
ខេត្តព្រះសីហនុ ៖ តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង នៅវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី២ មេសា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះផ្ទះ២ខ្នង ស្ថិតនៅចំណុចក្រុម១៥ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមប្រភពដដែលបានបន្តថា ផ្ទះរងគ្រោះទី១-ម្ចាស់ឈ្មោះ អ៊ួង ស្រីនី ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់កាហ្វេ ជាប្រភេទសំណង់ផ្ទះសង់អំពីថ្មក្រោម ដំបូលប្រក់សង្ក័សីមានកម្ពស់១ជាន់ ទំហំទទឹង៨ម៉ែត្រគុណនឹងបណ្ដោយ១២ម៉ែត្រ និងផ្ទះសង់អំពីឈើជាន់ផ្ទាល់ដីមានទំហំទទឹង៤ម៉ែត្រគុណនឹងបណ្ដោយ៦ម៉ែត្រ ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ត្រូវភ្លើងឆេះអស់ទាំងស្រុង ។ ចំណែកផ្ទះរងគ្រោះទី២-ម្ចាស់ឈ្មោះ ត្រង ចំរើន ភេទ ប្រុស អាយុ៣៤ឆ្នាំ មុនរបររត់កង់បី ផ្ទះមានទំហំ៨ម៉ែត្រគុណនឹង១២ម៉ែត្រ ព្រមទាំងសម្ភាៈប្រើប្រាស់ក្នុងផ្ទះត្រូវភ្លើងឆេះអស់ទាំងស្រុង។
ចំពោះមូលហេតុ ដែលបង្កឱ្យមានអគ្គិភ័យខាងលើ មិនទាន់ដឹងនៅឡើយទេ ខណៈកំពុងស្រាវជ្រាវ ។
ករណីអគ្គិភ័យខាងលើបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន០៣គ្រឿងបានប្រើប្រាស់ទឹកអស់ ០២ ឡាន ស្មើរ ១៦ ម៉ែត្រគូប ។ រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថក្រុង-ខេត្តចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់០១ឡានស្មើ៤ម៉ែត្រគូប។
រថយន្តពន្លត់អគ្គិភ័យអង្គភាព ៩១១ចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់០៣ឡានស្មើ០៦ម៉ែត្រគូប។
ក្នុងករណីអគ្គីភ័យនេះផងដែរ មិនបង្កឲ្យមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ ៕




