លោក ទៀ សីហា៖ មានមនុស្ស២នាក់ប៉ុណ្ណោះដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ១គ្រឿង

ប្រមុខ​ការ​ពារ​ជាតិ​កម្ពុជា អះអាង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ​ជន​រង​គ្រោះដែល​បាន​បាត់​ខ្លួន​ជាមួយ​ឧទ្ធម្ភាគ​ចក្រ ១​គ្រឿង​ ក្នុង​ពេល​ហ្វឺក​ហ្វឺន​ គឺ​មាន​ចំនួន​តែ​២​នាក់​ប៉ុណ្ណោះ មិនមែន​ចំនួន​៧នាក់​ដូច​ការ​ផ្សព្វ​ផ្សាយ​មួយចំនួន​នោះ​ទេ​។ ​ការ​ចេញ​មុខ​បញ្ជាក់​យ៉ាង​ដូច្នេះ​របស់  ​លោក​  ទៀ ​សីហា ​ធ្វើ​ឡើង ​នៅ​គ្រា​ដែល​ការ​បាត់​ខ្លួន​ឧទ្ធម្ភាគ​ចក្រ​យោធា ​១គ្រឿង​នេះ​ នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​។​​

នៅក្នុងពិធីរំឭកខួបលើកទី៣១ឆ្នាំ ការបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៤​ខែកក្កដានេះ នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា មានតែអ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់ ប៉ុណ្ណោះដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ១គ្រឿង កាលពីថ្ងៃទី១២ ​ខែកក្កដា។

បើតាម​ប្រមុខការពារជាតិ ការបាត់ទំនាក់ទំនងជាមួយឧទ្ធម្ភាគចក្រ ១គ្រឿង ដែលមានទិសដៅពីភ្នំពេញ ឆ្ពោះទៅថ្មដា និង ពីថ្មដា ឆ្ពោះពោធិ៍សាត់ និងពីខេត្តពោធិ៍សាត់ ត្រឡប់មកភ្នំពេញវិញនោះ ដោយសារអាកាសធាតុ មិនអំណោយផល។

លោក ទៀ សីហា អះអាងទៀតថា ឧទ្ធម្ភាគចក្រ របស់កងទ័ពអាកាសកម្ពុជា គឺតែងតែចេញហោះហើរជារៀងរាល់ថ្ងៃ ដើម្បីហ្វឹកហ្វឺន ជាពិសេសដើម្បីពិនិត្យមើលបច្ចេកទេស និងឧបរកណ៍ដែលធ្វើទំនើបកម្មលើវិស័យកងទ័ពអាកាស ដោយពេលខ្លះ ហោះហើរក្នុងរយៈចម្ងាយខ្លី និងពេលខ្លះហោះហើររយៈចម្ងាយ​ឆ្ងាយ​។

បើតាម​ក្រសួងការពារជាតិ ក្រុមការងារកងទ័ពជើងគោក និងជើងអាកាសមកពីបណ្តាកងឯកភាពពាក់ព័ន្ធកំពុងស្វះស្វែងរុករកឧទ្ធម្ភាគចក្រ ១គ្រឿង ប្រភេទ Z-9 ដែលបាត់ចេញពីរាដា ដែលទំនងជាធ្លាក់នៅតំបន់ភ្នំជួរក្រវាញ ក្នុងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា៕

Leave a comment