នៅប្រទេសទុយនីស៊ី មហាជនច្រើនរយពាន់នាក់ នាំគ្នាចុះផ្លូវតវ៉ា សម្តែងមតិប្រឆាំងនឹងរដ្ឋអំណាច ដែលបានចាប់ឃុំខ្លួន មេធាវីម្នាក់ និង អ្នកកាសែត២នាក់ នៅថ្ងៃចុងសប្តាហ៍នេះ។ ក្រៅទាមទារឲ្យដោះលែងជនជាប់ចំណង, ចលនាតវ៉ានេះ ក៏ទាមទារឲ្យរៀបចំការបោះឆ្នោតឡើងវិញដែរ។ បាតុករខ្លះថែមទាំងស្រែកបណ្តេញប្រធានាធិបតីចេញពីតំណែងទៀតផង។ ប្រមាណជា២ឆ្នាំចុងក្រោយនេះ អង្គការសិទ្ធិមនុស្សរិះគន់ថា ប្រធានាធិបតីទុយនីស៊ី កាន់តែប្រើអំណាចខ្លាំងឡើងៗ ដោយបញ្ជាឲ្យចាប់ឃុំខ្លួនអ្នកដែលប្រឆាំងនឹងខ្លួន ដោយសំអាងលើក្រឹត្យច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ។

នគរបាលទុយនីស៊ី បានសម្រេចចាប់ឃុំខ្លួន អ្នកកាសែតវិទ្យុនិងទូរទស្សន៍ ចំនួន ២ នាក់ នៅថ្ងៃអាទិត្យ បន្ទាប់ពី ពិធីករនិងអ្នកអត្ថាធិប្បាយព័ត៌មានទាំង២នាក់នោះ បានវិភាគ និងរិះគន់ចំពោះសកម្មភាពរបស់កម្លាំងសមត្ថកិច្ច។ កម្លាំងសមត្ថកិច្ចទុយនីស៊ីបានសម្រុកចូលទៅចាប់ឃាត់ខ្លួនលោកស្រីមេធាវី សុន្យា ដាហាម៉ានី យ៉ាងកម្រោល នៅក្នុងការិយាល័យមេធាវី កាលពីថ្ងៃសៅរ៍ ទី១១ឧសភា។ ទូរទស្សន៍បារាំង France24 ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសមត្ថិច្ចទុយនីស៊ី ដែលកន្ត្រាក់ជើងកាមេរ៉ារបស់អ្នកកាសែត ដែលកំពុងថតរាយការណ៍សកម្មភាពនៅកន្លែងកើតហេតុ។
ការឃុំខ្លួនអ្នកកាសែតនិងចាប់ខ្លួនមេធាវីចុងសប្តាហ៍នេះ បង្កឲ្យមានក្តីក្តៅក្រហាយដល់សាធារណៈជន នៅទុយនីស៊ី។ ប្រជាពលរដ្ឋទុយនីស៊ី បណ្តាអ្នកកាសែត ក្រុមមេធាវី រួមកម្លាំងជាមួយចលនានយោបាយប្រឆាំងផង បានចុះផ្លូវតវ៉ាជាខ្លាំង នៅថ្ងៃអាទិត្យ ទី១២ឧសភា។ ទន្ទឹមនឹងគ្នានេះដែរ គណៈមេធាវីជាតិទុយនីស៊ី ក៏បានអះអាងថានឹងធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋអំណាចជាបន្តទៅទៀត នៅថ្ងៃច័ន្ទ-ថ្ងៃអង្គារដើមសប្តាហ៍។
មុនពេលត្រូវចាប់ខ្លួន លោកស្រីមេធាវី សុន្យា ដាហាម៉ានី បានរិះគន់ថ្កោលទោសប្រធានាធិបតី កាអ៊ីស សាអ៊ីដ ចំពោះនយោបាយរើសអើងជនភៀសខ្លួន។ ជនភៀសខ្លួន ដែលបានរត់ចេញពីប្រទេសអាហ្វ្រិកដទៃចូលមកកាន់ទុយនីស៊ី ដែលជាទូទៅរង់ចាំឱកាសឆ្លងដែនបន្តមកទ្វីបអឺរ៉ុប។ តាំងពីចុងឆ្នាំ ២០២៣ ប្រមុខរដ្ឋទុយនីស៊ី បានជំរុញចំណាត់ការនិងចេញសេចក្តីថ្លែងការណ៍នានា សំដៅចង់បិទខ្ទប់ បិទបញ្ចប់ដំណើរជនភៀសខ្លួនខុសច្បាប់ចូលមកកាន់ទឹកដីរបស់ខ្លួន។ កាលពីថ្ងៃច័ន្ទមុន ប្រធានាធិបតីទុយនីស៊ី បានថ្លែងថា ប្រទេសរបស់គាត់ មិនមែនជាកន្លែងចុះថត ហើយក៏មិនមែនជាស្ពានចម្លងជនភៀសខ្លួនទេ។ ទន្ទឹមនោះ ប្រមុខរដ្ឋទុយនីស៊ី ក៏ថ្លែងរិះគន់ចំពោះសមាគមអង្គការសិទ្ធិមនុស្សនិងក្រុមមេធាវី ដែលជួយការពារសិទ្ធិជនភៀសខ្លួន ទាំងនោះដែរ។
ផ្ទុយទៅវិញ ចំពោះអង្គការសង្គមស៊ីវិល, ប្រធានាធិបតី កាអ៊ីស សាអ៊ីដ បានរំលោភអំណាចខ្លាំងឡើងៗ និងជិះជាន់បំពានសិទ្ធិមនុស្សធ្ងន់ធ្ងរទៅៗ ចាប់តាំង ពីខែកក្កដាឆ្នាំ២០២១មក ដោយបានរំលាយបិទរដ្ឋសភាចោល ហើយនិងដឹកនាំប្រទេសដោយចេញក្រឹត្យប្រធានាធិបតី។ នៅខែកញ្ញា ២០២២ លោកបានប្រកាសឲ្យប្រើក្រឹត្យស្តីពីការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ក្រឹត្យប្រធានាធិបតីនេះបានប្រើជាលេស សម្រាប់ចាប់សកម្មជននយោបាយប្រឆាំង អ្នកសារព័ត៌មាន និងមេធាវី ដែលរិះគន់រដ្ឋអំណាច។ គ្រាន់តែជាង១ឆ្នាំកន្លះចុងក្រោយនេះ មានអ្នកកាសែត មេធាវី និងអ្នកនយោបាយប្រឆាំង ចំនួនជាង ៦០នាក់ ត្រូវរងពាក្យបណ្តឹង និងត្រូវចាប់ឃុំខ្លួន៕
