រុស្ស៊ីប្រកាសជួយកូរ៉េខាងជើងដែលកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារ​គ្រោះទឹកជំនន់

នៅ​ថ្ងៃសៅរ៍ទី៣សីហា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានថ្លែងទៅកាន់ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំពី”ការគាំទ្រ” របស់ខ្លួន ចំពោះកូរ៉េខាងជើង ដែលក្នុងខែកក្កដាកន្លងទៅ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់។ នេះបើតាម​សេចក្តីថ្លែងការណ៍របស់​វិមាន​ក្រេមឡាំង។

ក្នុងសារផ្ញើជូនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានថ្លែងជាអាទិ៍ ៖ យើងសូមចែករំលែក សោកនាដកម្ម និង ការកាន់ទុក្ខនៃប្រជាជនសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េជាមិត្ត។  “កូរ៉េជាមិត្ត អាចទុកចិត្តជានិច្ចលើជំនួយ និងការគាំទ្រ របស់យើង” -លោក ពូទីន គូសបញ្ជាក់។

តាមទីភ្នាក់ងារព័ត៏មានរដ្ឋកូរ៉េខាងជើង KCNA លោកប្រធានាធិបតីរុស្ស៊ី “ បានសំដែងឆន្ទៈខ្លួន ផ្តល់ជំនួយ មនុស្សធម៌ជាបន្ទាន់ភ្លាម ដើម្បីស្ដារកសាងឡើងវិញប្រទេសនេះ ដែលរងការខូចខាតខ្លាំង ដោយទឹកជំនន់។

ទោះបីសំដែងអំណរគុណមកកាន់លោក វ៉្លាឌីមៀរ ពូទីន ក្តី លោក គីម ជុង អ៊ុន នៅមិនទាន់ យល់​ព្រម ទទួលជំនួយនេះឡើយ  ដោយ ដោះសាថា “ផែនការស្ដារឡើងវិញនោះ ត្រូវបានគ្រោងទុករួចទៅ​ហើយ។ រដ្ឋកូរ៉េខាងជើងផ្ទាល់ក៏បាន ចាត់វិធានការស្រចបាច់ក្នុងដំណាក់បច្ចុប្បន្ន “។ ប៉ុន្តែ “ បើជំនួយណាមួយស្រាប់តែត្រូវការ ជាចាំបាច់នៅពេលក្រោយ នោះលោក គីម ជុងអ៊ុន នឹងធ្វើសំណូមពរទៅកាន់មិត្តដ៏ស្និទ្ធ នៅម៉ូស្គូ “ នេះបើតាមទីភ្នាក់ងារ KCNA។

មុននេះ​មួយថ្ងៃ មេដឹកនាំ​កូរ៉េខាងជើង​បានទាត់ចោល “ ពាក្យចចាមអារ៉ាមក្លែងបន្លំ” ព័ត៌មាន​ផ្សព្វផ្សាយនៅ កូរ៉េខាងត្បូងដែលថា ទឹកជំនន់នៅកូរ៉េខាងជើង តាមបណ្តោយជាប់នឹងព្រំដែនចិន បានត្របាក់ជីវិត មនុស្ស រហូតដល់ ១.៥០០ នាក់។  លោក គីម បានអះអាងថា ក្នុងគ្រោះទឹកជំនន់នោះ គ្មាននរណាម្នាក់ ធ្លាក់ខ្លួន ស្លាប់ឡើយ  រីឯ អ្នកស្រុកដល់ទៅ ៥.០០០ នាក់ ត្រូវបានជម្លៀស ទៅទទួលជម្រកនៅលើដីគោក។

រដ្ឋាភិបាលកូរ៉េខាងត្បូង ថ្ងៃព្រហស្បតិ៍ក៏បានស្នើផ្តល់ជំនួយដែរ ប៉ុន្តែ ក្រុង ព្យុងយ៉ាង ដែលតាំងពីខែមេសា ឆ្នាំ ២០២៣ មក មិនព្រមឆ្លើយតបសោះនឹង សេចក្តីអំពាវនាវរបស់ក្រុង សេអ៊ូល  ស្តីពី ខ្សែទំនាក់ទំនងរវាង កូរ៉េទាំងពីរ បានធ្វើថ្លង់ធ្វើខ្វាក់ ចំពោះជំនួយនេះ។

ក្នុងខែកក្កដា កូរ៉េខាងជើង បានរងភ្លៀងធ្លាក់សែនខ្លាំងមិនធ្លាប់មាន គឺ ដូចទឹកជ្រោះ។ នៅតំបន់និរតី នៃ ប្រទេស ដូចជាក្រុង កេសុង  កត់ត្រាឃើញភ្លៀងធ្លាក់ដល់ ៤៦៣ មីលីម៉ែត្រ តែក្នុងមួយថ្ងៃ ហេតុដែលតាម ឧតុនិយមកូរ៉េខាងត្បូង ជាកម្រិតខ្ពស់បំផុត បើគិតក្នុង ២៩ ឆ្នាំ ចុងក្រោយ។

ម៉ូស្គូ និង ព្យុងយ៉ាង ជាសម្ព័ន្ធមិត្តនឹងគ្នា តាំងពីសង្គ្រាមនៅកូរ៉េ (ពីឆ្នាំ ១៩៥០ ដល់ ១៩៥៣) បានចប់ទៅ។ ក្រោយពីរុស្ស៊ីបញ្ឆេះប្រតិបត្តិការយោធាពិសេស នៅអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ ២០២២ ប្រទេស​សម្ព័ន្ធមិត្តទាំងពីរ រឹតតែខិតចូល ជិតគ្នា។

កាលពីខែមិថុនា លោកវ៉្លាឌីមៀរ ពូទីន ត្រូវបានស្វាគមទទួលសែនអធិកអធម ដោយ លោក គីម ជុងអ៊ុន នៅក្រុង ព្យុងយ៉ាង ។ ជាលទ្ធផលនៃជំនួបកំពូលនោះ រដ្ឋបុសទាំងពីរបានចុះកិច្ចព្រមព្រៀងស្តីពី ការការពារ ប្រទេស ទៅវិញទៅមក៕   

ជាការកត់សម្គាល់ កូរ៉េខាងជើង ងាយរងណាស់ គ្រោះមហន្តរាយធម្មជាតិ ជាអាទិ៍ ទឹកជំនន់ និង ភាពរាំង ស្ងួត ដោយមកពីកង្វះរ៉ាំរ៉ៃនៃហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងមកពី ការកាប់បំផ្លាញព្រៃឈើគ្មានប្រណី ៕

Leave a comment