
រាជធានីភ្នំពេញ ៖ សង្ស័យឆ្លងចរន្តអគ្គិសនីបង្កជាអគ្គីភ័យឆាបឆេះប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ ខណ្ឌបឹងកេងកង បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពន្លត់ នៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៣ខែមិនាឆ្នាំ២០២៥ ក្នុងទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ ផ្លូវ១៤៣សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គឺមានកម្លាំងសមត្ថកិច្ចបានប្រការនៅក្នុងប៉ុស្តិ៍ខាងលើ ស្រាប់តែពេលកើតហេតុមានការដាច់ភ្លើងនៅក្នុងប៉ុស្តិ៍ ហើយពួកគាត់សង្ស័យស្មានតែដាច់ភ្លើងទាំងអស់ ក៍ចេញរកមើលស្រាប់តែមានផ្សែងហុយខ្មួលខ្មាញ់ ចេញពីបន្ទប់លោកនាយប៉ុស្តិ៍ ដែលបានចាក់សោចេញទៅក្រៅបាត់ ។
ប្រភពដដែលបានបន្តទៀតថា ដោយឃើញសភាពផ្សែងហុយខ្មួលខ្មាញ់ខ្លាំងពេក ហើយណាមួយបន្ទប់ដែលឆាបឆេះមានផ្សែងហុយខ្មួលខ្មាញ់ ធ្វើអីមិនកើត ពួកគាត់បានរាយការណ៍សុំជំនួយពីរថយន្តពន្លត់អគ្គីភ័យអោយមកជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។
ករណីនេះផងដែរបន្តិចក្រោយមកក៍មានរថយន្ដការិយាល័យនគរបាលបង្កការពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញអន្តរាគមន៍ចំនួន៧គ្រឿងនិងបានធ្វើការបាញ់ពន្លត់១៤រថយន្តធ្វើអោយភ្លើងរលត់ទៅវិញនៅវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃដដែល ។
ពាក់ពន្ធ័ហេតុការណ៍នេះសមត្ថកិច្ចបានអោយដឹងថា មិនមានគ្រោះថ្នាក់ដល់មនុស្ស និងរាល់ដាលដល់ផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋណានោះទេហើយ គ្រាន់តែឆេះបន្ទប់ ទំហំ០៤ម៉ែត្រ X០៤ម៉ែត្រ ចំនួន ០១បន្ទប់ រួមមានម៉ាស៊ីនថតអត្តសញ្ញាណប័ណ្ឌចំនួន ០១គ្រឿង, កុំព្យូទ័រចំនួន ០១គ្រឿង រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ។ ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កអោយការឆាបឆេះបែបនេះ ៕








