតុនៃភ្លើងឆេះព្រៃនេះ អាជ្ញាសង្ស័យថានេះជាស្នាដៃរបស់មនុស្សច្រើនជាងកត្តាធម្មជាតិ។ នេះជារដូវដែលមនុស្សត្រូវការសម្អាតផ្នូរដូនតា និងឪពុកម្ដាយរបស់ខ្លួន។ ដូច្នេះ ពួកគេអាចនឹងជម្រះស្មៅ ឬរុក្ខជាតិងាប់ៗដើម្បីដុតចោល។ ឬមិនដូច្នេះទេ ភ្លើងនេះអាចនឹងបង្កឡើងដោយមនុស្សផ្សារដែកនៅក្នុងព្រៃ។ រដ្ឋបាលព្រៃឈើរំពឹងថានឹងមានភ្លៀងធ្លាក់នៅយប់នេះនៅលើទីតាំងដែលមានភ្លើងឆេះព្រៃ។ ប៉ុន្តែនេះគ្រាន់តែជាភ្លៀងកក់ខែបន្តិចបន្តួចតែប៉ុណ្ណោះ។ ដូច្នេះមិនអាចធ្វើឱ្យរលត់ភ្លើងឆេះព្រៃនេះទាំងស្រុងបានឡើយ។ ខាងលើនេះជាការដកស្រង់ពីគេហទំព័រឌីដាប់បលយូ (DW)៕

-
ត្រាំផ្ទុះកំហឹងនឹងទីប្រឹក្សាសន្តិសុខជាតិដែលធ្វើឱ្យបែកធ្លាយរឿងសម្ងាត់


ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះលោកម៉ាយវ៉ល (Mike Waltz) ដែលជាទីប្រឹក្សាសន្តិសុខជាតិ និងដែលបានធ្វើឱ្យបែកធ្លាយព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងផែនការរបស់អាមេរិកវាយប្រហារទៅលើមូលដ្ឋានរបស់ក្រុមហ៊ូទីនៅប្រទេសយេម៉ែន។ កំហឹងក្រេវក្រោធនេះកើតឡើងបន្ទាប់ពីព័ត៌មានសម្ងាត់ត្រូវបែកធ្លាយទៅដល់ដៃរបស់និពន្ធនាយកគេហទំព័រដឹអេនលេនធីក (The Atlantic)។
ប្រភពខ្លះថាតាមពិតមន្ត្រីរដ្ឋាភិបាលអាមេរិកបង្ហោះឯកសារសម្ងាត់នោះនៅក្នុងប្រព័ន្ធស៊ីកណល (Signal) ដែលជាក្រុមសន្ទនាសម្ងាត់។ ប៉ុន្តែចៃដន្យអ្វីនៅអំឡុងពេលនៃការបង្ហោះឯកសារសម្ងាត់នោះ លោកម៉ាយវ៉លមានលេខទូរស័ព្ទរបស់និពន្ធនាយក លោកចែហ្វហ្វ្រ៊ី ហ្គោលបឺក (Jeffrey Goldberg)។ លោកវ៉លក៏ទាញឈ្មោះរបស់លោកហ្គោលបឺកទៅក្នុងគ្រុបសម្ងាត់នោះដែរ។
តាមពិតត្រាំក្ដៅក្រហាយរឿងធ្វើឱ្យការណ៍សម្ងាត់នេះល្មមទេ។ ប៉ុន្តែអ្វីដែលធ្វើឱ្យលោកខឹងដាច់ក្បាលដាច់កន្ទុយនោះនៅត្រង់ថាទីប្រឹក្សាសន្តិសុខជាតិរូបនេះមានលេខទូរស័ព្ទរបស់និពន្ធនាយកហ្គោលបឺក។ លោកត្រាំក្នុងនាមជាប្រធានាធិបតី និងក៏ជាអគ្គបញ្ជាការកងទ័ពផងដែរនោះកំពុងដេកឆ្ងល់ និងមានមន្ទិលសង្ស័យមិនចេះអស់មិនចេះហើយថាហេតុអ្វីបានជាទីប្រឹក្សារូបនេះមានលេខទូរស័ព្ទរក្សាទុកនៅក្នុងទូរស័ព្ទដៃរបស់គាត់មិនដឹងតាំងពីអង្កាល់។ លោកត្រាំជេរប្រទេចផ្ដាសាដាក់លោកវ៉លថាជាមនុស្សចោលម្សៀត។
កាលពីយប់មិញ លោកវ៉លប្រាប់ទូរទស្សន៍ហ្វក់ថាលោកសូមទទួលខុសត្រូវទាំងស្រុងចំពោះការបែកធ្លាយការណ៍សម្ងាត់នោះ។ លោកថាលោកជាអ្នកបង្កើតក្រុមសន្ទនាសម្ងាត់។ ការភ្លាត់ស្នៀតលើកនេះជាកំហុសដ៏អាម៉ាស់សម្រាប់រូបលោក។ ប៉ុន្តែលោកវ៉លក៏ព្យាយាមនិយាយវាយបកទៅអ្នកកាសែតរូបនោះវិញដែរ។ លោកនិយាយដោយប្រយោលថានៅទីក្រុងនេះ (វ៉ាស៊ីនតោន) មានអ្នកកាសែតច្រើនណាស់ដែលប្រើភាសាភូតកុហកដើម្បីបានល្បីឈ្មោះ។
ឧទាហរណ៍ ដូចជាអ្នកកាសែតម្នាក់នេះជាដើម (ចែហ្វហ្វ្រ៊ី ហ្គោលបឺក) លោកពុំដែលជួបមុខ ពុំដែលស្គាល់ ពុំដែលនិយាយរកគ្នាទាល់តែសោះ។ លោកថាយើងកំពុងស្រាវជ្រាវដើម្បីចង់ដឹងថាតើបុគ្គលរូបនេះអាចចូលទៅក្នុងក្រុមសម្ងាត់នេះដោយរបៀបណា។ តាមមើលទៅ លោកវ៉លខ្លួនឯងជាអ្នកទាញចែហ្វហ្វ្រ៊ី ហ្គោលបឺកចូលទៅក្នុងគ្រុបសម្ងាត់នោះ។ គ្រុបនេះមានមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិកតែ១៨នាក់ប៉ុណ្ណោះជាសមាជិក។ ពួកគេពិភាក្សាគ្នាអំពីផែនការធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហ៊ូទី។
អាមេរិកចាប់ផ្ដើមបើកប្រតិបត្តិសឹកនេះនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ លោកចែហ្វហ្វ្រ៊ីសម្រេចថាមិនផ្សព្វផ្សាយផែនការសម្ងាត់នេះជាសាធារណៈទេ។ ប៉ុន្តែកាលពីថ្ងៃចន្ទ គាត់បានបង្ហាញសារខ្លះៗដែលលាតត្រដាងការរិះគន់មាក់ងាយពីសំណាក់មន្ត្រីរដ្ឋាភិបាលអាមេរិកចំពោះពួកអឺរ៉ុប។ ក្នុងនោះ គេឃើញសាររបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកសរសេរថាលោកសូមចែករំលែកការស្អប់ខ្ពើមចំពោះគំនិតកេងប្រវ័ញ្ចរបស់ពួកអឺរ៉ុបផង។ គួរឱ្យអាណិតណាស់៕
-
ឯកឧត្តម ឃួង ស្រេង សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន


រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលអនិច្ចកម្ម នាម៉ោង ២ៈ២៧នាទីព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយរោគាពាធ ។



យើងខ្ញុំពិតជាមានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះមរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ដែលនេះគឺជាការបាត់បង់នូវឧត្ដមស្វាមី បិតា បិតាក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅនិងជាទីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅៗ ដែលកន្លងមក អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុងសព្វបែបសព្វយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្ដៅ និងសេចក្ដីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។ លើសពីនេះទៅទៀត មរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក៏ជាការបាត់បង់ដ៏ធំធេងឥស្សរជនឆ្នើមមួយរូប ដែលបានខិតខំបំពេញការងារ និងសម្រេចបានលទ្ធផលជាច្រើនជូនជាតិមាតុភូមិ ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕ អត្ថបទសហការ
-
ម្ចាស់ស្ថានីយប្រេងស្រែកឆោឡាប្តឹងសមត្ថកិច្ចថាចោរចូលផ្ទះ ការពិតកូនសោះ


ខេត្តស្វាយរៀង ៖ ម្ចាស់ស្ថានីយប្រេងឥន្ធនៈតេលាមួយកន្លែង បានស្រែកឆោឡាប្តឹងសមត្ថកិច្ចថា មានចោរលួចចូលក្នុងរបង ហើយចូលលួចទ្រព្យសម្បតិក្នុងស្ថានីយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា មានចោរថ្លើមធំហ៊ានចូលលួចទ្រព្យសម្បត្តិម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងវេលាទៀបភ្លឺ ខណៈស្ថានីយប្រេងឥន្ធនៈមានកាមេរ៉ាសុវត្ថិភាពបួនប្រាំគ្រាប់ដាក់គ្រប់ច្រកក្ដី ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៤និង២០នាទីទៀបភ្លឺថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥កន្លងទៅ នៅក្នុងស្ថានីយប្រេងឥន្ធនៈតេលា ស្ថិតនៅផ្លូវលេខ២០៤ ភូមិមេភ្លើង សង្កាត់
ស្វាយរៀង ក្រុងស្វាយរៀង ។បើតាមនគរបាលនៃអធិការដ្ឋានក្រុងស្វាយរៀង បានឲ្យកោះសន្តិភាពដឹងថា នៅវេលាម៉ោង៤និង២០នាទីទៀបភ្លឺថ្ងៃនោះ មានម្ចាស់ស្ថានីយប្រេងឥន្ធនៈខាងលើ បានទូរសព្ទ័ប្តឹងសមត្ថកិច្ចថា មានចោរផ្លោះរបងចូលលួចទ្រព្យសម្បត្តិនៅម៉ាតក្នុងស្ថានីយប្រេងឥន្ធនៈ ។ លោកអធិការបានបញ្ជាឲ្យកម្លាំងនគរបាលក្រុង សហការជាមួយនគរបាលប៉ុស្តិ៍សង្កាត់ស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ។
ម្ចាស់ស្ថានីយបានប្រាប់សមត្ថកិច្ចថា ចោរបានរត់ទៅខាងជើងតាមរបងកីឡដ្ឋានស្វាយរៀង ហើយសមត្ថកិច្ចក៏បានដាក់កម្លាំងដេញតាម និងព័ទ្ធតាមដងផ្លូវជុំវិញស្ថានីយ រុករកចោរអស់រយៈពេលជាង១ម៉ោងតែរកមិនឃើញ ។
ប្រភពដដែលបន្តថា រហូតដល់ម៉ោង៦ព្រឹក សមត្ថកិច្ចក៏បានឲ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈនេះ
បើកកាមេរ៉ាសុវត្ថិភាពពិនិត្យមើល ក៏ហួសចិត្តយ៉ាងខ្លាំង ។ តាមពិតគឺជាកូនប្រុសបង្កើតរបស់
ម្ចាស់ស្ថានីយប្រេងឥន្ធនៈនេះសោះ ដែលទំនងជាបែកថ្នាំក្រោកឡើងស្រែកឆោឡោថា ចោរ
ចូលផ្ទះលួចទ្រព្យសម្បត្តិ ឪពុកម្តាយក៏ទូរស័ព្ទប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។ លុះពេលកម្លាំងសមត្ថកិច្ចមកដល់ កូនប្រុសដែលស្រែកឆោឡោចង្អុលប្រាប់សមត្ថកិច្ចថាចោររត់ទៅទិសខាងជើង ហើយសមត្ថកិច្ចបានដេញតាមការចង្អុលបង្ហាញ និងដាក់កម្លាំងស្ទាក់តាមដងផ្លូវគ្រប់ច្រក ។ លុះដល់ពេលមើលកាមេរ៉ាសុវត្ថិភាព គឺអាកូនប្រុសស្រែកឆោឡោនេះជាអ្នកលោតផ្លោះរបងចូលផ្ទះ រួចស្រែកឆោឡោ ។នៅពេលពិនិត្យ និងសាកសួរ សមត្ថកិច្ចបានដាក់ការសង្ស័យថា កូនប្រុសម្ចាស់ស្ថានីយប្រេងនេះប្រើប្រាស់ថ្នាំញៀន(បែកថ្នាំ) ក៏ឲ្យឪពុកនាំកូនទៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីពិនិត្យទឹកនោម និងធ្វើតេស្តរកសារធាតុញៀន ៕


-
ឈ្លោះគ្នាពីព្រលប់ ខឹងប្រពន្ធទៅដេកផ្ទះអ្នកជិតខាង ប្តីដុតផ្ទះឆេះហ្មត់


ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ០១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិកូនដំរី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កើតមានករណីអំពើហិ.ង្សាក្នុងគ្រួសារមួយ ដោយបុរសជាប្តី ខឹងប្រពន្ធទៅដេកផ្ទះអ្នកជិតខាង បានដុតផ្ទះខ្លួនឯងឆេះហ្មត់ ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនបង្ក យកទៅចាត់ការតាមផ្លូវច្បាប់ ។
ជនសង្ស័យជាប្តី មានឈ្មោះ ភាន់ ជា ភេទប្រុស អាយុ៤២ឆ្នាំ ។ រីឯប្រពន្ធឈ្មោះ វី ស៊ីណែត អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើ ។
តាមប្រភពព័ត៌មានឲ្យដឹងថា នៅវេលាព្រលប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ប្តីប្រពន្ធ ២នាក់នេះ បានទៅលេងផ្ទះបងប្រុស នៅក្នុងភូមិជាមួយគ្នា ហើយក៏កើតមានជម្លោះឈ្លោះទាស់ទែងគ្នា ពេលនោះប្រពន្ធបានជិះម៉ូតូ ទៅប្ដឹងប្រធានភូមិ ដើម្បីឲ្យប្រធានភូមិ បានដឹង និងចាត់វិធានការលើប្តី ដែលប្រើអំពើហិ.ង្សាមកលើខ្លួនជាប្រពន្ធ ។
ប្រភពព័ត៌មានឲ្យដឹងបន្តថា ក្រោយពេលប្តឹងប្រធានភូមិរួច ប្រពន្ធមិនបានទៅដេកផ្ទះវិញទេ គឺទៅសម្រាកនៅផ្ទះអ្នកជិតខាង ដែលស្គាល់គ្នា ដោយមិនទុកចិត្តខ្លាចប្តី ប្រើអំពើហិ.ង្សាបន្ថែមទៀត ។ លុះព្រឹកឡើងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ប្រពន្ធបានត្រឡប់ទៅផ្ទះវិញ ស្រាប់តែឃើញភ្លើងឆេះហ្មត់ គ្មានសល់អ្វីទាំងអស់ ភ្លាមនោះ ប្រពន្ធក៏បានជិះម៉ូតូទៅផ្ទះប្រធានភូមិម្តងទៀត ដើម្បីរាយការណ៍ ករណីភ្លើងឆេះផ្ទះ ។ នៅពេល ប្រពន្ធទៅដល់ផ្ទះប្រធានភូមិ ស្រាប់តែឃើញប្តី នៅទីនោះដែរ ខណៈនោះ ប្រពន្ធមិនទាន់បានរៀបរាប់ករណីភ្លើងឆេះផ្ទះ ផង! លោកប្តីពោលពាក្យថា “អញដុតផ្ទះ កាលពីយប់មិញ” ។ បន្ទាប់មក ប្ដីប្រពន្ធពីរនាក់នោះ ក៏ឈ្លោះប្រកែកគ្នាទៀត ហើយប្ដីបានស្ទុះទៅវាយតប់ប្រពន្ធ ចំនួន២ ទៅ៣ដៃ ចំលើផ្ទៃមុខ បណ្តាលឈឺចុកចាប់ ។
ប្រភពព័ត៌មានឲ្យដឹងទៀតថា ដោយឃើញទង្វើ និងសកម្មភាពបុរសជាប្តី បានប្រើអំពើហិ.ង្សាលើគ្រួសារ រួមទាំងដុតបំផ្លិចបំផ្លាញផ្ទះសម្បែងទ្រព្យសម្បត្តិខ្លួន ឯង ឆេះហ្មត់យ៉ាងដូច្នេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋាន សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនបង្ក យកទៅសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕


