បុគ្គលិក​ក្រុមហ៊ុន​បច្ចេកវិទ្យា Apple បោះឆ្នោត​ធ្វើ​កូដកម្ម​ជាលើកទី១​ នៅ​សហរដ្ឋ​អាមេរិក

នៅរដ្ឋម៉ារីលែន ​​​បុគ្គលិកសាខា​​ក្រុមហ៊ុន​បច្ចេកវិទ្យា Apple បាន​បោះឆ្នោត កាលពីថ្ងៃសៅរ៍ ទី​១១ឧសភា សម្រេច​យល់ព្រម​ឲ្យរៀបចំ​ធ្វើ​​​កូដកម្ម ក្នុង​​ពេល​ដ៏ខ្លី​ខាងមុខ។ ការ​ប្រកាស​សម្តែង​មតិ​ឈប់ អត់​ធ្វើការ ​ពីសំណាក់​​បុគ្គលិក​Appleនេះ ជាលើកដំបូង​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​​បច្ចេកវិទ្យាដ៏ល្បីល្បាញ​របស់​អាមេរិក។ ដំណឹងកូដកម្ម​​នេះ ប្រកាសដោយ​ក្រុម​សហជីព ដោយ​រិះគន់​ថ្កោលទោស​ផង​ថា ក្រុមហ៊ុន​Apple បាន​រើសអើង​បុគ្គលិក​ដែល​បាន​សម្រេច​ចិត្ត​ចូលជា​​សមាជិក​សហជីព។​ ​​​ ​

បណ្តា​បុគ្គលិក ចំនួន​៩៨% សាខា​​ក្រុមហ៊ុន​បច្ចេកវិទ្យា Apple នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​Towson ក្នុង​រដ្ឋ​ម៉ារីលែន បានសម្រេចបោះឆ្នោត​​គាំទ្រឲ្យ​ធ្វើ​កូដកម្ម​។ កូដកម្ម​ក៏ពីព្រោះតែ​ការចរចាគ្នា រវាង​តំណាង​ក្រុមហ៊ុន​និង​សហជីព ប្រមាណ​ជា​១ឆ្នាំ​មកហើយ គ្មាន​បាន​លទ្ធផល​គួរ​ជាទី​គាប់​ចិត្តសោះ​​។ បើតាម​សេចក្តីប្រកាស​របស់​សហជីព, បុគ្គលិកអាមេរិក​ទាមទារ​ឲ្យ​​ក្រុមហ៊ុន​​ Apple ​ត្រូវ​ចាត់ចែង​លក្ខ​ខណ្ឌ​ការងារ​​​ឲ្យ​សមស្រប​រវាងមុខងារ​​វិជ្ជាជីវៈ​និង​ជីវិត​ឯកជនរបស់ពួក​គេ​ ដ្បិតថា ម៉ោងពេល​ធ្វើការ​កន្លងទៅ បានប៉ះពាល់​ដល់​ជីវិតផ្ទាល់​ខ្លួនរបស់បុគ្គលិក​សម្បើម ណាស់។ បុគ្គលិក Apple ​ក៏​ទាមទារ​ដំឡើង​ប្រាក់​ខែ​ ដោយ​ស្នើ​​ក្រុមហ៊ុន​ទូទាត់​ឲ្យ​សមស្រប​ទៅនឹង​អត្រា​អតិផរណា​ទំនិញ​ ដ្បិតថា ប្រាក់ខែរាល់ថ្ងៃ ​មិន​អាចរត់​រួច​ឡើង​ នឹងការ​ចំណាយលើសលប់ ​ដែល​ចេះតែថ្លៃ​ឡើងៗ​។​

​​បុគ្គលិកសាខា​​ក្រុមហ៊ុន​បច្ចេកវិទ្យា Apple នៅរដ្ឋ​ម៉ារីលែន និង​នៅក្រុងអូខ្លាអូម៉ា បាន​បោះឆ្នោត​ចូលរួម​ជាមួយ​ក្រុម​សហជីពពលករវិស័យ​មេកានិច​និង​លំហ (IAM CORE) នៅខែមិថុនា ឆ្នាំ២០២២។ គ្រានោះ មាន​បុគ្គលិក ចំនួន​ ​៦៥ ក្នុងចំណោម​ ៩៨ នាក់​ ដែល​បោះឆ្នោះ​យល់ព្រមភ្ជាប់ខ្លួន​ទៅនឹង​សហជីព។​ កាលណោះ ជាលើកទី១ ដែល​មា​នមាន​បុគ្គលិក​ក្រុមហ៊ុន​យក្ស​Apple ចូល​ជាសមាជិក​សហជីព​ក្នុងវិស័យ​នេះ ហើយ​នៅគ្រា​នេះ​ ក៏ជាលើកទី១ថែមទៀត ក្នុងប្រវត្តិសាស្ត្រ ដែលពួក​គេបាន​​ឯកភាព​យល់ព្រម​ឲ្យ​រៀបចំធ្វើដូកកម្ម។​ តាម​គម្រោង​ កូដកម្មអាច​​នឹងត្រូវ​រៀបចំ​ធ្វើ នៅថ្ងៃទី​២១ ឧសភា ខាងមុខ​ ពោល​គឺ​ស្រប​ពេលដែល​​តំណាង​ក្រុមហ៊ុន​និង​សហជីព ត្រូវ​ជួប​​ចរចាគ្នា​។ នេះបើតាម​ប្រភពពី​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអេហ្វប៉េ។

ជាមួយ​គ្នា​នេះដែរ ភាគី​សហជីព ​​រិះគន់​ថ្កោលទោស​​​ថា ក្រុមហ៊ុន​Apple បាន​រើសអើង​បុគ្គលិក​ដែល​បាន​សម្រេច​ចិត្ត​ចូលជា​​សមាជិក​សហជីព ហើយ​និង​មិន​លើកទឹកចិត្ត​ឲ្យ​បុគ្គលិកផ្សេងទៀត​ ​ចូល​ជា​សមាជិក​សហជីព​នោះទេ​។​ ​​​ករណី​នេះ ក្រុមហ៊ុន​Apple ក៏​ទទួល​រង​បណ្តឹង​ជាច្រើន​ ប្តឹង​ប្រឆាំងនឹងខ្លួន ដាក់ទៅកាន់​ក្រុមប្រឹក្សា​ជាតិ​ទំនាក់ទង​ពលករ​អាមេរិក។​

កូដកម្ម​របស់​បុគ្គលិក​​Apple នៅ​​រដ្ឋ​ម៉ារីលែន ទំនងជា​មិនមាន​ចំនួន​​ច្រើនទេ​​ ក៏ប៉ុន្តែ វា​ជានិមិត្ត​រូប​ឥទ្ធិពល​ដ៏​សំខាន់​លើឆាកអន្តរជាតិ ហើយ​វា​ជា​ចលនា​ទី១ ​រួច​នឹង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​បុគ្គលិក​នៅកន្លែង​ផ្សេងទៀត ងើប​ឈរ​សម្តែង​មតិ​ដែរ។ នេះបើតាម​លោក​ Kate Bronfenbrenner អ្នក​ជំនាញ​អាមេរិក សិក្សា​ស្រាវជ្រាវ​ផ្នែក​ពលកម្ម​និង​ឧស្សហកម្ម ដែល​បាន​ផ្តល់​សម្ភាស​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។ Reuters និង ​​អាអេហ្វប៉េ បាន​ទាក់ទង​សុំ​ការ​បំភ្លឺពី​តំណាង​ក្រុមហ៊ុន​ Apple ដែរ ពីថ្ងៃសៅរ៍ តែគ្មាន​ចម្លើយ។​

ចំណែក​នៅប្រទេស​បារាំងវិញ​ កាលពី​ខែ​កញ្ញា​ឆ្នាំទៅមិញ មាន​បុគ្គលិក​​ក្រុមហ៊ុន​​ Apple ​ ចំនួន​​ ១ភាគ៣  នៃសាខាលក់​របស់​​ក្រុមហ៊ុន​​ Apple ​ នៅបារាំង បាន​នាំគ្នា​ធ្វើ​កូដកម្ម​សម្តែង​មតិ​ នៅ​ចំ​ថ្ងៃ​ដែល​ក្រុមហ៊ុន​យក្ស​អាមេរិក​នេះ បើកសម្ពោធ​ដំណើរការ​​ចេញលក់ទូរសព្ទ​ Iphone ជំនាន់ទី​១៥។ កូដកម្ម​នៅបារាំង​កាលនោះ ​ទាមទារ​ឲ្យ​តម្លៃប្រាក់​ខែ​ ឲ្យសមរម្យ​​ស្រប​ទៅនឹង​កម្រិត​ជីវភាព​ ខណៈពេល​ដែល​ទំនិញ​ចេញឡើងថ្លៃ​​៕

Leave a comment