ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀត្រូវធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ២ថ្ងៃ នៅប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារទី១៨មិថុនា និងថ្ងៃពុធស្អែក។ ប៉ុន្តែ មុនធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង នៅថ្ងៃអង្គារនេះ មេដឹកនាំរុស្ស៊ី លោកពូទីនបាននិយាយកោតសរសើរកូរ៉េខាងជើងដែលបង្ហាញជំហរម៉ឺងម៉ាត់ គាំទ្រប្រតិបត្តិការយោធាពិសេសររបស់រុស្ស៊ីនៅអ៊ុយក្រែន។ នៅក្នុងលិខិតរបស់លោកពូទីន ដែលកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun ចុះផ្សាយនៅថ្ងៃអង្គារនេះ លោកពូទីននៅបានសន្យាបង្កើតយន្តការពិសេស ដើម្បីធ្វើការដោះដូរពាណិជ្ជកម្មនិងប្រព័ន្ធសន្តិសុខជាមួយកូរ៉េខាងជើង ដោយមិនឲ្យជាប់សំណាញ់ត្រួតពិនិត្យរបស់ប្រទេសលោកខាងលិច។ វត្តមានរបស់ប្រធានាធិបតីរុស្ស៊ី នៅប្រទេសកូរ៉េខាងជើងដែលទើបក្លាយជាមហាអំណាចនុយក្លេអ៊ែរបានធ្វើឲ្យលោកខាងលិច ជាពិសេសអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ ភ័យព្រួយបារម្ភ។

យន្តហោះដឹកលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីនបានចុះចតនៅទីក្រុងYakutsk នៅថ្ងៃអង្គារទី ១៨មិថុនានេះ មុននឹងបន្តដំណើរទៅទីក្រុងព្យុងយ៉ាង ជាទីដែលលោកពូទីន បំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅថ្ងៃអង្គារ និងថ្ងៃពុធទី ១៩មិថុនា ទៅតាមការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង។
ប៉ុន្តែ នៅមុនទៅដល់កូរ៉េខាងជើងទៅទៀត ប្រមុខរដ្ឋរុស្ស៊ីបានបន្លឺពាក្យកោតសរសើរទំនាក់ទំនងល្អប្រសើរជាង ៧ទសវត្សរ៍ រវាងប្រទេសទាំងពីរ។ ដោយធានាប្រាប់ព្យុងយ៉ាង ពីការគាំទ្រដោយឥតងាករេរបស់រុស្ស៊ីចំពោះកូរ៉េខាងជើង លោកពូទីនបាននិយាយសន្យាថា នឹងបង្កើតយន្តការថ្មីដែលនឹងអនុញ្ញាតឲ្យកូរ៉េខាងជើង និងរុស្ស៊ីអាចដោះដូរពាណិជ្ជកម្ម និងអនុវត្តកិច្ចព្រមព្រៀងស្តីពីសន្តិសុខរវាងប្រទេសទាំងពីរ ដោយមិនឲ្យជាប់សំណាញ់ត្រួតពិនិត្យ និងទណ្ឌកម្មអយុត្តិធម៌របស់លោកខាងលិច។
នៅក្នុងលិខិតផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងជើង ដែលកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun ចុះផ្សាយនៅថ្ងៃអង្គារទី ១៨មិថុនា លោកពូទីននៅបានថ្លែងអំណរគុណកូរ៉េខាងជើងដែលបង្ហាញជំហរគាំទ្រប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន។ ជាការតបស្នងវិញ លោកពូទីនបញ្ជាក់ថា មិនថា នៅអតីតកាល និងនៅថ្ងៃអនាគត រុស្ស៊ីគាំទ្រកូរ៉េខាងជើង និងប្រជាជនរបស់ប្រទេសនេះ នៅចំពោះមុខសត្រូវដ៏គ្រោះថ្នាក់ ប្រកបដោយល្បិចកល និងរំលោភឈ្លានពាន។
ដៃគូយុទ្ធសាស្រ្ត
នៅមុនលោកពូទីនផ្តើមទស្សនកិច្ចនៅកូរ៉េខាងជើង លោក គីម ជុងអ៊ុនកាលពីថ្ងៃពុធសប្តាហ៍មុនក៏បានអួត លើកតម្កើងទំនាក់ទំនងបងប្អូនរួមអាវុធ កូរ៉េខាងជើង រុស្ស៊ី ដែលចាប់មានតាំងពីសម័យសហភាពសូវៀត។
ទស្សនកិច្ចរបស់ប្រមុខរដ្ឋរុស្ស៊ី លោកពូទីននៅកូរ៉េខាងជើងធ្វើឡើងនៅ៩ខែក្រោយ ដែលមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនបានធ្វើដំណើរទៅទស្សនាមូលដ្ឋានអវកាសរុស្ស៊ី Vostotchny នៅក្នុងគោលបំណងចង់បានជំនួយបច្ចេកវិទ្យាពីរុស្ស៊ីដើម្បីផលិតអភិវឌ្ឍម៊ីស៊ីល និងផ្កាយរណបចារកម្មរបស់កូរ៉េខាងជើង។
នៅក្នុងរយៈពេល២៤ឆ្នាំចុងក្រោយ នេះជាលើកទី២ ដែលលោកពូទីនធ្វើដំណើរទៅប្រទេសកូរ៉េខាងជើង។ នៅពេលចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីជាលើកដំបូង លោកពូទីន ធ្លាប់ទស្សនកិច្ចលើកទី១ នៅព្យុងយ៉ាង នៅឆ្នាំ ២០០០ និងទទួលបានការរាក់ទាក់ពីអគ្គមគ្គុទេសក៍កូរ៉េខាងជើង លោកគីម ជុងអ៊ីល ដែលជាឪពុករបស់លោកគីម ជុងអ៊ុន។
បន្ថែមពីលើការពង្រឹងមិត្តភាពក្នុងកាលៈទេសៈដែលប្រទេសទាំងពីរដែលជាប់ទណ្ឌកម្មច្រើនជាងគេបំផុតក្នុងលោក កូរ៉េខាងជើង និង រុស្ស៊ីនៅត្រូវការគ្នាទៅវិញ ទៅមក នៅក្នុងការផ្គត់ផ្គង់ និងធានាសន្តិសុខ។
បើតាមលោក Sergei Markov មនុស្សជំនិតរបស់លោកពូទីន រុស្ស៊ីត្រូវការសព្វាវុធបន្ថែមពីកូរ៉េខាងជើង ពលករ ព្រមទាំងអ្នកស្ម័គ្រចិត្តកូរ៉េខាងជើងនៅក្នុងសមរភូមិប្រយុទ្ធអ៊ុយក្រែន។ ពីចំណែករបស់កូរ៉េខាងជើង ព្យុងយ៉ាងចង់បានផលិតផលរបស់រុស្ស៊ី ស្បៀងអាហារ និងជំនួយបច្ចេកវិទ្យារបស់រុស្ស៊ីសម្រាប់គោលដៅយោធា ដូចជាកម្មវិធីផលិតមីស៊ីលចម្ងាយឆ្ងាយ ដែលគេជឿថា កូរ៉េខាងជើងត្រូវការចាំបាច់ដើម្បីអាចវាយប្រហារដល់ដីអាមេរិក។
ប្រទេសនៅក្នុងតំបន់ ដូចជាកូរ៉េខាងត្បូង ជប៉ុន និងក្រុមប្រទេសលោកខាងលិចបានតាមដានទស្សនកិច្ចរបស់លោកពូទីន នៅកូរ៉េខាងជើង និងចាត់ទុកការពង្រឹងសម្ព័ន្ធភាព រុស្ស៊ី កូរ៉េខាងជើងថា ជាការគំរាមកំហែង និងគ្រោះថ្នាក់។
ចំពោះអគ្គលេខាធិការអង្គការអូតង់ ទស្សនកិច្ចរបស់លោកពូទីននៅកូរ៉េខាងជើងស្តែងឲ្យឃើញថា រុស្ស៊ីដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ បានរំលោភសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាដែលចែងពីការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។ នៅខែមីនាកន្លងទៅ លោកពូទីនបានផ្តល់អំណោយដល់មេដឹកនាំកូរ៉េខាងជើង តាមរយៈការលើកដៃវេតូប្រឆាំងនឹងគម្រោងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការពន្យារបេសកកម្មរបស់គណៈកម្មាធិការការអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើង។
អឺរ៉ុបផ្ទាល់ដែលឃើញ ភ្លើងសង្រ្គាមរុស្ស៊ីឈ្លានពាននៅជាប់មាត់របងរបស់ខ្លួន កាន់តែព្រួយបារម្ភដែលឃើញរុស្ស៊ីបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយ កូរ៉េខាងជើង ដែលអឺរ៉ុបបានចោទប្រកាន់ថា បានបញ្ចេញអាវុធគ្រាប់ផ្ទុះ គ្រាប់ប្លោងរាប់លានគ្រាប់ ពីក្នុងឃ្លាំងរបស់ខ្លួនដើម្បីបញ្ជូនទៅឲ្យរុស្ស៊ីយកទៅវាយប្រហារអ៊ុយក្រែន។ នៅសប្តាហ៍មុន មន្ទីបញ្ចកោនបានចោទប្រកាន់រុស្ស៊ីថា បានប្រើមីស៊ីលបាលីស្ទិកកូរ៉េខាងជើង ក្នុងសង្រ្គាមអ៊ុយក្រែន។
នៅសេតវិមាន អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ លោកJohn Kirby និយាយថា គេដឹងរួចទៅហើយថា នៅក្នុងទំនាក់ទំនងស្អិតល្មួតជាមួយកូរ៉េខាងជើង រុស្ស៊ីបានទទួលគ្រាប់ សព្វាវុធដើម្បីធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។ ប៉ុន្តែ អ្វីដែលធ្វើឲ្យគេរឹតតែព្រួយបារម្ភ គឺការខិតចូលជិតគ្នារវាងកូរ៉េខាងជើង និងរុស្ស៊ីនៅក្នុងការផ្ទេរបច្ចេកវិទ្យា និងការសហការសន្តិសុខរវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរនឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៅឧបទ្វីបកូរ៉េ និងក្នុងតំបន់៕
