-
ក្រសួងការពារជាតិ៖ ម៉ោង ៧:៣១នាទី យោធាថៃ ប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា ក្នុងភូមិសាស្រ្តសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ


(បន្ទាយមានជ័យ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រាហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហោះរំលោភ ចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៖
– ម៉ោង ៧:៣១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា ក្នុងភូមិសាស្រ្តសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។
សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
-
តំណាងឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយគ្រួសារវីរកងទ័ព ១១៧គ្រួសារ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ


(កំពង់ស្ពឺ)៖ លោកបណ្ឌិត អ៊ុក កោសា ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ជាតំណាងលោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ស្ថិតនៅទីភូមិបន្ទាយខ្មែរ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយគ្រួសារវីរកងទ័ពទាំង ១១៧គ្រួសារ ស្ថិតនៅទីភូមិបន្ទាយខ្មែរ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ដោយមានការចូលរួមពីលោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពូមីង បងប្អូន ក្មួយៗ គ្រួសារវីរកងទ័ពសមរភូមិមុខជាច្រើនរូប។
លោក ឈួរ សុបញ្ញា បានលើកឡើងថា ជាការពិតណាស់ ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខទាំងទាហាន និងជនស៊ីវិលស្លូតត្រង់ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ ហើយត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាត បាត់បង់មុខរបរ បាត់បង់ចំណូល ជួបការលំបាកក្នុងជីវភាព ក្មេងៗអាក់ខានការសិក្សា ព្រមទាំងប្រឈមនឹងការលំបាកជាច្រើនផ្សេងទៀត។ ទុក្ខលំបាកទាំងនេះ គឺកាន់តែធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ពីគុណតម្លៃនៃសុខសន្តិភាព ដូច្នេះហើយសន្តិភាព គឺពិតជាមានតម្លៃណាស់ ដែលយើងទាំងអស់ត្រូវចូលរួមថែរក្សា និងការពារឱ្យខាងតែបានគ្មានអ្នកណាស្រឡាញ់សន្តិភាពជាងកម្ពុជានោះទេ ព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមជាច្រើន និងយល់ច្បាស់ពីផលវិបាកនៃសង្គ្រាម ហេតុដូច្នេះកម្ពុជាមានឆន្ទៈចង់បានបទឈប់បាញ់គ្នាជាបន្ទាន់ និងសន្តិភាពយូរអង្វែង។
លោកថាក្នុងស្ថានភាពតានតឹងចំពោះមុខ រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរការពារនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី ឆ្លើយតបទៅនឹងការឈ្លានពាន ដោយមិនអនុញ្ញាតឱ្យមានការរំលោភបំពានក្នុងឋានៈជារដ្ឋឯករាជ្យស្មើមុខស្មើមាត់ក្នុងតំបន់ និងលើឆាកអន្តរជាតិ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋភិបាល និងមានឆន្ទៈរួមគ្នាជាធ្លុងមួយ។
លោក អ៊ុក កោសា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លោកតែងតែយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ពូមីង បងប្អូនជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ។
លោកសូមឱ្យគ្រួសារវីរកងទ័ព ជនភៀសសឹក ប្រជាពលរដ្ឋទាំងអស់ដែលជាសមរភូមិក្រោយប្រមូលស្មារតីទាំងអស់គ្នា និងសូមប្រែក្លាយការឈឺចាប់នេះទៅជាភាពរឹងមាំ និងការរួបរួមគ្នាចំពោះមុខ ប្រជាពលរដ្ឋត្រូវរឹងមាំអាចរស់ដោយខ្លួនឯងបាន មន្រ្តីរាជការ អាជ្ញាធរត្រូវខិតខំប្រឹងប្រែងបំពេញការងារ សិស្សានុសិស្ស ប្រឹងប្រែងរៀនសូត្រ វិស័យឯកជនក៏ត្រូវប្រឹងប្រែងដូចគ្នា បើសិនជាយើងប្រឹងស្មើដៃគ្នា យើងនឹងខ្លាំងនៅពេលអនាគត។
អំណោយជាស្បៀងអាហារក្នុងមួយគ្រួសារៗទទួលបានរួមមាន៖ អង្ករ អំបុក, ទឹកត្រី, ទឹកសុីអុីវ, ត្រីខ, មុង ភួយ និងឧបត្ថម្ភថវិកាក្នុងមួយគ្រួសារទទួលបាន ៤០០,០០០រៀល ផងដែរ៕










-
អ្នកដែលពាក់ព័ន្ធនឹងការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកក៏ដូចជា ក្រុមមន្ត្រីកម្ពុជា គឺសុទ្ធតែបង្ហាញនូវទស្សនសុទិដ្ឋិនិយមថា


អ្នកដែលពាក់ព័ន្ធនឹងការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកក៏ដូចជា ក្រុមមន្ត្រីកម្ពុជា គឺសុទ្ធតែបង្ហាញនូវទស្សនសុទិដ្ឋិនិយមថា កម្ពុជាអាចនឹងទទួលលទ្ធផលវិជ្ជមាន នៅពេលបញ្ចប់ការចរចាជាមួយនឹងសហរដ្ឋអាមេរិក នៅលើកិច្ចព្រមព្រមព្រៀងពន្ធបដិការដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលខែនេះ ។
ដោយសារអាមេរិកជាទីផ្សារធំជាងគេ សម្រាប់វិស័យកាត់ដេរកម្ពុជានោះលទ្ធផលនៃការចរចានឹងអាចមានឥទ្ធិពលលើវាសនាវិស័យកាត់ដេរកម្ពុជា ហើយក៏អាចធ្វើអោយកម្ពុជាមានសេណារីយ៉ូផ្សេងៗ ដើម្បីឆ្លើយតបនឹងលទ្ធផលនោះ ។ រដ្ឋាភិបាលកំពុងដុតដៃដុតជើងជាខ្លាំង ដើម្បីរកវិធីក្នុងការត្រៀមចរចាជាមួយអាមេរិក ដើម្បីអោយការចរចានោះទទួលលទ្ធផលជាវិជ្ជមាន ។
តាមសេចក្តីប្រកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាដំណើការចរចានេះនឹងដំណើរការដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិក នាថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយភាគីកម្ពុជាដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប៉ុន្តែភាគីសហរដ្ឋអាមេរិកគេនៅមិនទាន់ដឹងថា ជានរណាឡើយ ។

ខាងភាគីសហរដ្ឋអាមេរិក អាចជាលោក ហៅវ័ត លូតនិក ( Howard Lutnick) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ឬអាចលោក ស្កុត ប៊ីសេន (Scott Bessent ) រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក ឬអាចអ្នកផ្សេងទៀតជាតំណាង ។
ក្រោយការជំនួបតាមអនឡាញ រវាងក្រុមមន្ត្រីកម្ពុជាជាមួយនឹងលោកស្រី សារ៉ាហ្វ អេល័មេន (Sarah Ellerman) អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រុមមន្ត្រីកម្ពុជា គឺពិតជាមានមោទនភាពចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ប៉ុន្តែគេនៅមិនទាន់ដឹងថា លទ្ធផលវានឹងទៅជាយ៉ាងណានៅឡើយ ។
អ្នកតាមដានសភាពព័ត៌មានទាក់ទងនឹងពន្ធបដិការម្នាក់បានឲ្យដឹងថា យើងសង្ឃឹម គឺត្រូវតែសង្ឃឹម ហើយបើគ្មានសង្ឃឹមតើយើងខំប្រឹងចរចាធ្វើអ្វី ។ ប៉ុន្តែមកដល់ពេលនេះ គ្មានប្រទេសណាមួយអាចរួចខ្លួនពីការដាក់ពន្ធបដិការនេះនៅឡើយទេ ។

លោកបានបញ្ជាក់ដោយមិនបញ្ចេញអត្តសញ្ញាណថា «តាំងពីរដ្ឋបាលលោក ដូណាល់ ត្រាំ អនុវត្តគោលនយោបាយពន្ធនេះនៅខែកុម្ភៈមក គ្មានប្រទេសណាមួយអាចទទួលការអនុគ្រោះពន្ធនេះឡើយ ។ ប្រទេស កាណាដា សហភាពអឺរ៉ុប ចិន ម៉ិកស៊ិក ហើយនៅអាស៊ាន ឃើញវៀតណាមក៏បានបើកការចរចាដែរ ប៉ុន្តែនៅមិនទាន់មានពន្លឺនៃលទ្ធផលនៅឡើយដែរ»។ លោកបានបន្តថា ជាទូទៅការចរចាវាស៊ីពេលនៅក្នុងការពិចារណា ។ ដូច្នេះ លទ្ធផលវានឹងចេញនៅក្រោយពេលដែលការពន្យារពេលអនុវត្តចូលជាធរមាននៅក្នុងរង្វង់ខែកក្កដា ខាងមុខនេះ ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងឆ្នាំ២០២៤ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម១០,១៨ ពាន់លានដុល្លារ កើនឡើង១១,២ភាគរយ ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក ក្នុងតម្លៃ៩,៩ពាន់លានដុល្លារកើនឡើង១១,៤ភាគរយ ខណៈអាមេរិកនាំចូលកម្ពុជាវិញ ក្នុងតម្លៃ ២៦៤,១៤ លានដុល្លារ ។ ចំណែកនៅត្រីមាសទីមួយ ដើមឆ្នាំ២០២៥នេះ កម្ពុជាបន្តដំណើរការនាំចេញទៅកាន់សហរដ្ឋអាមេរិកដដែលនៅក្នុងតម្លៃសរុបប្រមាណជា២,៤ពាន់លានដុល្លារកើនឡើងប្រមាណជា២២,២ភាគរយ ។
តាមស្ថិតិអាមេរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ដោយមានចំណែករហូតដល់ទៅ ជា ៣៥ ភាគរយឯណោះ នៃទំហំនៃការនាំចេញសរុបរម្លៃ ៦,៨ពាន់លានដុល្លារ ។
នៅក្នុងករណីដែលការចរចានោះមិនសម្រេចទៅតាមលទ្ធផលនៃការរំពឹងទុក វាអាចនឹងពិបាកសម្រាប់ឧស្សាហកម្មកាត់ដេរកម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះ ក្រៅពីរដ្ឋាភិបាលផ្ទាល់ មានព័ត៌មានថា ខាងរោងចក្រក៏បានខំប្រឹងប្រែងដែរដើម្បីការពាររោងចក្ររបស់គេកុំអោយបិទទ្វារ ។
ប្រភពដែលស្និទ្ធនឹងឧស្សាហកម្មកាត់ដេរមួយរូបបានបង្ហើបថា នៅក្នុងបណ្តារោងចក្រដែលការដេរនាំចេញទៅកាន់ទីផ្សារនៅសហរដ្ឋអាមេរិក មានការរុះរើគណគ្រប់គ្រង ដោយឃើញគេប្តូរអ្នកដែលមានបទពិសោធន៍ ដែលមានទំនាក់ទំនងល្អជាមួយនឹងទីផ្សារនៅគោលដៅផ្សេងៗមកជំនួស ។
ប្រភពដដែលនោះបានឲ្យដឹងថា នៅពេលនេះរោងចក្រដែលទទួលទីផ្សារនៅអាមេរិកហាក់កំពុងតែមាននិន្នាការនៅក្នុងការសម្រុកសង្វាក់ផលិតកម្ម ដើម្បីបញ្ចប់កុងត្រាដែលពួកគេមានពីអាមេរិក មុនពេលពន្ធនោះដល់ថ្ងៃកំណត់ ហើយក៏ដើម្បីទុកពេលបង្វែរគោលដៅទៅកាន់អ៊ឺរ៉ប និងទីផ្សារផ្សេងៗដូចជា នៅជប៉ុន កូរ៉េខាងត្បូង ជាដើម ។
ប្រភពដដែលបានបន្តថា ក្រៅពីនោះក៏មានរោងចក្រមួយចំនួនបានកំពុងតែចរចាសុំអោយអ្នកបញ្ជាទិញ រ៉ាប់រងថ្លៃពន្ធបដិការ នៅក្នុងការនាំចេញជំនួសពួកគេផងដែរ ។ ប្រភពដដែលបានបង្ហាញនូវក្តីរំពឹងថា ប្រសិនបើខាងរដ្ឋាភិបាលសម្របសម្រួល និងអាចបញ្ចុះថ្លៃភស្តុភាកម្ម បូកផ្សំ និងដាក់ចេញនូវកម្មវិធីអនុគ្រោះបន្ថែមទៀតឧស្សាហកម្មដែលចិញ្ចឹមកម្មករប្រមាណជា១លាននាក់ និងអ្នកដែលទទួលផលដោយប្រយោលជាច្រើនទៀតអាចទប់ទល់បាន ។ មកដល់ពេលនេះ កម្ពុជាត្រូវបានសហរដ្ឋអាមេរិក កំណត់យកពន្ធទំនិញក្នុងអត្រា ៤៩ភាគរយដែលជាកម្រិតខ្ពស់ជាងគេ ក្នុងតំបន់អាស៊ាន ប៉ុន្តែបច្ចុប្បន្នអនុវត្តត្រឹម១០ភាគរយ រហូតដល់រង្វង់ខែកក្កដា ។
ដូច្នេះ យើងរងចាំមើលលទ្ធផលទាំងអស់គ្នា ជាមួយនឹងក្តីសង្ឃឹមថា ការចរចាអាចទទួលលទ្ធផលល្អ ហើយឧស្សហកម្មកាត់ដេរនៅកម្ពុជានៅតែជាប្រភពដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងការងាររបស់ប្រជាជន៕
-
តម្លៃប្រេងធ្លាក់ចុះថែមទៀត ក្រោយប្រទេសOPEC បង្កើនផលិតកម្ម


ប្រេងកាត ៖ តម្លៃប្រេងកាតបានធ្លាក់ចុះថែមទៀតកាលពីថ្ងៃទី៥ឧសភា ដល់ជាង៣% ដោយសារការប្រកាសរបស់អង្គការបណ្ដាប្រទេសនាំប្រេងចេញOPEC បង្កើនផលិតកម្មសម្រាប់ខែមិថុនា ក្នុងពេលដែលតម្លៃប្រេងបានធ្លាក់ទាបបំផុតរួចមកហើយ។
នាព្រឹកថ្ងៃទី៥ឧសភានៅទីផ្សារប្រេងអាសីុតម្លៃប្រេងឆៅWTIអាមេរិក ក្នុង១ធុងធ្លាក់ថ្លៃ៣,៥%មកនៅត្រឹម៥៦,០៨ដុល្លារ។ ចំណែកតម្លៃប្រេងឆៅBRENT នៃសមុទ្រខាងជើងចុះថ្លៃ៣,៥%គឺ៥៩,១៧ដុល្លារក្នុង១ធុង។
កាលពីថ្ងៃទី៣ឧសភា ប្រទេសសមាជិកOPEC៨ប្រកាសថា ពួកគេនឹងបង្កើនផលិតកម្មប្រេងដល់៤១១.០០០ធុងក្នុង១ថ្ងៃនាខែមិថុនាគឺច្រើនជាងខែឧសភា ខណៈផែនការដំបូងគ្រោងបូមប្រេងត្រឹម១៣៧.០០០ធុងថែមទៀតតែប៉ុណ្នោះ។ ការធ្លាក់ថៃប្រេងខ្លាំងបែបនេះមកពីឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរបស់លោកដូណាល់ត្រាំ ដែលអាចឲ្យសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះ។
OPEC កំពុុងតែផ្លាស់ប្ដូរយុទ្ធសាស្ត្រ ហើយស្វែងរកចំណែកទីផ្សាររបស់ខ្លួនឡើងវិញ ក្រោយការកាត់បន្ថយផលិតកម្មអស់ពេលច្រើនឆ្នាំ។ នេះជាការលើកឡើងរបស់ពួកអ្នកវិភាគ៕

-
ពិតជាភ្ញាក់ផ្អើល មន្ត្រីជំនាញរកឃើញបង្គាចាក់ចាហួយ ដាក់លក់ក្នុងផ្សារលើ ខេត្តព្រះសីហនុ


ខេត្តព្រះសីហនុ ៖ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ បានរកឃើញបង្គា ចាក់ចាហួយ នៅស្តង់លក់គ្រឿងសមុទ្រ មួយកន្លែង ស្ថិតនៅផ្សារលើ ខេត្តព្រះសីហនុ ។
តាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានតែដឹងថា នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងស្តង់លក់គ្រឿងសមុទ្រ មួយកន្លែង ស្ថិតនៅផ្សារលើ ខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវករណីបង្គាចាក់ចាហួយ តាមបណ្តឹងរបស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត ដែលបានទិញយកទៅបរិភោគ ។
បន្ទាប់ពីបានធ្វើការសាកសួរម្ចាស់ទីតាំងលក់បង្គានោះ រួចមក គាត់បានទទួលសារភាពថា ខ្លួនពិតជាបានចាក់ចាហួយចូលក្នុងបង្គាពិតប្រាកដមែន ។
មន្ត្រីជំនាញ បានដកហួតបង្គាចំនួន ៥គីឡូក្រាម ដែលនៅសល់ក្នុងស្តង់លក់ រួចធ្វើការអប់រំណែនាំ ធ្វើការកិច្ចសន្យាហាមឃាត់ឱ្យម្ចាស់ទីតាំងបញ្ឈប់ការលក់បែបនេះបន្តទៀត បើពុំនោះទេ មន្ត្រី ក.ប.ប. នឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន។ ពិតជាមានភ្ញាក់ផ្អើលណាស់ នៅខេត្តមាត់សមុទ្រ ដែលសម្បូរទៅដោយគ្រឿងសមុទ្រស្រស់ៗ បែរជាមានបង្គា ចាក់ចាហួយ ដែលត្រូវហាមឃាត់ បង្កអោយប៉ះពាល់ដល់សុខភាពអ្នកបរបរិភោគ ទៅវិញ ៕






-
ជាងដែកម្នាក់ត្រូវបានខ្សែភ្លើ.ងឆ.ក់ធ្វើឱ្យបាត់បង់ជីវិត កំពុងតែបំពេញការងារ


ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ដែលជាជាងដែក ត្រូវបានខ្សែភ្លើ.ងឆ.ក់ បណ្តាលឱ្យបាត់បង់ជីវិត ខណៈដែលកំពុងតែបំពេញការងារបង្កឱ្យមានការភ្ញាក់ផ្អើល ដល់កម្មករធ្វើការជាមួយគ្នា និងសមត្ថកិច្ចជំនាញចុះពិនិត្យធ្វើកោសល្យវិច្ច័យ ។

ករណីជាងដែកឆ.ក់ខ្សែភ្លើងស្លា.ប់នេះបានកើតឡើង កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចការដ្ឋានសំណង់ ស្ថិតនៅក្នុងភូមិសេរីភ័ត្ត ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មន្ត្រីសមត្ថកិច្ចបាននិយាយឱ្យដឹងថា ស.ពយុវជនរងគ្រោះមានឈ្មោះ មាស ដារ៉ា អាយុ២១ឆ្នាំ មុខរបរជាងដែក រស់នៅក្នុងភូមិឬស្សីស្រុក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
មន្ត្រីសមត្ថកិច្ចបាននិយាយឱ្យដឹងថា ក្រោយពីបានទទួលបានព័ត៌មាន សេចក្តីរាយការណ៍រួចមកកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងផ្ទះរបស់ស.ពយុវជនរងគ្រោះ ។ ដោយចូលរួមពិនិត្យស.ពយុវជនរងគ្រោះមានវត្តមានលោកអធិការងទទួលផែនព្រហ្មទណ្ឌ
លោកនាយផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ លោកនាយរងផ្នែកជំនាញផងដែរ ។មន្ត្រីសមត្ថកិច្ចបានបន្តទៀតថា បើតាមការបំភ្លឺរបស់ឈ្មោះ អឿន គីមសេង ភេទប្រុស អាយ២០ឆ្នាំ រស់នៅភូមិមានជ័យ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលជាអ្នកធ្វើការជាមួយស.ពយុវជនរងគ្រោះ និង ជាអ្នកឃើញហេតុការបានបំភ្លឺរៀបរាប់ថា ពេលកំពុងបំពេញការងារក៏ស្រាប់តែយុវជនរងគ្រោះត្រូវបានខ្សែភ្លើ.ងឆ.ក់តែម្តង ពេលនោះរូបគេក៏បានស្រែកហៅក្រុមកម្មករដែលធ្វើការជាមួយគ្នាឱ្យជួយ និងបានរាយការណ៍ទៅសមត្ថកិច្ច ។
សមត្ថកិច្ចនគរបាលជំនាញពិនិត្យធ្វើកោសល្យវិច្ច័យមិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ស.ពយុវជនរងគ្រោះ គឺពិតជាបានឆ.ក់ចរន្តអគ្គិនី (ឆ.ក់ខ្សែភ្លើ.ង) បណ្តាលឱ្យស្លា.ប់ពិតប្រាកដមែន ។
មន្ត្រីសមត្ថកិច្ចនគរបាល ជំនាញបានបញ្ជាក់ថា ក្រោយពេលធ្វើការពិនិត្យកោសល្យវិច្ច័យលើស.ពយុវជនរងគ្រោះខាងលើរួចបានធ្វើកំណត់ហេតុ និងប្រគល់ស.ពជូនសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
-
អ្នករកស៊ីឡានជជុះនឹងយ៉ាប់ ខណៈអ្នកប្រើប្រាក់ងាកមកប្រើឡានថ្មី


ប្រជាជនកម្ពុជា កាន់តែច្រើនកំពុងងាកមកប្រើឡានថ្មី ហើយអាចធ្វើអោយទីផ្សារឡានជជុះនឹងបន្តធ្លាក់ចុះបណ្តើរ ដោយធ្វើបាបដល់អ្នករកស៊ីលក់ឡានជជុះ ។និន្នាការនេះ ត្រូវបានគាំទ្របន្ថែមទៀត ដោយសារតម្លៃឡានថ្មីនឹងអាចធ្លាក់ចុះជាបណ្តើរបន្ថែមទៀត ខណ:ដែលកម្ពុជាមានរោងចក្រដំឡើងរថយន្តថ្មីកាន់តែច្រើន ។ ពិសេស វត្តមាននៃរថយន្តចិន នៅលើបណ្តាញផ្លូវនានា នៅក្នុងប្រទេសទោះបីជាមិនអាចប្រៀបធៀបនឹងរថយន្តនានា ជាពិសេស គឺរថយន្តជប៉ុនបានមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបើធៀបនឹងពីមុន វត្តមានរបស់វាពិតជាមានការកើនឡើង ហើយបង្ហាញវត្តមានសឹងតែគ្រប់កន្លែង ។ នេះ គឺជាស្ថានភាពមួយ ដែលអាចនឹងធ្វើឲ្យទីផ្សាររថយន្តនៅកម្ពុជារង្គោះរង្គើផងដែរ ។
ស្របពេលដែលអ្នកកំពុងតែបើកបររថយន្តចិននានាបានទទួលស្គាល់ថា បើនិយាយអំពីបច្ចេកវិទ្យា ផាសុខភាព និងប្រណីតភាព គឺលែងនិយាយតែម្តង ។ រីឯតម្លៃវិញទៀតសោត ប្រសិនបើនិយាយអំពីប្រណីតភាព និងកម្រិតបច្ចេកវិទ្យាដែលបំពាក់នៅលើរថយន្តនោះ តម្លៃរថយន្តចិន គឺធូរថ្លៃធៀបនឹងរថយន្តយីហោរមកពីប្រទេសផ្សេងៗដូចជា ជប៉ុន អាមេរិក អង់គ្លេស អាល្លឺម៉ង់ ដែលធ្លាប់ជាប្រទេសចាស់ទុំខាងវិស័យឧស្សាហកម្មរថយន្ត ។
ប៉ុន្តែកង្វល់អំពីគុណភាពឡានចិន នៅតែបន្តមានក្នុងចិត្តប្រជាជនកម្ពុជា ។ ប្រជាជនកម្ពុជាបារម្ភថា ឡានចិនល្អមើលតែលើរូបរាង ហើយគុណភាពមិនអាចនឹងប្រៀបធៀបបានជាមួយរថយន្តជប៉ុន ឬរថយន្តផ្សេងទៀត ។
ពួកគេបានលើកឡើងថា អ្វីដែលអ្នកប្រើប្រាស់នៅកម្ពុជាកំពុងតែរង់ចាំមើលនោះ គឺភាពធន់របស់រថយន្តចិន ។ នៅក្នុងករណីដែលរថយន្តចិនទាំងនោះត្រូវបានគេប្រើប្រាស់៥ទៅ១០ឆ្នាំ ហើយភាពធន់របស់វា នៅតែមានស្ថានភាពប្រហាក់ប្រហែលនឹងរថយន្តយីហោមកពីប្រទេសដទៃនោះ ស្ថានភាពនៃទីផ្សារថយន្តនៅកម្ពុជា គឺពិតជាមានការប្រែប្រួលខ្លាំងមិនខាន ។
មកដល់ពេលនេះនៅលើផ្លូវសាធារណៈយើងឃើញថា រថយន្តយីហោជប៉ុន សូម្បីតែរថយន្តខ្លះផលិតតាំងពីឆ្នាំ១៩៩៥ នៅតែបន្តមានវត្តមាន ហើយត្រូវបានគេប្រើប្រាស់នៅឡើយនៅកម្ពុជាទោះបីជាមិនច្រើន ។ រថយន្តទាំងនោះ ទោះបីជាវាមានអាយុ៣០ឆ្នាំក៏ដោយ ក៏វានៅតែធន់ ហើយអាចបន្តប្រើប្រាស់បាន ។ និយាយអោយខ្លី ប្រជាជនកម្ពុជាជាច្រើន នៅតែបន្តជឿជាក់លើគុណភាពនៃឡានផលិតដោយក្រុមហ៊ុនជប៉ុន ។
សូមរង់ចាំមើលទាំងអស់គ្នា តើអនាគតនឹងទៅជាយ៉ាងណា ខណៈដែលកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ថ្មីៗនេះ ក្រុមហ៊ុនរថយន្តចិនមួយប្រភេទដែលកំពុងតែមានការគាំទ្រនៅកម្ពុជា គឺបានបើកដំណើរការសាងសង់រោងចក្រដំឡើងនៅកម្ពុជាបន្ថែមលើរថយន្តចិនពីមុនៗ ។ រោងចក្រនោះ គឺជារោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD របស់ចិនតែម្តង ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានចាប់ផ្តើមសាងសង់រោងចក្រដំឡើងរថយន្តនៅកម្ពុជាដោយមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្ថិតក្នុងខេត្តមាត់សមុទ្រភាគនិរតីនៃខេត្តព្រះសីហនុ ដោយមានទុនសរុបប្រមាណជា៣២លានដុល្លារ នៅលើផ្ទែដីសរុប១២ហិកតា ដែលអាចមានសមត្ថភាពដំឡើងរថយន្តបានដល់ទៅ១ម៉ឺនគ្រឿង នៅក្នុងមួយឆ្នាំ ។ តាមព័ត៌មាន ដែលគេបង្ហើបរោងចក្រនេះ អាចនឹងប្រតិបត្តិការដំឡើងនៅកម្ពុជា នៅក្នុងរង្វង់ខែវិច្ឆិកា ខាងមុខតែម្តង ។
នេះ គឺជារោងចក្រថ្មីមួយនៅកម្ពុជា ខណៈដែលកាលពីពេលថ្មីៗនេះ នៅពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមសម្ភោធរោងចក្ររថយន្តអាមេរិក គឺរថយន្ត Ford នៅស្រុកក្រគ ខេត្តពោធិសាត់ បានលើកឡើងថា កម្ពុជាមានរោងចក្រដំឡើងរថយន្តបានចំនួន៩ហើយ ដោយចម្រុះពោល គឺមានរថយន្តអាមេរិក ជប៉ុន ចិន ។
ជាមួយនឹងកំណើនរោងចក្រដំឡើងរថយន្តកាន់តែច្រើនបែបនេះវានឹងអាចធ្វើអោយតម្លៃរថយន្តថ្មីបន្តធ្លាក់ចុះ ហើយមនុស្សកាន់តែច្រើនមានលទ្ធភាពប្រើឡានថ្មី ។ ដូច្នេះ ឡានជជុះឬឡាន ដែលប្រើប្រាស់ហើយ ដែលនាំចូលពីក្រៅប្រទេសនឹងបន្តបាត់បង់ទីផ្សារនៅកម្ពុជាជាបណ្តើរ ៕
-
បាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់កាចជាងឆ្នាំមុន នៅរដូវវស្សាឆ្នាំនេះ


រដូវវស្សាដែលកំពុងតែបោះជំហានមកដល់នៅពេលនេះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គឺអាចកាចជាងឆ្នាំមុនដូច្នេះសូមជ្រាប ។ ការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បី ចែករំលែក និងការរំលឹកឲ្យប្រុងប្រយ័ត្ន ពីព្រោះអ្វីដែលនឹងកើត គឺ វាអាចគ្រោះថ្នាក់ដល់អាយុជីវិតយើងទាំងអស់គ្នា ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងបានឱ្យដឹងថា រដូវវស្សាឆ្នាំ២០២៥នេះ បរិមាណទឹកភ្លៀងមានខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អជាងឆ្នាំ២០២៤ ប៉ុន្ដែអ្វីដែលជាការគួរឲ្យកត់សំគាល់នោះគឺបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់អាចកើតឡើងច្រើនផងដែរ ។
នោះហើយគឺជារឿងដែលចាំបាច់យើងត្រូវតែដឹង ហើយលើកកម្ពស់ការបង្ការនិងត្រៀមខ្លួន។
សេចក្ដីជូនដំណឹងបានបញ្ជាក់លម្អិតពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវវស្សាចាប់ពីខែឧសភាដល់ខែតុលា ឆ្នាំ២០២៥ថា យោងលើការព្យាករណ៍ស្ដីពីស្ថានភាពវិវត្ដន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័រ បង្ហាញថា ចាប់ពីខែឧសភាបាតុភូតឡានីញ៉ានឹងថយចុះមកត្រឹម១០ភាគរយ ហើយបាតុភូតអែនសូឡើងដល់៨០ភាគរយ។ប្រភពដដែលបានសង្កត់ធ្ងន់ថា រដូវវស្សាឆ្នាំនេះអាចនឹងចាប់ផ្ដើមនៅក្នុងសប្ដាហ៍ទី១នៃខែឧសភា ឆ្នាំ២០២៥ ដែលលឿនជាងឆ្នាំ២០២៤ រីឯបរិមាណទឹកភ្លៀងនៅខែឧសភាដល់ខែមិថុនា មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ ហើយចាប់ពីខែកក្កដាដល់ខែសីហា បរិមាណទឹកភ្លៀងក៏ មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ ដោយឡែកនៅចុងរដូវវស្សាពីខែកញ្ញាដល់តុលា បរិមាណទឹកភ្លៀងមានកម្រិតខ្ពស់ជាងឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។
ចំពោះស្ថានភាពអាកាសធាតុបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ សូមយកចិត្ដទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ដែលអាចកើតមានច្រើន។
បាតុភូតរន្ទះនេះសាហាវ។ នៅពេល វាកើតមានឡើងម្តងៗមិនថាជីវិតមនុស្ស និងសត្វនោះទេ នឹងអាចស្លាប់និងរបួស ។ ជាក់ស្តែងកាលពីឆ្នាំ២០២៤កន្លងទៅ គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរាយការណ៍ថា បាតុភូតរន្ទះនេះវាបានសម្លាប់ជីវិតមនុស្សសរុបដល់ទៅ ៦៨ នាក់ និងរបួស៥០ នាក់ រីឯខ្យល់កន្ត្រាក់នោះសម្លាប់មនុស្ស៧ នាក់ ។ ក្រៅពីត្រូវប្រុងប្រយ័ត្ននឹងបាតុភូតផ្គរន្ទះ ខ្យល់កន្ត្រាក់ហើយនោះ យើងក៏គួរប្រយ័ត្នដែរអំពីបញ្ហាទឹកជំនន់។
ក្រសួងមិនបាននិយាយចំៗអំពីបញ្ហាទឹកជំនន់ទេ ប៉ុន្តែបញ្ជាក់ថា របាយទឹកភ្លៀងអាច មានច្រើន ដូច្នេះករណីគ្រោះដែលងាយនឹងប្រឈមមុខនឹងស្ថានភាពអាកាសធាតុបែបនេះបំផុតគឺ ទឹកជំនន់ ។ កាលពីឆ្នាំទៅ កម្ពុជាពិតជាសំណាងមែនទែន។ ទោះបីជាគ្រោះទឹកជំនន់វាបានកើតមានឡើងជុំទិស គឺទាំងវៀតណាម ទាំងឡាវ និង ថៃ ប៉ុន្តែកម្ពុជាបានរួចខ្លួន ។
កម្ពុជារងគ្រោះដែរ ប៉ុន្តែគ្រាន់តែជាជំនន់ទឹកភ្លៀងធម្មតា ឫតូចតាចមិនបង្កគ្រោះមហន្តរាយធំដុំដូចជាប្រទេសជិតខាងនិងប្រទេសនៅក្នុងតំបន់ឡើយ។ ប៉ុន្តែធម្មជាតិពិបាកព្យាករណ៍ ដូច្នេះ ការប្រុងប្រៀបរៀបចំផែនការ និងសកម្មភាពសម្រាប់ឆ្លើយតបគួរតែរួចរាល់ ដើម្បីបង្ការនិងកាត់បន្ថយផលប៉ះពាល់ពីធ្ងន់ធ្ងរមកមធ្យម ពីមធ្យមមកស្រាល ពីស្រាលមកអត់មាន។
សង្ឃឹថា កម្ពុជានឹងមិនប្រឈមបញ្ហាអ្វីធំដុំនៅក្នុងរដូវវស្សានេះឡើយ ហើយគ្រោះធម្មជាតិទាំងអស់នឹងមិនមកបៀតបៀនប្រជាជនកម្ពុជាយើងឡើយ៕

-
ឆេះតូបអាជីវករខ្មែរនៅផ្សាររុងក្លឿទៀតហើយ


ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យបានលេបត្របាក់តូបលក់ខោអាវទាហានអស់១តូប ដែលធ្វឱ្យតូបនៅជុំវិញភ័យស្លន់ស្លោ នាំគ្នាជញ្ជូនខោអាវចេញក្រៅ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នៅផ្សាររុងក្លឿ ស្ថិតក្នុងភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ។

នៅពេលពេលមានហេតុការណ៍នេះ តូបអាជីវករខ្មែរនៅផ្សាររុងក្លឿប្រទេសថៃ ឃើញវត្តមានឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទចូលរួមសហការជាមួយកម្លាំងថៃ ជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ ។

អាជីវករបានប្រាប់ថា ភ្លើងបានឆេះតូបលក់ខោអាវអាជីវករខ្មែរនៅផ្សាររុងក្លឿប្រទេសថៃ ចំណុចផ្សារ(អ.ប.ច អគារ ខ.ខ្វាយ៤)នេះ គេឃើញរថយន្តពន្លត់អគ្គិភ័យប្រមាណជិត១០គ្រឿង និងកម្លាំងចុះជួយអន្តរាគមន៍ជាច្រើននាក់ ខណៈពេលបាញ់ទឹកពន្លត់បណ្តើរ អាជីវករដែលលក់ដូរនៅតូបក្បែរគ្នា បានជញ្ជូនខោអាវចេញពីតូបការពារខ្លាចឆេះរាលដាលដល់ ។

អាជីវករវបញ្ជាក់ថា តូបអាជីវករខ្មែរដែលឆេះអស់១ខ្នងនេះ លក់សម្លៀកកបំពាក់ខោអាវយោធាថ្មី ជាឯកសណ្ឋានកងទ័ពខ្មែរ បានរងការខូចខាតអស់ស្ទើរទាំងស្រុង ។ អគ្គិភ័យឆេះតូបនេះ ត្រូវបានគេរកឃើញថា បង្កដោយការឆ្លងចរន្តអគ្គិសនីឆេះផ្នែកខាងលើឡៅតឿ ហើយបានរាលដាលមកក្រោម តែត្រូវជួយអន្តរាគមន៍ពន្លត់បានទាន់ពេល មិនរាលដាលបន្ត តែទំហំនៃការខូចខាតមិនទាន់បានដឹងនៅឡើយទេ ។

អាជីវករខ្មែរបានបញ្ជាក់ថា ចំណុចដែលអគ្គិភ័យឆេះតូបអាជីវករខ្មែរនេះ បានជួលតូបលក់ដូរ១តូប១ខែតម្លៃជាង១ម៉ឺនបាត ដែលបច្ចុប្បន្ននេះ មានតែអ្នកលក់មិនសូវមានអ្នកទិញទេ ។ កន្លងមកផ្សាររុងក្លឿ តែងត្រូវបានអគ្គិភ័យឆេះជារឿយៗ ភាគច្រើនឆេះពេលយប់ នៅពេលម្ចាស់មិននៅ ដោយចូលមកកាន់ក្រុងប៉ោយប៉ែតជាទម្លាប់ ។

ដោយសារតែអគ្គិភ័យតែងកើតមានជារឿយៗនៅផ្សាររុងក្លឿនេះ បានធ្វើឱ្យអាជីវករខ្មែរមួយចំនួនធ្លាក់ខ្លួនក្រ ព្រោះតែត្រូវប្រឈមនឹងការរកប្រាក់បង់ធនាគារផង ប៉ុន្តែទោះបីជាបែបណា អាជីវការខ្មែរទាំងនេះ មិនបានគិតថា វិលមកលក់នៅលើទឹកដីខ្មែរវិញនោះទេ ៕





-
ថៃចា.ប់មនុស្ស៤នាក់ដែលទទួលខុសត្រូវការបាក់អគារនៅថ្ងៃរញ្ជួយដី


ទីក្រុងបាងកក៖ ថ្មីៗនេះ សមត្ថកិច្ចថៃចាប់ខ្លួនថៅកែជនជាតិចិន និងអ្នកជាប់ពាក់ព័ន្ធដទៃទៀតសរុប៤នាក់ដែលទទួលខុសត្រូវនៅក្នុងសំណុំរឿងបាក់រលំអគារកំពុងសាងសង់នៅពេលមានហេតុការណ៍រញ្ជួយដីនៅមីយ៉ាន់ម៉ា និងថៃកាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅនេះ។ ឆ្លងកាត់ការធ្វើអធិការកិច្ចពីនាយកដ្ឋានស៊ើបអង្កេត អាជ្ញាធរចាត់ទុកថាសំណុំរឿងបាក់អគារសវនកម្មថ្មីរបស់ថៃដែលមានកម្ពស់៣០ជាន់កំពុងសាងសង់នោះមានលក្ខណៈពិសេសដែលត្រូវការស៊ើបអង្កេតដ៏ទូលំទូលាយ។
អាជ្ញាធរបានបង្កើតក្រុមការងារពិសេសមួយដើម្បីស៊ើបអង្កេតថាតើនរណាខ្លះមានចំណែកទទួលខុសត្រូវនៅក្នុងរឿងនេះ និងប្រមូលភស្តុតាងមួយចំនួននៅលើទីតាំងជាច្រើនកន្លែង។ បន្ទាប់ពីប្រមូលបានភស្តុតាងគ្រប់គ្រាន់ហើយ នាយកដ្ឋានស៊ើបអង្កេតខាងលើក៏ស្នើសុំទៅតុលាការដើម្បីចេញដីកាចាប់ខ្លួនមនុស្សទាំង៤នាក់នោះ។ កាលពីថ្ងៃទី១៩ ខែមេសា សមត្ថកិច្ចខាងស៊ើបអង្កេតបានតាមដានលោកសាង (Zhang) ទៅដល់សណ្ឋាគារមួយកន្លែងនៅបាងកក និងចាប់ខ្លួនគាត់។
មុនដំបូង គាត់មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងស្នើសុំរកអ្នកបកប្រែម្នាក់ដែលបំពេញតួនាទីជាអ្នកប្រឹក្សាផ្នែកផ្លូវច្បាប់ផងដែរ។ ក្រោយមក លោកសាងត្រូវបាននាំខ្លួនចូលទីស្នាក់ការធំរបស់នាយកដ្ឋានស៊ើបអង្កេតដើម្បីសួរចម្លើយ។ មនុស្សបីនាក់ទៀតជាជនជាតិថៃដែលស្ថិតនៅក្នុងដីកាត្រូវចាប់ខ្លួនផងដែរ។ នៅថ្ងៃដដែលនោះម៉ោងប្រហែល៧ក្បាលព្រលប់ រដ្ឋមន្ត្រីយុត្តិធម៌ថៃ និងអគ្គនាយកនៃនាយកដ្ឋានស៊ើបអង្កេតបើកសន្និសីទសារព័ត៌មាននិយាយពីការចាប់ខ្លួនលោកសាង។
អាជ្ញាធរអះអាងថារហូតមកដល់ពេលនេះ ករណីបាក់រលំអគារសវនកម្មថ្មីដែលកំពុងសាងសង់នោះបានសម្លាប់មនុស្ស៤៧នាក់។ លទ្ធផលស៊ើបអង្កេតបឋមបង្ហាញថាជនជាតិថៃទាំងបីនាក់នោះជាអ្នកឈរឈ្មោះឱ្យគេជំនួសឱ្យអ្នកដេញថ្លៃជាជនជាតិបរទេស។ ដូច្នេះ ទង្វើនេះខុសនឹងច្បាប់របស់ប្រទេសថៃ។ តាមរយៈការស៊ើបអង្កេតទៅលើចរន្តសាច់ប្រាក់ អាជ្ញាធររកឃើញថាមានការវេរប្រាក់លើសពី២ពាន់លានបាតជាប្រាក់កម្ចីពីថៅកែជនជាតិចិន។
សាច់ប្រាក់ទាំងនេះជួយសម្រួលឱ្យក្រុមហ៊ុនចិនអាចទទួលបានសិទ្ធិម៉ៅការសាងសង់។ ដូច្នេះ ធ្វើឱ្យមានមតិសង្ស័យថាអាចនឹងមានអំពើឃុបឃិតគ្នាខុសច្បាប់នៅក្នុងការដេញថ្លៃម៉ៅការសាងសង់។ ឥឡូវនេះ អាជ្ញាធរកំពុងផ្ដោតសំខាន់ទៅលើចំណុចសំខាន់ៗដើម្បីចង់ដឹងថាតើមានការឃុបឃិតគ្នាខុសច្បាប់នៅក្នុងការដេញថ្លៃម៉ៅការសាងសង់ដែរឬទេ និងចង់ដឹងថាតើគ្រឿងសម្ភារៈសម្រាប់សាងសង់ដូចជាដែក និងស៊ីម៉ង់ត្រឹមត្រូវតាមស្តង់ដារដែរឬទេដើម្បីធានាគុណភាពសំណង់។
ហេតុនេះ សមត្ថកិច្ចខាងស៊ើបអង្កេតកំពុងពិនិត្យមើលឡើងវិញទៅលើប្លង់សាងសង់អគារ, ការគ្រប់គ្រងគម្រោងសាងសង់ និងការពិនិត្យផ្ទៀងផ្ទាត់គម្រោងសាងសង់។ អាចនឹងមានការក្លែងបន្លំហត្ថលេខារបស់វិស្វករ និងអ្នកគ្រប់គ្រងគម្រោងសាងសង់។ សមត្ថកិច្ចមួយក្រុមទៀតកំពុងស៊ើបអង្កេតសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងការធ្វេសប្រហែសបណ្ដាលឱ្យស្លាប់មនុស្ស និងបាត់ខ្លួនជាច្រើននាក់ទៀត។ រដ្ឋមន្ត្រីយុត្តិធម៌ថៃបញ្ជាក់ថានាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលកំពុងចាត់ការសំណុំរឿងនេះដោយយកចិត្តទុកដាក់ដើម្បីធានាថាការស៊ើបអង្កេត និងការចាត់ការទៅតាមផ្លូវច្បាប់ធ្វើឡើងដោយតម្លាភាព និងយុត្តិធម៌៕
