
ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃអង្គារ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ លោក ភុន សុវណ្ណា នាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង សហការជាមួយក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយលោកវរសេនីយ៍ឯក គុជ សុភាព តំណាងអគ្គស្នងការនគរបាលជាតិ រួមមានកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ ដែលមានកម្លាំងសរុបចំនួន ៣២នាក់និងកាណូតចំនួន៣គ្រឿង បានចុះអធិការកិច្ចនិងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅផ្ទៃបឹងទន្លេសាប ចំណុចក្រចាប់ ឃុំអន្សាចំបក់ ស្រុកក្រគរ ជាប់ព្រំប្រទល់ខេត្តពោធិ៍សាត់-ខេត្តកំពង់ឆ្នាំង ។
លោកវរសេនីយ៍ឯក សៀន វិរ: នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង០១និង២៥នាទីរសៀល ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានទទួលបញ្ជាពីទូរស័ព្ទប្រចាំបញ្ជាលេខ 023727105 របស់អគ្គស្នងការនគរបាលជាតិ ថាមានប្រជាពលរដ្ឋប្ដឹងករណីលួចប្រព្រឹត្ដបទល្មើសនេសាទខុសច្បាប់ នៅផ្ទៃបឹងទន្លេសាប ចំណុចក្រចាប់ ឃុំអន្សាចំបក់ ស្រុកក្រគរ ជាប់ព្រំប្រទល់ខេត្ត ពោធិ៍សាត់-កំពង់ឆ្នាំង ព្រមទាំងបានសំណូមពរឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះបង្ក្រាបករណីនេះផងដែរ ។
កម្លាំងសមត្ថកិច្ចចម្រុះបានសហការចុះពិនិត្យជាក់ស្ដែង និងអធិការកិច្ចរួច ក្រុមការងារបានធ្វើការរុះរើបំផ្លាញចោលនឹងវត្ថុតាងរួមមាន ៖ -របាំងស្បៃមុង០៦ខ្សែ ប្រវែង ១៧៥០ម៉ែត្រ -លូកងស្បៃមុងចំនួន ១៥គ្រឿង -បង្គោលចំនួន២៥០ដើម និងកូនត្រីចម្រុះចំនួន៥៥គីឡូក្រាម ។
លោកវរសេនីយ៍ឯក សៀន វិរ: បានបន្តទៀតថា ចំពោះវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះយើងបំផ្លាញចោលនៅហ្នឹងកន្លែង និងបានលែងកូនត្រីចម្រុះចំនួន៥៥គីឡូក្រាមចូលក្នុងទឹកទន្លេវិញ ៕



