ពលករខ្មែរ២៤នាក់ទៀត ដែលរង​ការរំលោភសិទ្ធិធ្ងន់ធ្ងរ​​នៅ​អារ៉ាប៊ីសាអូឌីតត្រូវបានបញ្ជូនមកវិញ

ពលករខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីតចំនួន ២៤នាក់ដែលរងការរំលោភបំពានសិទ្ធិបានត្រឡប់មកដល់ប្រទេសកម្ពុជាហើយ​​​នៅថ្ងៃទី​១២ឧសភានេះ។ ពលករខ្មែរ​ទាំងនេះគឺ​ស្ថិតនៅក្នុងចំណោមពលករ​ជាច្រើននាក់ផ្សេងទៀត​ ដែលស្នើអន្តរាគមន៍​​វិល​មកប្រទេស​​កម្ពុជាវិញ ក្រោមហេតុផល​រងការបំពានសិទ្ធិធ្ងន់ធ្ងរ​ពីថៅកែបរទេស។ ទន្ទឹមនឹងការត្រលប់មក​មាតុប្រទេសរបស់ពលករ​រងគ្រោះ​ ក្រសួងការងារកម្ពុជាក៏បានបញ្ជាក់ពីចំណាត់ការផ្លូវច្បាប់ទៅលើក្រុមហ៊ុនបញ្ជូនពលករ​ទៅអារ៉ាប៊ីសាអូឌីតដែល​រំលោភលក្ខខណ្ឌការងារ​ផងដែរ។

អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី​១២ឧសភានេះថា ក្រសួងការងារ​នឹង​​ចាត់ការតាមផ្លូវច្បាប់​​ទៅលើក្រុមហ៊ុន​បញ្ជូន​និងទទួលពលករពីប្រទេសកម្ពុជាទៅ​អារ៉ាប៊ីសាអូឌីតណា ដែលរកឃើញថាបាន​រំលោភបំពាន​លក្ខខណ្ឌ​ការងារ។ តាម​លោក កត្តា អ៊ន ក្រសួងការងារ​កំពុងស៊ើបអង្កេត​យ៉ាងល្អិតល្អន់ក្នុងសំណុំ​រឿងនេះ និងថា​ប្រសិនបើ​​រកឃើញមានការប្រព្រឹត្តិខុសនឹងច្បាប់មែន ក្រសួងការងារនឹងលុបអាជ្ញាប័ណ្ណ​ក្រុមហ៊ុននោះចោល​ ជាមួយការផាកពិន័យជាទឹក​ប្រាក់​​។​ នេះនៅពុំទាន់រាប់បញ្ចូល​ចំណាត់ការផ្លូវច្បាប់ផ្នែក​​​ព្រហ្មទណ្ឌនៅឡើយទេ។

តាមការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន ពលករខ្មែរទាំង២៤នាក់នេះគឺជាពលករស្របច្បាប់​ដែលបានបញ្ជូន​ទៅធ្វើការនៅអារ៉ាប៊ីសាអូឌីតដោយក្រុមហ៊ុនឈ្មោះថា ហ្វាទីណា។ ក្រុមហ៊ុន ហ្វាទីណានេះ កាលពីថ្ងៃទី​៥ឧសភាកន្លងទៅបានធានាអះអាង​ថានឹងសម្របសម្រួលកិច្ច​អន្តាគមន៍ជួយដល់ពលករខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីតណាដែលមានបំណងចង់វិលត្រឡប់មកប្រទេស​កម្ពុជាវិញ ដោយសុវត្ថិភាព​និងស្របតាមច្បាប់​។

គួររម្លឹកថា ក្រុមពលករខ្មែរ​នៅអារ៉ាប៊ីសាអ៊ូឌីត​​មួយក្រុម​​បានស្រែករកជំនួយ​អន្តរាគមន៍​តាមបណ្តាញសង្គម​កាលពីអំឡុងខែមេសាកន្លងទៅថ្មីនេះ ដោយអះអាង​ថា ​ពួកគេកំពុង​​រងការបង្ខាំងធ្វើបាប និងបង្អត់អាហារពីថៅកែ​។ ក្រុមពលករអះអាងទៀត​​ថា មុនដាក់ពាក្យមកធ្វើការ​ ក្រុមហ៊ុនហ្វាទីណាបញ្ជាក់ថា ពួកគេនឹងទទួលប្រាក់ខែ​​៤០០ដុល្លារ និងធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃ ក៏ប៉ុន្តែ​តាមពិតជាក់ស្តែង ​​ពួកគេត្រូវធ្វើការច្រើនលើសម៉ោងដែលកំណត់។ អ្នកខ្លះ​ធ្វើ ១៨ម៉ោងក្នុងមួយថ្ងៃ និងអ្នកខ្លះធ្វើការរហូតដល់ទៅ ២២ម៉ោង។ នេះបើតាមក្រុម​ពលករខ្មែរនៅអារ៉ាប៊ីសាអូឌីត។

គួរជម្រាបថា ពលករខ្មែរ​ធ្វើការនៅអារ៉ាប៊ីសាអូឌីមាន​សរុប ១៣៣នាក់ ក្នុងនោះ ១១៤នាក់បានស្នើសុំត្រលប់មកស្រុក​ខ្មែរវិញ។ យោងតាម​ក្រសួងការងារ គិតត្រឹមថ្ងៃទី​១២ឧសភានេះ ពលករ​ខ្មែរនៅអារ៉ាប៊ីសាអូឌីតសរុប​​ចំនួន​ ៥២​នាក់ បានបញ្ជូន​មកដល់ប្រទេស​កម្ពុជា​​វិញ ខណៈពលករសេស​សល់ផ្សេង​​ទៀត ក្រសួងការងារអះអាង​​បញ្ជូន​មកកម្ពុជាវិញ​ជាបន្តបន្ទាប់​​​៕

Leave a comment