
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវពលរដ្ឋគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរយកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម ។
ការអំពាវនាវក្នុងឱកាសអបអរសាទរ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ឱ្យចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ។
តាមរយៈសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២០ កុម្ភៈ ដែលផ្សព្វផ្សាយលើបណ្តាញសង្គមរបស់សម្តេច នាថ្ងៃទី២ មេសាបានលើកឡើងថា កម្ពុជា បាននិងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច និងធ្វើទំនើបកម្មលើគ្រប់វិស័យ តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយសំខាន់ៗ ជាពិសេសការជំរុញផលិតកម្មគ្រប់ប្រភេទ ឱ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋាន ការដាក់បញ្ចូលបច្ចេកវិទ្យាឌីជីថល ទៅក្នុងខ្សែច្រវាក់ផលិតកម្ម និងការលើកកម្ពស់នូវយន្តការពាក់ព័ន្ធទាំងឡាយ សំដៅជួយ ធ្វើឱ្យមានប្រសិទ្ធភាពថ្លៃដើម មានគុណភាព សោភណភាពកាន់តែល្អប្រសើរ និងមានសក្តានុពលទីផ្សារ សម្រាប់ផលិតផលក្នុងស្រុកគ្រប់ប្រភេទ ។
ឈរលើស្មារតីនេះ រាជរដ្ឋាភិបាល បានដាក់ចេញ នូវគោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយ ផលិតផលមួយ ដើម្បីជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន តាមរយៈការលើកទឹកចិត្ត ប្រជាជនឱ្យចូលរួមផលិត នូវវត្ថុធាតុដើម កែច្នៃ និងអភិវឌ្ឍផលិតផល ធ្វើឱ្យប្រជាជនមានមោទនភាព និងទទួលបានកិត្តិយស កិត្តិនាមពីផលិតផល ដែលខ្លួនបានផលិត ។
ក្នុងនោះ សម្តេចបវរធិបតី កត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការជំរុញចលនាភូមិមួយ ផលិតផលមួយ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនាំទៅដល់ការប្រែប្រួលជាវិជ្ជមាន នៃផលិតផលខ្មែរ ដូចជា គុណភាព ស្តង់ដា អនាម័យ ការវេចខ្ចប់ ជាពិសេសការដាក់ស្លាកសញ្ញាសម្គាល់លើផលិតផល ជាផលិតផលភូមិមួយផលិតផលមួយ និងឈានទៅដាក់ចំណាត់ថ្នាក់ផលិតផល ដើម្បីជួយជំរុញ និងលើកទឹកចិត្តផលិតករឆ្នើម ដែលបានខិតខំកែច្នៃ ផលិតផលប្រកបដោយគុណភាពខ្ពស់ សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ។
ក្នុងគោលបំណងលើកកម្ពស់ ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុលផុស រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនគណៈ កម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ រៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ ដែលឆ្នាំ២០២៥ នេះ គឺជាទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៨ ក្រោមប្រធានបទ «ប្រើប្រាស់ផលិតផលខ្មែរ គឺមោទនភាពជាតិខ្មែរ» ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា “ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងភាពម្ចាស់ការ។ «បើយើងជាខ្មែរ មិនគាំទ្រផលិតផលខ្មែរ តើឱ្យអ្នកណាមកគាំទ្រផលិតផល ខ្មែរ!» ។
ជាមួយគ្នានេះ សម្តេចបវរធិបតី ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែន រដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន បន្តកិច្ចសហការ ជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ដើម្បីជួយពង្រឹងផលិតករខ្មែរ ឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់ សម្បូរបែប កាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងលើទីផ្សារជាតិនិងអន្តរជាតិ ៕












