-
ពលករខ្មែរ២៤នាក់ទៀត ដែលរងការរំលោភសិទ្ធិធ្ងន់ធ្ងរនៅអារ៉ាប៊ីសាអូឌីតត្រូវបានបញ្ជូនមកវិញ

ពលករខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីតចំនួន ២៤នាក់ដែលរងការរំលោភបំពានសិទ្ធិបានត្រឡប់មកដល់ប្រទេសកម្ពុជាហើយនៅថ្ងៃទី១២ឧសភានេះ។ ពលករខ្មែរទាំងនេះគឺស្ថិតនៅក្នុងចំណោមពលករជាច្រើននាក់ផ្សេងទៀត ដែលស្នើអន្តរាគមន៍វិលមកប្រទេសកម្ពុជាវិញ ក្រោមហេតុផលរងការបំពានសិទ្ធិធ្ងន់ធ្ងរពីថៅកែបរទេស។ ទន្ទឹមនឹងការត្រលប់មកមាតុប្រទេសរបស់ពលកររងគ្រោះ ក្រសួងការងារកម្ពុជាក៏បានបញ្ជាក់ពីចំណាត់ការផ្លូវច្បាប់ទៅលើក្រុមហ៊ុនបញ្ជូនពលករទៅអារ៉ាប៊ីសាអូឌីតដែលរំលោភលក្ខខណ្ឌការងារផងដែរ។

អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១២ឧសភានេះថា ក្រសួងការងារនឹងចាត់ការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុនបញ្ជូននិងទទួលពលករពីប្រទេសកម្ពុជាទៅអារ៉ាប៊ីសាអូឌីតណា ដែលរកឃើញថាបានរំលោភបំពានលក្ខខណ្ឌការងារ។ តាមលោក កត្តា អ៊ន ក្រសួងការងារកំពុងស៊ើបអង្កេតយ៉ាងល្អិតល្អន់ក្នុងសំណុំរឿងនេះ និងថាប្រសិនបើរកឃើញមានការប្រព្រឹត្តិខុសនឹងច្បាប់មែន ក្រសួងការងារនឹងលុបអាជ្ញាប័ណ្ណក្រុមហ៊ុននោះចោល ជាមួយការផាកពិន័យជាទឹកប្រាក់។ នេះនៅពុំទាន់រាប់បញ្ចូលចំណាត់ការផ្លូវច្បាប់ផ្នែកព្រហ្មទណ្ឌនៅឡើយទេ។
តាមការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន ពលករខ្មែរទាំង២៤នាក់នេះគឺជាពលករស្របច្បាប់ដែលបានបញ្ជូនទៅធ្វើការនៅអារ៉ាប៊ីសាអូឌីតដោយក្រុមហ៊ុនឈ្មោះថា ហ្វាទីណា។ ក្រុមហ៊ុន ហ្វាទីណានេះ កាលពីថ្ងៃទី៥ឧសភាកន្លងទៅបានធានាអះអាងថានឹងសម្របសម្រួលកិច្ចអន្តាគមន៍ជួយដល់ពលករខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីតណាដែលមានបំណងចង់វិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាពនិងស្របតាមច្បាប់។
គួររម្លឹកថា ក្រុមពលករខ្មែរនៅអារ៉ាប៊ីសាអ៊ូឌីតមួយក្រុមបានស្រែករកជំនួយអន្តរាគមន៍តាមបណ្តាញសង្គមកាលពីអំឡុងខែមេសាកន្លងទៅថ្មីនេះ ដោយអះអាងថា ពួកគេកំពុងរងការបង្ខាំងធ្វើបាប និងបង្អត់អាហារពីថៅកែ។ ក្រុមពលករអះអាងទៀតថា មុនដាក់ពាក្យមកធ្វើការ ក្រុមហ៊ុនហ្វាទីណាបញ្ជាក់ថា ពួកគេនឹងទទួលប្រាក់ខែ៤០០ដុល្លារ និងធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃ ក៏ប៉ុន្តែតាមពិតជាក់ស្តែង ពួកគេត្រូវធ្វើការច្រើនលើសម៉ោងដែលកំណត់។ អ្នកខ្លះធ្វើ ១៨ម៉ោងក្នុងមួយថ្ងៃ និងអ្នកខ្លះធ្វើការរហូតដល់ទៅ ២២ម៉ោង។ នេះបើតាមក្រុមពលករខ្មែរនៅអារ៉ាប៊ីសាអូឌីត។
គួរជម្រាបថា ពលករខ្មែរធ្វើការនៅអារ៉ាប៊ីសាអូឌីមានសរុប ១៣៣នាក់ ក្នុងនោះ ១១៤នាក់បានស្នើសុំត្រលប់មកស្រុកខ្មែរវិញ។ យោងតាមក្រសួងការងារ គិតត្រឹមថ្ងៃទី១២ឧសភានេះ ពលករខ្មែរនៅអារ៉ាប៊ីសាអូឌីតសរុបចំនួន ៥២នាក់ បានបញ្ជូនមកដល់ប្រទេសកម្ពុជាវិញ ខណៈពលករសេសសល់ផ្សេងទៀត ក្រសួងការងារអះអាងបញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់៕
-
ស្រ្តីម្នាក់នេះ គ្រងឯកសណ្ឋានជានគរបាលជាតិ ដែលរងការចោទប្រកាន់ថា ដើរបោកប្រាស់យកលុយកាក់ប្រជាពលរដ្ឋ មិនមែនជានគរបាលនោះទេគឺជាជនឆបោក

រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ៖ ក្រោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្មងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យបើកការស្រាវជ្រាវករណីស្ដ្រីម្នាក់ ក្នុងរូបភាពជាមន្ដ្រីនគរបាល ថាជាកូនចៅរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋអះអាងចោទប្រកាន់ថា បានចាញ់បោកលុយកាក់ទៅលើស្រ្តីនេះអស់ជាច្រើននោះ ។
នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចបញ្ជាក់អំពីលទ្ធផលនៃការស្រាវជ្រាវគឺស្ដ្រីក្នុងរូបភាពជានគរបាលនេះ គឺគ្រងឯកសណ្ឋានក្លែងបន្លំជានគរបាល គឺការពិតជាជនឆបោកប្រាកដមែន ពោលឈ្មោះស៊ុន ស៊ីន នៅលើផ្លាកឈ្មោះជាមនុស្សប្រុស បម្រើការងារនៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ហើយ អត្ដលេខ៨៦៣៤៣ ភេទប្រុស ជាមន្ដ្រី នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ឯកឧត្តមស្នងការ ក៏បានអំពាវនាវជនរងគ្រោះក្នុងករណីបោកប្រាស់លុយកាក់នេះ សូមមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរឺនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីអនុវត្តតាមនីតិវិធី៕

-
គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១២ ឧសភា កើតឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១២លើក (យប់ ០៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រី ០០នាក់), រងរបួសសរុប ១៤នាក់ (ស្រី ០៣ក់), រងរបួសធ្ងន់ ១០នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០៤នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ០៧នាក់ (យប់ ០៣នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៨លើក (ស្លាប់ ០២នាក់, ធ្ងន់ ០៨នាក់, ស្រាល ០២នាក់) , មិនគោរពសិទិ្ឋ ០៣លើក (ស្លាប់ ០១នាក់, ធ្ងន់ ០២នាក់, ស្រាល ០០នាក់) និងប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០២នាក់) ៕

-
ក្រុមការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌ សម្ភារៈបច្ចេកទេស យុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ )៖ នៅព្រឹកថ្ងៃអាទិត្យ ៥ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ស៊ុំ គឹមហ៊ួ ស្នងការរងហិរញ្ញកិច្ច និងភស្ភុភារ រួមក្រុមការងារ បានចុះធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌ សម្ភារៈបច្ចេកទេស យុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
កិច្ចប្រជុំនេះមានការចូលរួមពី លោកឧត្តមសេនីត្រី វ៉ាត ចន្ថា ស្នងការរង តំណាងឱ្យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក ឧត្តមសេនីយ៍ត្រី ស្នងការរង លោកនាយការិយាល័យ នាយរងការិយាល័យ អធិការនគរបាលក្រុងស្រុក ទាំង ៩ក្រុង-ស្រុក ។
លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា បានជួបសំណេះសំណាល និងទទួលស្វាគមន៍ក្រុមការងារ និងរាយការណ៍ជូនពី បញ្ជីសារពើភណ្ឌ សម្ភារៈបច្ចេកទេស យុទ្ធោបករណ៍ របស់ស្នងការដ្ឋាននគរបាលខេត្ត រួមអធិការនគរបាលក្រុងស្រុកទាំង៩ ។
លោកឧត្តមសេនីយ៍ទោ ស៊ុំ គឹមហ៊ួ ស្នងការរងហិរញ្ញកិច្ច និងភស្ភុភារ បានលើកឡើងថា ៖ យោងលិខិតបង្គាប់ការលេខ ០១៨លបក ដែលចេញដោយឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់តាំងក្រុមការងាររបស់លោក ចុះធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌ សម្ភារៈបច្ចេកទេស យុទ្ធោបករណ៍ នៅតាមរាជធានីខេត្ត ។ថ្ងៃនេះក្រុមការងារបានចុះ ធ្វើកិច្ចការនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លើកិច្ចការ ៖១-ត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌមធ្យោបាយសម្ភារៈបច្ចេកទេសនិងយុទ្ធោបករណ៍របស់អង្គភាព ២-សិក្សាអំពីតម្រូវការ នឹងផ្ដើមស្នើបំពាក់មធ្យោបាយ សម្ភារៈបច្ចេកទេស យទ្ធោបករណ៍ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការ ។ ៣-របាយការណ៍បូកសរុបលទ្ធផលបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌមធ្យោបាយ សម្ភារៈបច្ចេកទេស យុទ្ធោបករណ៍៕






-
កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅផ្ទៃទន្លេសាបក្នុងស្រុកក្រគរ


ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃអង្គារ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ លោក ភុន សុវណ្ណា នាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង សហការជាមួយក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយលោកវរសេនីយ៍ឯក គុជ សុភាព តំណាងអគ្គស្នងការនគរបាលជាតិ រួមមានកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ ដែលមានកម្លាំងសរុបចំនួន ៣២នាក់និងកាណូតចំនួន៣គ្រឿង បានចុះអធិការកិច្ចនិងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅផ្ទៃបឹងទន្លេសាប ចំណុចក្រចាប់ ឃុំអន្សាចំបក់ ស្រុកក្រគរ ជាប់ព្រំប្រទល់ខេត្តពោធិ៍សាត់-ខេត្តកំពង់ឆ្នាំង ។
លោកវរសេនីយ៍ឯក សៀន វិរ: នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង០១និង២៥នាទីរសៀល ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានទទួលបញ្ជាពីទូរស័ព្ទប្រចាំបញ្ជាលេខ 023727105 របស់អគ្គស្នងការនគរបាលជាតិ ថាមានប្រជាពលរដ្ឋប្ដឹងករណីលួចប្រព្រឹត្ដបទល្មើសនេសាទខុសច្បាប់ នៅផ្ទៃបឹងទន្លេសាប ចំណុចក្រចាប់ ឃុំអន្សាចំបក់ ស្រុកក្រគរ ជាប់ព្រំប្រទល់ខេត្ត ពោធិ៍សាត់-កំពង់ឆ្នាំង ព្រមទាំងបានសំណូមពរឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះបង្ក្រាបករណីនេះផងដែរ ។
កម្លាំងសមត្ថកិច្ចចម្រុះបានសហការចុះពិនិត្យជាក់ស្ដែង និងអធិការកិច្ចរួច ក្រុមការងារបានធ្វើការរុះរើបំផ្លាញចោលនឹងវត្ថុតាងរួមមាន ៖ -របាំងស្បៃមុង០៦ខ្សែ ប្រវែង ១៧៥០ម៉ែត្រ -លូកងស្បៃមុងចំនួន ១៥គ្រឿង -បង្គោលចំនួន២៥០ដើម និងកូនត្រីចម្រុះចំនួន៥៥គីឡូក្រាម ។
លោកវរសេនីយ៍ឯក សៀន វិរ: បានបន្តទៀតថា ចំពោះវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះយើងបំផ្លាញចោលនៅហ្នឹងកន្លែង និងបានលែងកូនត្រីចម្រុះចំនួន៥៥គីឡូក្រាមចូលក្នុងទឹកទន្លេវិញ ៕



