
រាជធានីភ្នំពេញ ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ទីរវប្បធម៌ វិចិត្រសិល្បៈ រាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវរៀបចំ “សង្ក្រាន្តវត្តភ្នំ” ២០២៥ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នាឆ្នាំម្សាញ់ ឆ្នាំ២០២៥នេះ ឱ្យបានល្អបំផុត ដោយសារថា «សង្ក្រាន្ដ» នេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកអរូបីយ៍ ។
ការណែនាំបែបនេះ របស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើឡើងនារសៀលថ្ងៃទី២០ មីនានេះ ខណៈលោកបានអញ្ជើញជាអធិបតីតំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ “សង្ក្រាន្តវត្តភ្នំ” ២០២៥ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ខាងមុខនេះ នៅសាលារាជធានីភ្នំពេញ ។
លោក កើត ឆែ បានមានប្រសាសន៍ថា ថ្មីៗនេះមានបណ្តាញសង្គមមួយនោះ បានចុះផ្សាយព័ត៌មានខុសពីការពិត ដោយថា «ភ្នំពេញដូនពេញ ក្លាយជាទីកន្លែងសក្ការៈរបស់យួនហើយ»។ ការបង្ហោះ នូវព័ត៌មានក្លែងក្លាយខុសពីការពិតនេះ ពួកគេធ្វើឡើង ដើម្បីបំផ្លាញជាតិរបស់យើង ។
លោកបញ្ជាក់ថា ៖ ពួកអគតិ តែងតែប្រឆាំងនៅពេល ដែលពួកគេបានដឹងថា រាជរដ្ឋាភិបាលបង្កើតបាននៅសមិទ្ធផលធំៗជូនជាតិ។ ជាក់ស្តែងពេលនេះ រាជរដ្ឋាភិបាលរបស់យើងកំពុងរៀបចំ «សង្ក្រាន្ដ»នេះដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកអរូបីយ៍ ទើបពួកគេបង្កើតឱ្យមានជាព័ត៌មានក្លែងក្លាយខុសពីការពិតនេះឡើង។ ដូចច្នេះទេ សូមឱ្យទាំងអស់គ្នារៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ខាងមុខនេះឱ្យបានល្អបំផុត ។
“សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ មានរយៈពេល ០៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ហើយក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ “សង្ក្រាន្តវត្តភ្នំ”នេះ បានលើកឡើងពីការរៀបចំជាកន្លែងទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញឧបករណ៍តន្ត្រីបុរាណជាដើម។ បន្ថែមពីនេះ កិច្ចប្រជុំនេះ ក៏បានលើកឡើងពីការគិតគូរលើការជួសជុលសួនកុមារ ជួសជុលនាឡិកាជួសជុលរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តុបតែងភ្លើងបន្ថែមទាំងនៅខាងក្នុង និងខាងក្រៅរមណីយដ្ឋានវត្តភ្នំ និងតំបន់ជុំវិញវត្តភ្នំ ។
បន្ថែមពីនេះ “សង្ក្រាន្តវត្តភ្នំ” ក៏នឹងត្រូវភ្ជាប់ជាមួយផ្លូវថ្មើរជើង (Walk Street) ភ្នំពេញផងដែរ ពោលគឺផ្លូវថ្មើរជើងនឹងបើកបន្តទៅដល់ទៅ៥ថ្ងៃ ដោយបន្ថែម៣ថ្ងៃ នៃថ្ងៃចូលឆ្នាំរហូតបញ្ចប់បុណ្យចូលឆ្នាំថ្មី ៕














